អ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងសុវត្ថិភាពឌីជីថល ក៏ដូចជាអ្នកប្រើប្រាស់មួយចំនួនបានបង្ហាញក្តីព្រួយបារម្ភចំពោះបញ្ហាឯកជនភាព និងទិន្នន័យផ្ទាល់ខ្លួន ប្រសិនបើពួកគេប្រើប្រាស់បណ្តាញសង្គមថ្មីផលិតដោយជនជាតិខ្មែរ ដែលមានឈ្មោះថាឃូលអេប (CoolApp) ជាប្រព័ន្ធសង្គម ដូចតេឡេក្រាមដែរ។
ប៉ុន្តែអតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យពលរដ្ឋប្រើប្រាស់បណ្តាញសង្គមថ្មីមួយនេះ ដែលផលិតដោយក្រុមហ៊ុនមួយគ្រប់គ្រងដោយម្ចាស់សារព័ត៌មាន Fresh News គឺលោក លឹម ជាវុត្ថា ដែលជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ ប្រាប់វីអូអេថា អ្នកប្រើប្រាស់បណ្តាញសង្គមនៅមានមន្ទិលនៅឡើយទាក់ទងនឹងការធានាសុវត្ថិភាព និងទិន្នន័យរបស់ខ្លួនកម្រិតណានៅក្នុងកម្មវិធីទំនាក់ទំនងថ្មី CoolApp នេះ។ លោកសំណូមពរទៅកាន់អ្នកប្រើប្រាស់គួរសិក្សាឱ្យបានស៊ីជម្រៅ មុនពេលប្រើប្រាស់ប្រព័ន្ធថ្មីនេះ។
លោកថ្លែងថា៖ «ពលរដ្ឋនៅមានមន្ទិលច្រើនដែរ ទាមទារឱ្យមានការស្រាវជ្រាវ និងសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់អំពីសុវត្ថិភាពក្នុងការប្រើប្រាស់ App (កម្មវិធី)។ អញ្ចឹងចំណុចហ្នឹងទាមទារឱ្យមានការស្វែងយល់ និងសិក្សាបន្ថែមទៅលើបញ្ហាទាំងអស់ទុកជាមុនសិន ដើម្បីជាទំនុកចិត្តសម្រាប់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់»។
ចំណែកលោក ស៊ឹង សែនករុណា អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គម និងជាអតីតមន្រ្តីម្នាក់នៃសមាគមអាដហុក លើកឡើងថាក្រោយមានការបំផុសឱ្យមានការទាញយក និងប្រើប្រាស់កម្មវិធីទំនាក់ទំនង CoolApp សារៈប្រយោជន៍សម្រាប់អ្នកប្រើប្រាស់មិនទាន់ត្រូវបានបង្ហាញនៅឡើយពីសំណាក់អ្នកបង្កើតកម្មវិធីនេះ រួមមានការធានាសុវត្ថិភាពអ្នកប្រើប្រាស់ ឯកជនភាព និងទិន្នន័យរបស់ពួកគេបានកម្រិតណានោះទេ។
លោកយល់ឃើញថាការប្រើប្រាស់កម្មវិធីណាមួយជាសិទ្ធិរបស់បុគ្គល ប៉ុន្តែអ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្ន ព្រោះក្នុងសម័យបច្ចេកវិទ្យា អ្នកប្រើប្រាស់ប្រព័ន្ធអនឡាញច្រើនប្រឈមនឹងការបាត់បង់ទិន្នន័យ ឬការចាញ់បោកក្នុងឧក្រិដ្ឋកម្មប្រព័ន្ធអនឡាញ។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំ ខ្ញុំយល់ថាគួរតែមានការប្រុងប្រយ័ត្ន ហើយApp ហ្នឹងបើសិនជាប្រើប្រាស់ក្នុងន័យជាផលប្រយោជន៍ដល់សាធារណជនគួរតែមានការបង្ហាញតម្លាភាពអំពីសារប្រយោជន៍ ការធានាចំពោះការប្រើប្រាស់ដល់អ្នកប្រើប្រាស់ ដើម្បីឱ្យពួកគេមានការជឿជាក់ និងមានអារម្មណ៍សុវត្ថិភាពក្នុងការប្រើប្រាស់ App (កម្មវិធី)ហ្នឹង»។
