អ្នក​ជំនាញ៖ ចិន​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង J-20 នៅ​អាស៊ី​ដើម្បី​ទប់ទល់​នឹង​យន្តហោះ​ចម្បាំង F-35 របស់​អាមេរិក

  • Ralph Jennings

រូប​ឯកសារ៖ ប្រទេស​ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ប្រភេទ J-20 នៅ​ក្នុង​ពិព័រណ៍​អាកាសចរណ៍​មួយ​នៅ​ទីក្រុង Zhuhai នៃ​ខេត្ត​ Guangdong កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

អ្នក​វិភាគ​ថា ចិន​បាន​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ធុនធ្ងន់​របស់​ខ្លួន​នៅ​ពី​លើ​សមុទ្រ​ជិតៗ​ដើម្បី​ទប់ទល់​នឹង​ការ​ចូលរួម​ផ្នែក​យោធា​របស់​សហរដ្ឋ​អាមេរិក​ដែល​កំពុង​តែ​កើន​ឡើង​នៅ​អាស៊ី។

យន្តហោះ​ចម្បាំងChengdu J-20 ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​ដាក់ពង្រាយ​នៅ​ភាគ​ខាង​ត្បូងប្រទេស​សម្រាប់​បេសកកកម្ម​នៅ​សមុទ្រ​ចិន​ខាង​ត្បូងនិង​សមុទ្រ​ចិន​ខាង​កើត​ព្រម​ទាំង​ជុំវិញ​កោះ​តៃវ៉ាន់​ផង​ដែរ។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​និង​របាយការណ៍​សារព័ត៌មាន​ពី​តំបន់​អាស៊ី។

​កាសែត​ Global Times ដែល​ជា​សារព័ត៌មាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន​បាន​សរសេរ​នៅ​លើ​គេហទំព័រ​ខ្លួនកាលពី​ថ្ងៃទី១៣ ខែមេសា​ថា យន្តហោះ​ចម្បាំង J-20 បាន​ចាប់​ផ្តើម​ «ការ​ហ្វឹកហាត់​ជា​ប្រចាំ» និង​ចាប់​ផ្តើម​ប្រយុទ្ធប្រឆាំង​នឹង​ល្បាត​នៅ​សមុទ្រ​ទាំង​ពីរ។ របាយការណ៍​នេះ​បាន​ដកស្រង់
​សម្តីលោក Ren Yukun ប្រធាន​ផ្នែក​វិន័យ​អធិការកិច្ច​និង​គ្រប់គ្រង​នៅ​ក្រុមហ៊ុន​សាជីវកម្ម​អាកាសចរណ៍​ចិន​ដែល​ជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​ចម្បាំង J-20។

លោក Gregory Poling នាយក​កម្មវិធីគំនិត​ផ្តួចផ្តើម​តម្លាភាព​កងទ័ព​ជើង​ទឹក​នៅ​អាស៊ី​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ​និង​យុទ្ធសាស្ត្រ​បាន​ថ្លែង​ថា៖ «ប្រហែល​ការណ៍​នេះ​មាន​ន័យ​ថា ចិន​អាច​តទល់​នឹង​សហរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​បញ្ហា​តៃវ៉ាន់​ឬ​សមុទ្រ​ចិន​ខាង​កើត»។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដែល​ធ្វើ​នាវាចរណ៍​កាត់​តាម​សមុទ្រ​មាន​ជម្លោះ​នៅ​អាស៊ី​ជា​ប្រចាំ​បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ចំនួន​២ទៅ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ខែមករា​កន្លង​ទៅ​នេះ។

សម្ពន្ធមិត្ត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក​រួម​មាន​អូស្ត្រាលី​ ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​បាន​ទិញ​យន្តហោះ​ចម្បាំង​ប្រភេទ F-35 សិង្ហបុរី​ក៏​នឹង​ទិញ​ផង​ដែរ ហើយ​ថៃ​ក៏​ប្រហែល​នឹង​ទិញ​ផង​ដែរ។ នេះ​បើ​យោង​តាម​របាយករាណ៍​របស់​វិទ្យុ​អាស៊ី​សេរី។

