អ្នក​ជំនាញ​​​៖ ​ការបង្ហាញ​​​កុមារី​ម្នាក់​​​និង​មីស៊ីល​​​ដ៏​ប្រល័យ​​ជា​វិធី​​ដែល​​កូរ៉េ​ខាង​ជើង​បន្ត​របប​គ្រប់គ្រង

រូបឯកសារ៖ មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un និង​ភរិយា​របស់​លោក​អ្នកស្រី Ri Sol Ju និង​កូនស្រី Kim Ju Ae ចូលរួម​ក្នុង​ពិធី​ជប់លៀង​មួយ​នៅ​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៣។

គេ​បានឃើញ​កុមារី​ Ju Ae ដែល​ត្រូវ​ជឿ​ថាមានអាយុ១០ឆ្នាំ នៅក្នុង​ពេល​ពីរ​យប់​បន្ត​បន្ទាប់​គ្នានៅ​ក្នុងការប្រារព្ធ​ខួប​លើក​ទី៧៥​នៃ​ការបង្កើត​កងទ័ពប្រជាជន​កូរ៉េ (KPA)។

បណ្តាញព័ត៌មានរដ្ឋកូរ៉េខាង​ជើង​បាន​បង្ហាញ​ឱ្យ​ឃើញ​នាង​ Ju Ae ជាមួយលោក​ Kim និងម្តាយ​នាង​គឺ​លោកស្រី Ri Sol Ju ឈរនៅ​លើ​វេទិកាប្រកបដោយភ្លើងភ្លឺ​ចិញ្ចាចនៅ​ទីលាន​ Kim Il Sung ​កាលពី​យប់​ថ្ងៃទី៨ ​ខែកុម្ភៈនៅពេល​ព្យុហយាត្រា​យោធា​មួយ​ដែល​មាន​ការបង្ហាញ​ក្បួន​មីស៊ីល​ផ្លោងអន្តរទ្វីប ICBMs ​ធុន Hwasong-17 ចំនួន​១១គ្រឿង។​

នៅយប់មុន​ថ្ងៃ​នោះ​ នាង Ju Ae ​អង្គុយនៅ​ចន្លោះ​ឪពុកម្តាយ​នាងនៅ​ក្នុង​ពិធី​ជប់លៀងដ៏​សម្បូរ​ហូរហៀ​មួយ​មាន​ការចូលរួម​ដោយ​ពួក​ឧត្តមសេនីយ៍​យោធាជាន់ខ្ពស់។​

ពួកអ្នក​ជំនាញមាន​ជំនឿ​ថា​លោក Kim យក​កូនស្រី​លោក​ទៅ​កាន់ពិធី​ទាំង​នេះដើម្បី​ឱ្យ​ពិភពលោក​ដឹង​ថាសមិទ្ធិ​យោធា​របស់​លោកនឹង​ត្រូវ​ផ្ទេរទៅ​ឱ្យ​មនុស្ស​ជំនាន់បន្ត​បន្ទាប់​ដើម្បី​ធ្វើឱ្យ​ប្រាកដ​ប្រជាអំពីការរស់រានរបប​គ្រប់គ្រង​លោក​ច្រើន​ឆ្នាំ​បន្ត​ទៅទៀត។

សែស្រឡាយ Paektu

លោក Du Hyeogn Cha អ្នកស្រាវជ្រាវ​នៅវិទ្យាស្ថានAsanខាង​ការសិក្សាអំពី​គោល​នយោបាយក្នុង​ក្រុង​សេអ៊ូល បាននិយាយថា«លោក Kim បង្ហាញនិរន្តភាពនៃ​សែ​ស្រឡាយ​ភ្នំ Paektu»។

លោកបាន​និយាយទៀត​ថា​៖​«លោក Kim គូស​បញ្ជាក់ភាព​ជាមេដឹកនាំ​បីជំនាន់ដែល​បាន​បន្តពី​លោក Kim Il Sung ទៅលោក Kim Jong Il ហើយបន្ទាប់មកទៅ​ខ្លួន​លោក​ផ្ទាល់ ​ហើយ​នឹង​មាន​បន្ត​ទៅ​មនុស្ស​ជំនាន់​ទីបួនហើយ​នឹងមាន​ជានិរន្ត​តទៅទៀត»។

សន្តតិវង្ស​ Kim បានភ្ជាប់ខ្លួន​ជាមួយ​ភ្នំ Paektu ​ដែល​ជា​កន្លែង​ប្រភព​បែប​អធិធម្មជាតិនៃ​ប្រជារាស្ត្រ​កូរ៉េទាំងអស់ ​ពីព្រោះ​ជា​កន្លែង​ដែល​គេ​និយាយថា​អ្នក​បង្កើត​តាម​ជំនឿ​សាសនានៃ ​Dangun ​ដែល​ជាកូន​ជា​មនុស្ស​នៃ​អាទិទេព​មួយ​អង្គនិង​ខ្លាឃ្មុំមួយ​ក្បាល​ បាន​កើតនៅទី​នោះ​កាល​ពី​ឆ្នាំ២៣៣៣​មុនគ្រឹស្តសករាជ។ ភ្នំ​ជា​ទី​គោរព​នេះ​ឋិតនៅ​តាម​ព្រំដែនរវាងប្រទេស​កូរ៉េ​ខាងជើងនិង​ប្រទេស​ចិន។

