អ្នក​ជំនាញ​ធ្វើ​ការ​សន្និដ្ឋាន​អំពី​ការ​សាកល្បង​បាញ់​កាំជ្រួច​ផ្លោង​ចេញ​ពី​នាវា​មុជ​ទឹក​របស់​កូរ៉េ​ខាង​ជើង

ទាហាន​កូរ៉េ​ខាង​ត្បូង​ម្នាក់​មើល​កម្មវិធី​ព័ត៌មាន​តាម​ទូរទស្សន៍ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។

ចំណាត់ការ​របស់​កូរ៉េ​ខាង​ជើង​ដើម្បី​បាញ់​កាំជ្រួច​ផ្លោង​ចេញ​ពី​នាវា​មុជ​ទឹក ​កំពុង​បណ្តាល​ឲ្យ​ពួក​អ្នក​វិភាគ​ក្នុង​ទីក្រុង​សេអ៊ូល​សន្និដ្ឋាន​ពី​អ្វីដែល​អាចជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ធ្វើ​ការ​សាក​ល្បង នេះ​តាម​សេចក្តី​រាយការណ៍​របស់ លោកKim Hwan Yong អ្នក​យក​ព័ត៌មាន​របស់ VOA ​ផ្សាយ​ជា​ភាសា​កូរ៉េ។

​អ្នក​វិភាគ​ជា​ច្រើន ​ទំនង​យល់​ស្រប​ថា ​កូរ៉េ​ខាង​ជើង ​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ជឿន​លឿន​កម្មវិធី​កាំជ្រួច​មីស៊ីល​បាញ់​ចេញ​ពី​នាវា​មុជ​ទឹក​ ឬ (SLMB)។​ គេ​បាន​ដឹង​ឭ​ថា រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​ចាប់​ផ្តើម​សាកល្បង​កាំជ្រួច​ផ្លោង​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៥​មក។ ​ការ​សាកល្បង​កាល​ពី​ថ្ងៃ​ពុធ​ដែល​កាំជ្រួច​មីស៊ីល​បាញ់​ចេញ​ពី​នាវា​មុជ​ទឹក ​ឬ (SLMB) បាន​ហោះ​ចម្ងាយ​៥រយ​គីឡូម៉ែត្រ​ទំនង​ជា​បង្ហាញ​ការ​ជឿនលឿន​នៅ​ក្នុង​ការ​ខំ​ប្រឹងប្រែង​របស់​កូរ៉េ​ខាង​ជើង​ដើម្បី​ទទួល​បាន​សមត្ថភាព​កាំជ្រួច​មីស៊ីល​បាញ់​ចេញ​ពី​នាវា​មុជ​ទឹក។

លោក Kim Jin-moo ជា​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​ឯ​វិទ្យាស្ថាន​ការ​វិភាគ​ការពារ​ប្រទេស​របស់​កូរ៉េ ​បាន​និយាយ​ថា ​កម្មវិធី​កាំជ្រួច​មីស៊ីល​បាញ់​ចេញ​ពី​នាវា​មុជ​ទឹក​ឬ (SLMB) ​របស់​កូរ៉េ​ខាង​ជើង ​ប្រហែល​មាន​ការ​ជឿន​លឿន​ជាង​ការ​គិត​កាល​ពី ពេល​មុន។ លោក​ Kim និយាយ​បន្ត​ទៀត​ថា ​កូរ៉េ​ខាង​ជើង ​អាច​ធ្វើ​បាន​សម្រេច​នូវ​ការ​អភិវឌ្ឍ​កម្មវិធី​កាំជ្រួច​មីស៊ីល​បាញ់​ចេញ​ពី​នាវា​មុជ​ទឹក​ ឬ (SLMB)​ នៅ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ ​អ្នក​វិភាគ​ខាង​យោ​ធា ​បាន​និយាយ​ថា គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថាតើ​កូរ៉េ​ខាង​ជើង​អាចបំពាក់​ក្បាល​នុយក្លេអ៊ែរ​លើ​កាំជ្រួច​មីស៊ីល ឬ​យ៉ាង​ណា​នោះ​ទេ។ អ្នក​វិភាគ​នោះ ​និយាយ​ទៀត​ថា ​គេត្រូវ​ធ្វើ​ការ​វិភាគ​បន្ថែម​ទៀត។

