ក្រុមហ៊ុនឱសថសាស្ត្រពីរបានបញ្ជាក់នៅថ្ងៃអង្គារនេះថា វ៉ាក់សាំងសាកល្បងសម្រាប់ការពារជំងឺកូវីដ១៩ កំពុងចែកចាយនៅក្នុងសហរដ្ឋអាមេរិកសម្រាប់ការពិសោធន៍លើមនុស្សជាលើកដំបូង។
ក្រុមហ៊ុនផលិតឱសថ Pfizer របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន BioNTech SE របស់អាល្លឺម៉ង់ បានលើកឡើងថា ប្រសិនបើការពិសោធន៍នេះបង្ហាញថា វ៉ាក់សាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាព វ៉ាក់សាំងនេះអាចនឹងត្រូវចែកចាញទ្រង់ទ្រាយធំនៅក្នុងសហរដ្ឋអាមេរិកនៅត្រឹមចុងឆ្នាំនេះ។
វ៉ាក់សាំងនេះអាចស្ថិតក្នុងចំណោមវ៉ាក់សាំងដំបូងៗ ដែលត្រូវបានអនុញ្ញាតឲ្យប្រើនៅក្នុងសហរដ្ឋអាមេរិកសម្រាប់ការពារជំងឺកូវីដ១៩។ បើយោងតាមស្ថិតិរបសសាកលវិទ្យាល័យ Johns Hopkins ជំងឺនេះបានចម្លងដល់មនុស្សជាង ១ លាននាក់ និងបានសម្លាប់មនុស្សប្រហែល ៦ ម៉ឺន ៩ ពាន់នាក់នៅទូទាំងសហរដ្ឋអាមេរិក។
ក្រុមហ៊ុនទាំងពីរនេះបានបញ្ជាក់ថា វ៉ាក់សាំងនេះប្រើបច្ចេកវិទ្យា mRNA ដែលអាចអនុញ្ញាតឲ្យគេផលិតវាបានលឿនខ្លាំងជាងកិច្ចប្រឹងប្រែងជាទម្លាប់កន្លងមកដែលចំណាយពេលរាប់ឆ្នាំនៅក្នុងការផលិតវ៉ាក់សាំងមួយ។
ក្រុមហ៊ុន Moderna ដែលជាក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងរដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងសហការគ្នាលើការបង្កើតវ៉ាក់សាំងមួយ ដែលប្រើបច្ចេកវិទ្យាស្រដៀងគ្នានេះដែរ។ ដំណាក់កាលទីមួយនៃការពិសោធន៍នេះកំពុងធ្វើឡើង ហើយការពិសោធន៍ពាក់កណ្ដាលផ្លូវគ្រោងនឹងចាប់ផ្ដើមនៅក្នុងត្រីមាសនេះ។
ក្រុមហ៊ុន Pfizer បានបង្ហាញសុទិដ្ឋិនិយមកាលពីសប្ដាហ៍មុនថា ទីភ្នាក់ងាររដ្ឋបាលម្ហូបអាហារ និងថ្នាំពេទ្យរបស់សហរដ្ឋអាមេរិកនឹងអនុញ្ញាតជាផ្លូវការលើវ៉ាក់សាំងនេះលឿនបំផុតនៅខែតុលាខាងមុខនេះ៕