លោកសង្ឃឹមថាកម្មវិធីទំនាក់ទំនង CoolApp គួរបង្ហាញពីតម្លាភាព និងការធានាការប្រើប្រាស់ដល់អ្នកប្រើប្រាស់ដើម្បីឱ្យពួកគេមានសុវត្ថិភាពក្នុងប្រព័ន្ធអនឡាញ។
លោក ឡាំ សុជាតិ នាយកប្រតិបត្តិនៃវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ លើកឡើងថា អ្នកប្រើប្រាស់គួរសិក្សាអំពីក្រុមហ៊ុនដែលបង្កើតកម្មវិធីទាំងនោះ និងគួរយល់ដឹងពីកម្រិតឯករាជ្យភាពរបស់ស្ថាប័ន។ ប្រសិនបើក្រុមហ៊ុនឬស្ថាប័នដែលផលិតបណ្តាញសង្គមនោះជារបស់រដ្ឋាភិបាល ដូច្នេះវាអាចជាឧបករណ៍មួយដែលរដ្ឋាភិបាលអាចដឹងព័ត៌មានពីអ្នកប្រើប្រាស់ដោយងាយស្រួល។
ទោះជាយ៉ាងណា លោកថា ការបង្កើតឱ្យមានកម្មវិធីទំនាក់ទំនងថ្មីដែលជារបស់ខ្មែរជារឿងល្អ ប៉ុន្តែអ្វីដែលលោកព្រួយបារម្ភនោះ ថាតើកម្មវិធីទំនាក់ទំនង CoolApp នេះអាចការពារទិន្នន័យ និងឯកជនភាពរបស់អ្នកប្រើប្រាស់បានកម្រិតណា។
លោកថ្លែងថា៖ «ខ្ញុំគិតថា នៅក្នុងកាលៈទេសៈនេះ យើងលើកទឹកចិត្តឱ្យមានរបស់ប្រទេស ប៉ុន្តែយើងចៀសមិនផុតពីការព្រួយបារម្ភរឿងសុវត្ថិភាព ឯកសារផ្ទាល់ខ្លួន ទិន្នន័យផ្ទាល់ខ្លួន ឬក៏ការយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅប្រើក្នុងមុខងារផ្សេង»។
លោកយល់ថា កម្ពុជាមិនទាន់មានច្បាប់ការពារទិន្នន័យ សុវត្ថិភាពឌីជីថល ច្បាប់ទាក់ទងឧក្រិដ្ឋកម្មអ៊ីនធឺណិត (cyber crime) និងច្បាប់ទទួលបានព័ត៌មាននៅឡើយ។ លោកក៏សង្ឃឹមថា រដ្ឋាភិបាលនឹងបង្កើតឱ្យមានច្បាប់ការពារទិន្នន័យអ្នកប្រើប្រាស់ឱ្យបានពេញលេញ រួមមានការបង្កើតឱ្យមានច្បាប់ដែលមានស្តង់ដារជាអន្តរជាតិក្នុងការការពារសុវត្ថិភាពអ្នកប្រើប្រាស់អ៊ីនធឺណិត និងការការពារទិន្នន័យរបស់អ្នកប្រើប្រាស់។
ចំណែកលោក ជី សុផាត អ្នកស្រាវជ្រាវលើវិស័យបច្ចេកវិទ្យា និងជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ប្រាប់វីអូអេថាជាធម្មតា អ្នកប្រើប្រាស់ត្រូវពឹងទៅលើអ្នកបង្កើតកម្មវិធីទំនាក់ទំនងផ្ទាល់ថាអាចធានាសុវត្ថិភាពអ្នកប្រើប្រាស់ និងទិន្នន័យរបស់ពួកគេបានកម្រិតណា។
លោកបញ្ជាក់ថា៖ «ជាទូទៅការ hack [វាយប្រហារ] នៅក្នុង system [ប្រព័ន្ធ] ឬក៏វាយប្រហារនៅក្នុង system វាកម្រឃើញមានរូបភាពនេះកើតឡើងណាស់អាចថាជាចន្លោះប្រហោងរបស់កម្មវិធីទាំងអស់ហ្នឹង ហើយវាស៊ីសងទៅលើអ្នកអភិវឌ្ឍកម្មវិធីទាំងអស់ហ្នឹង»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក លឹម ជាវុត្ថា នាយកក្រុមហ៊ុន CoolApp និងជាអគ្គនាយកអង្គភាពសារព័ត៌មាន Fresh News បាននៅឡើយទេ។ ចំណែកលោក គឹម ម៉េង ជានាយកក្រុមហ៊ុនម្នាក់ទៀតបានស្នើអ្នកសារព័ត៌មានវីអូអេទាក់ទងទៅលោក លឹម ជាវុត្ថា វិញ។
កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានបញ្ជាក់ថាកម្មវិធីទំនាក់ទំនង CoolApp ជាកម្មវិធីដំបូងដែលបង្កើតឡើងដោយខ្មែរ ដែលមានស្តង់ដារអន្តរជាតិ និងត្រូវបានចំណាយពេលជាង៣ឆ្នាំក្នុងការបង្កើត។ លោកបន្ថែមថាកម្មវិធីនេះមានការធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ដែលអាចរក្សាទុកទិន្នន័យស្ថិតក្នុងលក្ខខណ្ឌរក្សាការណ៍សម្ងាត់ខ្ពស់ (Encryption) និងការពារសន្តិសុខជាតិដែលមិនអាចឱ្យបរទេសជ្រៀតជ្រែកយកព័ត៌មានរបស់កម្ពុជាបាន។
សម្រាប់អ្នកប្រើប្រាស់ដូចជាលោក ហុង សេងលី វិញប្រាប់វីអូអេថា លោកបានទាញយកកម្មវិធី CoolApp នេះមកប្រើប្រាស់តាំងពីថ្ងៃដែលត្រូវបានប្រកាសដំបូង ប៉ុន្តែលោកមិនទាន់បានទាក់ទងតាម App ថ្មីនេះនៅឡើយទេ។ លោកបន្តថា កម្មវិធីទំនាក់ទំនងថ្មីនេះនៅមិនទាន់មានការដំឡើងឱ្យមានភាពទំនើប និងទាក់ទាញដល់អ្នកប្រើប្រាស់នៅឡើយ។
ជុំវិញបញ្ហាឯកជនភាព និងទិន្នន័យ និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង វ័យ ២៩ ឆ្នាំរូបនេះ លើកឡើងថា បើទោះបីជាមានការធានាអះអាងអំពីប្រព័ន្ធរក្សាការសម្ងាត់សម្រាប់អ្នកប្រើប្រាស់ ក៏លោកនៅតែមានការព្រួយបារម្ភអំពីការលួចទិន្នន័យរបស់អ្នកប្រើប្រាស់យកទៅប្រើក្នុងគោលដៅមិនល្អណាមួយ។
លោកថ្លែងថា៖ «ប៉ុន្តែអ្វីដែលខ្ញុំមានការព្រួយបារម្ភនោះតើវាមានសុវត្ថិភាពដូចអ្វីដែលអះអាងដែរអត់ ពីព្រោះជាក់ស្តែងវាមានការគ្រប់គ្រងពីខាងរដ្ឋាភិបាលមួយចំនួន ហើយយើងដឹងហើយថាករណីនៃការប្រើប្រាស់កម្មវិធីមួយចំនួនដូចជាហ្វេសប៊ុកឥឡូវក៏មាន Encrypted Message [សារដែលត្រូវបានរក្សាការណ៍សម្ងាត់] ប៉ុន្តែក៏មានការលួចទិន្នន័យរបស់អ្នកប្រើប្រាស់ទៅប្រើប្រាស់នៅក្នុងគោលដៅដែលមិនល្អមួយចំនួន»។
លោកក៏សង្ឃឹមថាកម្មវិធីទំនាក់ទំនង CoolApp នេះនឹងពង្រឹងប្រព័ន្ធសន្តិសុខដោយមានមិនមានការចែកចាយមាតិកាមិនសមរម្យណាមួយដែលអាចប៉ះពាល់ដល់អ្នកប្រើប្រាស់ឡើយ។
បើតាមទិន្នន័យលើគេហទំព័រ Datareportal ក្នុងឆ្នាំ ២០២៣ កម្ពុជាមានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រមាណជា ៦៥% នៃប្រជាជនសរុប ហើយហ្វេសប៊ុកជាបណ្តាញសង្គមមួយ ដែលប្រជាជនកម្ពុជាប្រើប្រាស់ច្រើនជាងគេ ដោយមានជាង ៩០% នៃអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់៕