ប្រទេសកម្ពុជានៅមានគម្លាតរវាងឆន្ទៈនយោបាយនៅថ្នាក់ជាតិក្នុងការធ្វើការកែទម្រង់ដើម្បីជួយជំរុញនីតិរដ្ឋនៅកម្ពុជានិងការអនុវត្តជាក់ស្តែងរបស់មន្ត្រីនៅថ្នាក់ក្រោមជាតិដែលហាក់ដូចជាធ្វើតាមទម្លាប់ចាស់ដដែល។
Your browser doesn’t support HTML5
លោក ឱក សេរីសុភ័ក្រអ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អនិងជាវាគ្មិនប្រចាំខែរបស់កម្មវិធី«អភិបាលកិច្ចល្អ»របស់ VOA បានបញ្ជាក់ក្នុងកម្មវិធីកាលពីថ្ងៃច័ន្ទថា៖
«បើសិនជាយើងគិតកំណែទម្រង់ជាលក្ខណៈរចនាសម្ព័ន្ធនៅក្នុងក្រសួងឬមួយក៏នៅខាងលើថ្នាក់ជាតិនេះ ឃើញថាមានការខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាលបន្ទាប់ពីការបោះឆ្នោត។ នេះឃើញថាមានភាពច្បាស់លាស់មែន។ ប៉ុន្តែបើយើងគិតទៅនឹងជីវិតពលរដ្ឋដែលមានបញ្ហាក្តីក្តាំឡើងមកប្តឹងតុលាការ បើយើងគិតពីសមត្ថកិច្ចយុត្តិធម៌ដែលស៊ើបអង្កេតចាប់ចងព្រះរាជអាជ្ញាដែលបញ្ជាឱ្យសមត្ថកិច្ចយុត្តិធម៌ទាំងអស់នោះធ្វើការឃាត់ខ្លួនហៅមកសួរឬមួយក៏មកដល់តុលាការហើយមានមេធាវីការពារឬមួយចៅក្រមកាត់ក្តី ជាដើមខ្ញុំគិតថាប្រព័ន្ធយុត្តិធម៌របស់យើងនៅមិនទាន់ផ្តល់យុត្តិធម៌ដល់ពលរដ្ឋសាមញ្ញដែលអត់មានលុយកាក់ ដែលអត់មានអំណាចដើម្បីនឹងពឹងគេដើម្បីនឹងសូកគេនោះគឺថានៅឆ្ងាយណាស់»។
លោក ឱក សេរីសុភ័ក្រ បានបន្ថែមថា មន្ត្រីតុលាការនិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនៅតែសួរសម្លុតកំហែងប្រជាពលរដ្ឋដែលមករកសេវារបស់ពួកគាត់ ប៉ុន្តែបើពលរដ្ឋមានលុយកាក់ខ្លះគឺពួកគេនិយាយស្រួលបួលបន្តិច។
លោកបន្ថែមថា៖ «ខ្ញុំគិតថា បើមិនមានការពិន័យឱ្យធ្ងន់ធ្ងរឬមួយរាងចាលទេប្រជាពលរដ្ឋនៅតែ រងទុក្ខទោសដដែលជាដដែលមិនខាននៅក្នុងរឿងនេះ»។
អង្គការគម្រោងយុត្តិធម៌ពិភពលោកបានវាយតម្លៃប្រទេសកម្ពុជាថា ស្ថិតនៅស្ទើរតែក្រោមគេបំផុតខាងផ្នែកនីតិរដ្ឋបើប្រៀបធៀបនឹងប្រទេសនានាលើពិភពលោកដោយទទួលបានចំណាត់ថ្នាក់៩៩ក្នុងចំណោមប្រទេស១០២។ នេះបើយោងតាមរបាយការណ៍អង្កេតមួយធ្វើឡើងដោយគម្រោងយុត្តិធម៌ពិភពលោកដែលបានចេញផ្សាយកាលពីដើមខែមិថុនានេះ។
តារាងវាយតម្លៃធ្វើការវាស់ស្ទង់ពិនិត្យលើចំណុចជាច្រើនដូចជាការកម្រិតនៃអំណាចរដ្ឋ អំពើពុករលួយ សិទ្ធិមនុស្ស ការអនុវត្តច្បាប់ ប្រព័ន្ធតុលាការនិងការបើកចំហរបស់រដ្ឋាភិបាលជាដើម។
អង្គការនេះឱ្យដឹងថា អំពើពុករលួយក្នុងប្រព័ន្ធតុលាការស្ថិតក្នុងចំណោមចំណុចអវិជ្ជមានខ្លាំងជាងគេបំផុតដែលមាននៅក្នុងប្រទេសកម្ពុជា។ ហើយប្រទេសដ៏ក្រីក្រមួយនេះក៏ស្ថិតនៅបាតតារាងខាងផ្នែកនីតិរដ្ឋបើប្រៀបធៀបនឹងប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកដោយបានចំណាត់ថ្នាក់១៥ក្នុងចំណោមប្រទេសចំនួន១៥។
លោក ឱក សេរីសុភ័ក្រ យល់ថា ដើម្បីធានាឱ្យមានការអនុវត្តនីតិរដ្ឋកាន់តែប្រសើរមានតែអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋត្រូវធ្វើការជាដៃគូរួមគ្នាហើយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឱ្យបានស៊ីជម្រៅបូកជាមួយនឹងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកឱ្យកាន់តែច្រើនឡើង។
«យើងបានហៅប្រជាពលរដ្ឋគឺថាកុំខ្លាចញញើតនឹងនិយាយកន្លែងណាដែលមានអភិបាលកិច្ចមិនល្អ មានអ្វីដែលមានអំពើពុករលួយមានអ្វីដែលមានការរំលោភច្បាប់ហ្នឹងត្រូវតែនិយាយនាំគ្នាហ៊ាននិយាយ»៕