អ្នក​វិភាគ​និយាយ​ថា ការ​វិវឌ្ឍ​ពី​ខាង​សហរដ្ឋ​អាមេរិក​បែប​នេះ​បាន​ធ្វើ​ឱ្យ​ចិន​បើក​យន្តហោះ​ចម្បាំង​ប្រភេទJ-20 នៅ​ទីនោះ។ ក្រុម​មន្ត្រី​ចិន​ចាត់​ទុក​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​ធ្លាប់​ជា​គូប្រជែង​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ជា​គូប្រជែង​មហាអំណាច​ដែល​ចង់​ទប់ទល់​នឹង​ការ​ពង្រីក​អំណាច​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ជិត​ខាង។

រូប​ឯកសារ៖ រូបថត​ឯកសារ​ផ្តល់​ឱ្យ​ដោយ​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក​នេះ បង្ហាញ​យន្តហោះ​ចម្បាំង​ប្រភេទ F-35 Lightning II ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស Tyndall ក្នុង​រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។


ផ្ទៃ​ទឹក​មាន​ជម្លោះ

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចាត់​ទុក​ផ្ទៃ​ទឹក​ប្រមាណ​៩០% នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ ៣,៥​លាន​គីឡូម៉ែត្រ​ការ៉េ​ថា​ជា​របស់​ខ្លួន ដោយ​មាន​ការ​ប៉ះទង្គិច​ជាមួយ​នឹង​ការ​ទាមទារ​របស់​ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម​និងកោះ​តៃវ៉ាន់។

ចិន​និង​ជប៉ុន​មាន​ជម្លោះ​លើ​ផ្ទៃ​ទឹក​នៅ​សមុទ្រ​ចិន​ខាង​កើត។ ជប៉ុន តៃវ៉ាន់​និង​ហ្វីលីពីន​បាន​ចងសម្ព័ន្ធ​ជាមួយ​នឹង​សហរដ្ឋអាមេរិក។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​និយាយ​ថា សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវតែ​ស្ថិត​នៅ​ជា​ផ្លូវ​ទឹក​អន្តរជាតិ។

លោក Huang Kwei-bo សាស្ត្រាចារ្យ​រង​ផ្នែក​ការទូត​នៅ​សាកលវិទ្យាល័យ​ជាតិ Chengchi ក្នុង​ទីក្រុង​តៃប៉ិ​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «យ៉ាង​ហោច​ណាស់ ចិន​និយាយ​ថា សមុទ្រ​ចិន​ខាង​ត្បូង​ជា​របស់​ខ្លួន ខណៈ​ដែល​សម្រាប់​សហរដ្ឋអាមេរិក ខ្ញុំ​គិត​ថា សកម្មភាព​របស់​សហរដ្ឋ​អាមេរិក​គឺ​ជំរុញ​ឱ្យ​មាន​ការ​ប្រើប្រាស់​ជា​អន្តរជាតិ។ ចិន​មិន​ចង់​បាន​អ៊ីចឹង​ទេ។ ខ្ញុំ​គិត​ថា ភាគី​នីមួយៗ​កំពុង​បង្ហាញ [យន្តហោះ] ទាំង​នេះ​ឱ្យ​អ្នក​ផ្សេង​មើល​ និង​ដើម្បី​បង្ហាញ​ថា​តើ​ពួកគេ​មាន​អំណាច​ខ្លាំង​កម្រិត​ណា»។

លោក Jay Batongbacal សាស្ត្រាចារ្យ​រង​និង​ជា​នាយក​វិទ្យាស្ថាន​សម្រាប់​កិច្ចការ​សមុទ្រ​និង​ច្បាប់សមុទ្រ​នៅ​សាកលវិទ្យាល័យ​ហ្វីលីពីន​បាន​ថ្លែង​ថា យន្តហោះ​ចម្បាំងJ-20 អាច​អន្តរាគមន៍​បាន​យ៉ាង​លឿន​ក្នុង​ការ​ហោះហើរ​យោធា​របស់​ប្រទេស​នៅ​អាស៊ី​ផ្សេង​ទៀតដែល​មិន​សូវ​មាន​យន្តហោះ​ដែល​មាន​កម្លាំង​ខ្លាំង​បែប​នេះ។

លោក Batongbacal បាន​ថ្លែង​បន្តទៀត​ថា៖ «សម្រាប់​ចិន វា​មាន​សារៈសំខាន់​ណាស់ ដោយសារ​តែ​សមត្ថភាពនិង​រយៈ​ចម្ងាយ​របស់​យន្តហោះ​នេះ​នឹង​ជួយ​ឱ្យ​ខ្លួន​បង្កើត​វត្តមាន​កាន់​តែ​ឆ្ងាយនិង​កាន់​តែ​ស្ថិតស្ថេរ​នៅ​ក្នុង​លំហ​អាកាស»។