លោក Moon Sung-muk នៅ​វិទ្យាស្ថាន​យុទ្ធសាស្រ្ត​របស់​កូរ៉េ​ក្នុង​ទីក្រុង​សេអ៊ូល​ជឿ​ជាក់​ថា ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង ​អាច​ត្រូវ​ការ​ពេល​រាប់​សិប​ឆ្នាំ​ទៀត​ដើម្បី​ទទួល​បាន​កាំជ្រួច​ផ្លោង​បាញ់​ចេញ​ពី​នាវា​មុជ​ទឹក​ពីព្រោះ​កូរ៉េ​ខាង​ជើង​ចាំបាច់​ស្ថាបនា​នាវា​មុជ​ទឹក​កាន់​តែ​ធំ​ឡើង។

ចំណាត់​ការ​របស់​កូរ៉េខាង​ជើង ​កើត​មាន​ឡើងតាម​ពេលវេលា​កំណត់។​ ការណ៍​នេះ ​កើត​មាន​ឡើង​២​ថ្ងៃ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​បាន​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង។

លោក Chang Yong-seok ​នៅ​វិទ្យាស្ថាន​ដើម្បី​ការ​សិក្សា​សន្តិភាព​និង​ការ​បង្រួបបង្រួម​នៃ​សាកលវិទ្យាល័យ​ជាតិ​ទីក្រុង​សេអ៊ូល មើល​ឃើញ​ការ​សាកល្បង​ជា​ការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ដើម្បី​បដិសេធ​ការ​សន្និដ្ឋាន​ថា ​ប្រទេស​កុម្មុយនិស្ត​នេះ​មិន​មាន​ស្ថិរភាព​ក្រោយ​ពី​មាន​ការ​រត់​ចោល​ស្រុក​របស់​មន្រ្តី​ជាន់​ខ្ពស់​របស់​កូរ៉េ​ខាង​ជើង។ ​កាល​ពី​សប្តាហ៍​មុន កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ថា ឯក​អគ្គ​រដ្ឋ​ទូត​រង​របស់​កូរ៉េ​ខាង​ជើងប្រចាំ​នៅ​ទីក្រុង​ឡុងដ៍ ​បាន​គេច​ខ្លួន​មក​កាន់​កូរ៉េ​ខាង​ត្បូង។

លោក​ស្រី Park Geun-hye ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ដែល​បាន​ព្រមាន​ថា ​កូរ៉េ​ខាង​ជើង​អាច​បង្ក​រឿង​អ្វី​មួយ​នៅ​សប្តាហ៍នេះ។​ ហើយ​លោកស្រី និយាយ​ថា ​ការ​រត់​ចោល​ប្រទេស​របស់​មន្រ្តី​កូរ៉េខាង​ជើង​នៅ​ពេល​ថ្មីៗ​បំផុត​នេះ​ជា​ការ​បែក​បាក់​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ក្នុង​របប​កូរ៉េ​ខាង​ជើង។

លោក Chang បាន​និយាយ​បន្ត​ទៀត​ថា «ការ​សាកល្បង​កាំជ្រួច​នេះ ​មាន​គោល​បំណង​ប្រមូល​ការ​គាំទ្រ​នៅ​ខាង​ក្នុង​ប្រទេសដល់​របប​នេះ។​ ការ​សាកល្បង​កាំជ្រួច​នេះបង្កើត​សារ​ថា ​ប្រទេស​នេះ​មាន​សមត្ថភាព​ការពារ​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​ពី​សហរដ្ឋ​អាមេរិក ​ឬ​ប្រទេស​កូរ៉េ​ខាង​ត្បូង‍»៕