លោក​សម រង្ស៊ី​ ថ្លែង​ការពារ​ការ​មិន​កំណត់​ថ្ងៃ​វិល​ចូល​កម្ពុជា

រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​បារាំង អង្គុយ​នៅ​រានហាល​នៃ​គេហដ្ឋាន​របស់​លោក​ក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។ (REUTERS/Philippe Wojazer)

​​លោក​​សម រង្ស៊ី ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​​ប្រទេស​បានប្រ​កាស​ជាច្រើន​ដង​​ថា​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​ ​ប៉ុន្តែ​មិន​កំណត់​ពី​ពេលវេលា​នោះ​ទេ។ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​​ថា ​ការ​លុប​ចោល​គម្រោងវិលត្រឡប់របស់លោកសម រង្ស៊ី​​​​ជាច្រើន​​ដង​​គឺ​ជា​ការ​សម្លាប់​ជីវិត​នយោបាយ​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស។

លោកសម រង្ស៊ី​ ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​មួយ​រូប​ដែល​កំពុង​ស្ថិត​នៅ​ក្រៅប្រទេស​ អះអាង​ថា ​ការ​មិន​ប្រកាស​ពី​ពេល​កំណត់​វិលចូល​ប្រទេស​កម្ពុជា​វិញ​របស់​លោក គឺ​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោកហ៊ុន សែន​ មាន​ការ​ភ្ញាក់ផ្អើល។​

បើតាម​វីដេអូ​ដែល​លោកសម រង្ស៊ី​ បង្ហោះ​លើ​ទំព័រ​ហ្វសប៊ុក​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ​ លោកសម រង្ស៊ី បាន​លើក​ឡើង​ជា​ថ្មី​ទៀត​ពី​គម្រោង​វិល​ចូល​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ​ ​ប៉ុន្តែ​លោក​ថា ​គម្រោង​របស់​លោកមិន​អាច​បញ្ជាក់​ពីកាល​បរិច្ឆេទ​ ឬ​ចូល​ដោយ​របៀប​ណា​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«សួរ​មេទ័ព​ មេ​ទាហាន​ មុន​យើង​ធ្វើអី។​ ​យើង​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​គូ​បដិបក្ខ​យើង​ភ្ញាក់​ផ្អើល។ ​បើ​ទៅ​ប្រាប់​គេ​មុន ​អស់​ភ្ញាក់​ផ្អើល​ហើយ​បងប្អូន។​ ​អ៊ីចឹង​បាន​ថា​ ​យើង​ត្រូវ​រក្សា​ការ​សម្ងាត់​ ​អ្វី​ដែល​យើង​ត្រូវ​កំណត់។​ ​បើ​ទៅ​គឺ​កម្មករ​៨០​ម៉ឺន​នាក់​ចាំ​ទទួលសម រង្ស៊ី​ ដើម្បី​បាន​ការងារ​ធ្វើវិញ​ ​បាន​លទ្ធិ​ប្រជាធិបតេយ្យ​ ​បាន​ទីផ្សារ​ បាន​ការងារ​ធ្វើ​វិញ​ បាន​ឡើង​ប្រាក់ខែ​ថែម​ទៀត»។​

លោកសម រង្ស៊ី​ បាន​ប្រកាស​ជាច្រើន​ដង​ថា​ ​លោក​នឹង​វិល​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​ ​លោក​នឹង​មក​វិញ​នៅ​ពេល​ណា ​ហើយ​ដោយ​របៀប​ណា​នោះ​ទេ។​ ​គម្រោង​នៃ​ការវិល​ចូល​កម្ពុជាវិញ​របស់​លោកសម រង្ស៊ី ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ថា​ ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ដាក់​ពន្ធនាគារ។​