យន្តហោះ J-20 ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​យន្តហោះ​ចម្បាំង​យោធា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៩០ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុនChengdu Aerospace Corp. សម្រាប់​កងទ័ព​អាកាស​ចិន។ យន្តហោះ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​ទៅ​នឹង​យន្តហោះ​ចម្បាំងF-22 និង F-35 ដែល​ជា​យន្តហោះ​ចម្បាំង​លប​វាយប្រហារដែល​ផលិត​ឡើង​ដោយ​សហរដ្ឋអាមេរិក។

លោក Polingបាន​ថ្លែង​ថា សហរដ្ឋអាមេរិក​កំពុង​យក​យន្តហោះ​ចម្បាំង F-35 មក​ដាក់​នៅ​អាស៊ី​ «ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។ លោក​បាន​បន្ថែម​ថា យោធា​សហរដ្ឋ​អាមេរិក និង​ចិន​បាន​ក្លាយ​ជា​ «ដៃគូ​ដែល​មាន​កម្លាំង​ប្រហាក់ប្រហែល​គ្នា» ពាក់ព័ន្ធ​នឹង​សព្វាវុធ​បាញ់​ប្រហារ។

តៃវ៉ាន់ និង​វៀតណាម​កំពុង​ប្រុងប្រយ័ត្ន

លោក Huangបាន​ថ្លែង​ថា យន្តហោះ​ចម្បាំងJ-20 អាច​ចូលរួម​ជាមួយ​នឹង​យន្តហោះ​ចិន​ផ្សេង​ទៀត​ក្នុង​ការ​ហោះហើរ​ជា​ប្រចាំ​នៅ​ក្បែរ​តំបន់​ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់។

លោក Batongbacal បាន​ថ្លែង​ថា ពួកគេ​ប្រហែល​ជា​មិន​ទៅ​ឆ្ងាយ​នៅ​ភាគ​ខាង​ត្បូង​ដូច​នៅ​ប្រជុំ​កោះ Spratly Islands ដែល​មាន​ជម្លោះ​ខ្លាំង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ ដោយសារ​តែ​វា​មើល​ទៅ​ហាក់​ដូចជា «ការ​សម្លាប់» ដោយ​យោធា​ដល់​ប្រទេស​ទាមទារ​ផ្សេង​នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​យោធា​ទន់ខ្សោយ​ជាង​ចិន។

លោក Poling បាន​ថ្លែង​ថា ប្រទេស​វៀតណាម​ជា​ប្រទេស​ដែល​ទំនង​នឹង​ឃើញ​ការ​ហោះហើរ​ច្រើន​ជាង​គេ។ លោក​ថា យន្តហោះ​ចម្បាំងJ-20 អាច​នឹង​ជួយ​ដល់​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​ប្រជុំកោះ Paracel Islands នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ បណ្តុំ​កោះ​នេះ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​ចិន និង​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំង​ពី​ប្រទេស​វៀតណាម។ ប្រទេស​វៀតណាម​កាលពី​អតីតកាល​ជា​សម្ពន្ធមិត្ត​រុស្ស៊ី​មាន​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ខណៈ​ដែល​ចិន​ពង្រីក​អំណាច​របស់​ខ្លួន​ក្នុង​ដែន​សមុទ្រ។

លោក Nguyen Thanh Trung នាយក​មជ្ឈមណ្ឌល Saigon សម្រាប់​ការ​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និង​មនុស្សសាស្ត្រ​ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​តវ៉ា​ប្រឆាំង​នឹង​ការ​ពង្រាយ​អាវុធ​គ្រប់​ប្រភេទ​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​វា​មិន​បាន​ផ្លាស់ប្តូរ​ទង្វើ​របស់​ចិន​នោះ​ទេ»។

លោក​បាន​ថ្លែង​បន្តទៀត​ថា៖ «រដ្ឋាភិបាល​វៀតណាម​អាច​បកស្រាយ​ការ​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ទំនើប​ប្រភេទ J-20 ថា​ជា​មហិច្ឆតា​កាន់​តែ​ខ្លាំង​របស់​ចិន​ក្នុង​ការ​ទាមទារ​អធិបតេយ្យភាព​ដែល​ចិន​បាន​អះអាង​នៅ​ក្នុង​ដែន​អាកាស​នៅ​សមុទ្រ​ចិន​ខាង​ត្បូង»៕​

ប្រែសម្រួល​ដោយ​ ជឹង ​ប៉ូជីន