របប​គ្រប់គ្រងនៃ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​និយាយ​អះអាង​ថាជីតា​លោក Kim Jong Un និងស្ថាបនិក​ប្រទេស​គឺលោក Kim Il Sung ​និង​ឪពុក​លោក​គឺ​លោក​ Kim Jong Il បានកើត​លើ​ភ្នំនេះ ​ជា​ផ្នែក​មួយ​នៃ​ការនិយាយ​ឃោសនា​ត្រូវធ្វើ​ឡើង​ដើម្បី​ធ្វើឱ្យគ្រួសារ Kim ​មាន​ទាក់ទិន​នឹង​ទេវកថា ​ទោះ​ជាលោក Kim Il Sung ​បាន​កើត​នៅ​ក្រុងព្យុងយ៉ាង​ហើយ​កូនលោក​គឺលោក Kim Jong Il ​បាន​កើត​នៅ​ក្រុង Khabarovsk ​ប្រទេសរុស្ស៊ី​ក៏​ដោយ។

លោក Michael Madden ជា​អ្នក​ជំនាញម្នាក់​អំពី​ថ្នាក់​ដឹកនាំប្រទេស​កូរ៉េខាង​ជើង​នៅ​មជ្ឈមណ្ឌល Stimson។ លោក​បាន​និយាយ​ថា៖​«នេះជា​សារ​មួយថា​គ្រួសារ Kim ​នឹង​កាន់​អំណាច​តទៅទៀត​ហើយ​នឹង​បន្ត​តំណែង​ទៅកាន់មនុស្ស​ជំនាន់​ទីបួន​»។ លោកបាន​បន្ត​ថាការ​បង្ហាញ​ខ្លួននាង Ju Ae ជា​សញ្ញាបង្ហាញ​ថា​នាង​«ជា​មនុស្ស​ម្នាក់នៃ​ពួក​មេដឹកនាំ​ប្រទេសជំនាន់​ទី​បួន»។

លោក Madden បានថ្លែង​ថា​លោក Kim ​កំពុង​ប្រឹងប្រែង​ភ្ជាប់អាវុធដែល​លោក​បាន​អភិវឌ្ឍទៅ​នឹង​ពួក​មេដឹកនាំ​ជំនាន់​ទី​បួន ​ដោយ​បន្ត​កេរ្តិ៍ដំណែល​នៃ​មីស៊ីល ICBMs ​ថ្មីៗ​ដែល​លោក​បាន​បាញ់កាលពី​ឆ្នាំ​ទៅ។

លោក Jong-Dae Shin ដែល​ជាសាស្ត្រាចារ្យនៃ​សាកលវិទ្យាល័យ​សិក្សា​អំពី​កូរ៉េខាង​ជើង​នា​ក្រុងសេអ៊ូលបាន​និយាយថា ​ប្រសិន​បើ​ការណ៍​នេះ​មិនមែន​ជា​សញ្ញា​បង្ហាញថា​លោក Kim មានអ្នក​បន្ត​តំណែង​ទេ​នោះ ​គឺកូរ៉េខាង​ជើងប្រឹងប្រែង​ទាក់ទាញ​ការយក​ចិត្ត​ទុកដាក់​ពី​ពិភពលោកដោយ​បង្ហាញ​រូបភាព​នៃក្មេង​ស្រី​នេះ​និង​មីស៊ីល។

លោក Shin បានថ្លែង​ថា«ផលធំបំផុត​»ដែល​កូរ៉េខាងជើង​បានធ្វើ​ដោយ​បង្ហាញ​នាង Ju Ae នៅ​ពិធី​យោធា​គឺ​«ទាក់ទាញការយក​ចិត្ត​ទុកដាក់នៅ​ក្រៅ​ប្រទេស​និង​ក្នុង​ប្រទេស»។

អ្នកបន្ត​តំណែង​ត​ពូជ

លោក Kim ​បានបង្ហាញ​ខ្លួន​នាង Ju Ae ​ដល់​សាធារណជនកាល​ពី​ថ្ងៃ​ទី១៨​ខែ​វិច្ឆិកា គឺជាក្មេង​ស្រី​តូច​ម្នាក់​ឈរ​នៅមុខមីស៊ីល ICBM ធុន Hwasong-17 ​ធំ​មួយ​គ្រឿងនៅ​កន្លែង​បង្ហោះ។ កូរ៉េ​ខាង​ជើង​បាននិយាយថាកងកម្លាំង​យុទ្ធសាស្ត្រ​របស់​ខ្លួន​បាន​ធ្វើ​តេស្ត​បាញ់​មីស៊ីល ICBM ​ប្រភេទ​ថ្មី​មួយ​ដោយ​ជោគជ័យនៅក្រោម​ការ​មើលការ​ខុស​ត្រូវ​របស់​លោក Kim។