ក្នុង​វីដេអូ​មួយ​ទៀត​ដែល​លោកសម រង្ស៊ី ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​បាន​លើក​ឡើង​ថា​ ​លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះគឺ​មិនមែន​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ចាប់​ទេ​ ​តែ​លោក​ថា​ប្រជារាស្ត្រ​ខ្មែរ​រាប់​លាន​នាក់​នឹង​ងើប​ឈរ​ឡើង​ ​ដើម្បី​ទៅ​ចាប់​លោកហ៊ុន សែន វិញ​យក​ទៅ​កាត់​ទោស​ពី​បទក្បត់​ជាតិ។ ​លោក​បន្ថែម​ថា​ ​ពេល​វេលា​នៃ​ការ​ចូល​កម្ពុជា​វិញ​នោះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​ហៅ​កាត់​ថា​ EBA​ ​ដែល​ផ្តល់​ផល​ចំណេញ​ដល់​កម្ពុជា​ប្រមាណ​ជា​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

លោកសម រង្ស៊ី បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​ ​បន្ទាប់​ពី​លោក​រង​បណ្តឹង​ជា​ច្រើន​ករណី​ដែល​ប្តឹង​ដោយ​មេ​ដឹកនាំ​ជាន់​ខ្ពស់​រដ្ឋាភិបាល​ ​ដែល​រួម​មាន​ទាំង​បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ផង។​ ​ខណៈ​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯក្រៅ​ប្រទេស ​លោកសម រង្ស៊ី បាន​ប្រកាស​ជា​ច្រើន​លើក​ថា​ លោក​នឹង​វិល​មក​ស្រុក​ខ្មែរ​វិញ​ ​ប៉ុន្តែ​គម្រោង​ជាច្រើន​ដង​នោះក៏​ត្រូវ​បាន​លុប​ចោល​ផង​ដែរ។​

អ្នក​នាំពាក្យ​គ​ណបក្ស​កាន់​អំណាច​លោកសុខ ឥសាន​ បាន​ផ្ញើរ​សារឲ្យ​អ្នក​សារ​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​តេលេក្រាម​ នា​ថ្ងៃ​អង្គា​នេះ​ថា​ ​លោក​សម រង្ស៊ី​ បាន​សម្លាប់​ជីវិត​នយោបាយ​របស់​ខ្លួន​នៅ​ក្រៅ​ប្រ​ទេស​ ​តាម​រយៈ​ការ​ប្រកាសត្រឡប់​ចូល​មក​កម្ពុជា​វិញ​ជាច្រើន​ដង​ តែ​បន្ត​ពន្យារ​ពេល​មិន​ព្រម​ចូល។​

លោក​បញ្ជាក់​តាម​ន័យ​ដើម​ថា៖​

«ទណ្ឌិត[លោក​សម រង្ស៊ី]​ បាន​បង្កើត​នយោបាយ​ស្វែង​រក​ទុក្ខ​ឲ្យ​ខ្លួន​ឯង​ដែល​នៅ​ទី​បំផុត​ ដោយសារ​ឧបាយ​កល​ភូត​កុហក​ ​បោក​ច្រើន​ដង​ពេក។​ វា​នឹង​ដល់​ដំណាក់​កាល​ទាល់​ច្រក​ ​ដោះ​មិន​ចេញ ​ដែល​ពាក្យ​ចាស់​ថា ​ភូត​ច្រើន​ចាញ់​អាត្មា។​ ពេល​នោះ​ជីវិត​នយោបាយ​របស់​ទណ្ឌិត​នឹង​ត្រូវ​ដល់​ទី​បញ្ចប់​ជា​ស្ថាពរ»។​

សហភាព​អឺរ៉ុប​ដែល​ជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​កម្ពុជាបាន​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​អ្វី​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ​ ​ដែល​ហៅ​កាត់​ថា ​EBA​ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ចាប់​ប្រធាន​គណបក្ស​នេះ​គឺ​លោក​កឹម សុខា​ ដាក់​ពន្ធនាគារ​ ​និង​ការ​ព្យួរ​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​ចំនួន​១១៨​រូប​រយៈពេល​៥​ឆ្នាំ​ ​ព្រម​ទាំង​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន​ផង៕