នាងបានលេចមុខ​ទៀតនៅថ្ងៃចូល​ឆ្នាំ​ថ្មីដោយ​បានទៅ​មើល​រោងចក្រ​ផលិតមីស៊ីល​ផ្លោង​មួយដោយ​កាន់ដៃ​ឪពុក​នាង។​

នៅពេល​នេះ នាង Ju Ae បានបង្ហាញ​ខ្លួនជាសាធារណៈ​ប្រាំ​ដង​ហើយ នាំ​ឱ្យ​មាន​ការនិយាយស្មានៗ​ថា​លោក Kim ​រៀបចំ​ឱ្យ​នាងធ្វើ​ជា​អ្នកបន្ត​តំណែង​ពី​លោក។

លោក Seong-Chang Cheong ជា​នាយក​ដេប៉ាតឺម៉ង់​ខាង​ការសិក្សា​យុទ្ធសាស្ត្រនៃ​ការបង្រួប​បង្រួម​ជាតិ​នៃ​វិទ្យាស្ថាន Sejong។ លោក​បាននិយាយ​ថាការនិយាយ​យោង​ដោយបណ្តាញ​សារព័ត៌មាន​រដ្ឋដល់​នាង Ju Ae ថា​ជា​កូនស្រី«ជា​ទី​ស្រឡាញ់»​និង​«ជា​ទី​គោរព»​របស់​លោក​ Kim ​បញ្ជាក់​ថា​លោក Kim ​បាន​សម្រេចឱ្យ​កូនស្រី​លោក​រូបនេះ​ជា​អ្នក​បន្ត​តំណែង​ពី​លោក។

លោក Cheong បានថ្លែង​ថា«ពាក្យពេចន៍​ទាំង​នេះ​ត្រូវ​បានប្រើ​ដើម្បីពណ៌នាមេដឹកនាំ​កំពូល​បច្ចុប្បន្នគឺ​លោក​ Kim Jong Un ហើយការប្រើ​ពាក្យបែប​នេះដើម្បីនិយាយយោង​ដល់​នាង Ju Ae មានន័យ​ថា​នាង​ត្រូវ​បាន​សម្រេច​រួច​ហើយ​ឱ្យ​ធ្វើ​ជា​មេដឹកនាំ​ប្រទេស​កូរ៉េខាង​ជើង​នៅ​ពេល​បន្ទាប់ ​ក្រោយ​ឪពុកនាង»។

កុមារី​តូចនិង​មីស៊ីលធំៗ

លោក Won Gon Park សាស្ត្រាចារ្យ​ខាង​ការសិក្សា​អំពី​កូរ៉េ​ខាងជើង​នៅ​សាកលវិទ្យាល័យ​ Ewha Womans University ​នៅក្រុង​សេអ៊ូល​ មិន​យល់ថានាង Ju Ae ត្រូវ​បាន​ជ្រើសរើសជា​មេដឹកនាំ​ទេ។

លោក Park ​បានថ្លែង​ថា«របបគ្រប់គ្រងកូរ៉េខាងជើង​មិន​បាន​ចាត់​វិធានការ​ដោយ​ធ្វើ​ឱ្យ​មាន​អ្នក​បន្ត​តំណែង​ម្នាក់​ដោយ​អាថ៌កំបាំង​និងមាន​ការគោរព​ដូចជាអាទិទេព​ទេ ដែល​ជា​ធម្មតាមាន​មុន​ការ​បង្ហាញ​ខ្លួន​មេដឹកនាំ​ម្នាក់។ កូរ៉េខាងជើងបង្ហាញនាង Kim Ji Ae ដើម្បី​ជា​និមិត្តរូបនៃ​រូបភាពត្រចះត្រចង់​មួយ​នៃ​ជំនាន់​មនុស្ស​បន្តបន្ទាប់។

លោក Madden ​បាន​និយាយ​ថា​ទោះជា​នាង Ju Ae ត្រូវបាន​បណ្តុះបណ្តាល​ឱ្យ​ទៅ​ជា​មេដឹកនាំ​លើក​ក្រោយ​ឬ​មិន​ក៏​ដោយ ក៏មាន​លទ្ធភាព​ថា​លោក Kim ហ្វឹកហ្វឺន​នាងឱ្យ​ស្អប់​ស.រ.អ.​និង​កូរ៉េខាង​ត្បូងដែល​របប​គ្រប់គ្រង​កូរ៉េខាង​ជើង​ចាត់ទុកថា​ជា​សត្រូវ​របស់​ពួក​គេ។

លោកបាន​ពោល​ថា៖​«វា​ជា​ការ​សំខាន់​ដែល​មានក្មេង​ម្នាក់ចូល​រួម​ក្នុង​ការបង្ហាញ​ទាំង​នេះ ​ដោយនាង​មិនចាំ​បាច់ដឹង​អំពីការទាក់ទិន​នៃ​មីស៊ីល ICBM ​មួយ​គ្រឿង​ទេ​និង​អំពីថា​តើ​មីស៊ីល​ទាំង​នេះ​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ។ នាងមិន​បាន​ដឹង​ទេថា​មីស៊ីល​ទាំងនេះ​អាច​សម្លាប់​មនុស្សរាប់​លាន​នាក់​បាន»៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