លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានអះអាងថា លោកនឹងធ្វើដំណើរមកចូលរួមសវនាការក្នុងប្រទេសកម្ពុជាដើម្បីការពារភាពស្អាតស្អំរបស់លោក។
លោក សម រង្ស៊ី ដែលប្រឈមនឹងក្តីក្តាំច្រើនក្នុងប្រទេសកម្ពុជា បានបង្ហោះសារបែបនេះនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃអង្គារ។
លោក សម រង្ស៊ី បានឲ្យដឹងថា លោក«នឹងធ្វើដំណើរទៅចូលរួមក្នុងសវនាការតុលាការទីក្រុងភ្នំពេញ ស្របតាមដីកានានារបស់តុលាការនេះ ដូចជាដីកាចុងក្រោយបង្អស់ភ្ជាប់មកជាមួយនេះ» ប្រសិនបើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានភាពក្លាហាន លើកបម្រាមចំនួន៣ដែលហាមឃាត់រូបលោក។ ទីមួយ គឺបម្រាមហាមឃាត់មិនឲ្យក្រុមហ៊ុនអាកាសចរណ៍នានាដឹកលោកទៅកាន់អាកាសយានដ្ឋានណាមួយ នៅប្រទេសកម្ពុជា។ ទីពីរបម្រាមដែលលោក ហ៊ុន សែន បានស្នើរដ្ឋាភិបាលប្រទេសថៃហាមឃាត់រូបលោកមិនឲ្យធ្វើដំណើរឆ្ពោះមកកាន់ប្រទេសកម្ពុជាតាមផ្លូវគោក ដោយឆ្លងកាត់ដែនដីប្រទេសថៃ។ ទីបី បម្រាមហាមឃាត់មិនឲ្យប្រជាពលរដ្ឋខ្មែរទូទៅមកទទួលស្វាគមន៍រូបលោក តាមការស្ម័គ្រចិត្ត នៅពេលមាតុភូមិនិវត្តន៍។
លោក សម រង្ស៊ី បញ្ជាក់នៅលើហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំសង្ឃឹមថា លោក ហ៊ុន សែន នឹងមិនបង្ហាញពីភាពកំសាករបស់គាត់ទៀតទេ ដោយហ៊ានលើកបម្រាមទាំង៣ខាងលើនេះដើម្បីបើកផ្លូវឲ្យខ្ញុំវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសន្តិវិធី តាមដីកាកោះរបស់តុលាការ និងស្របតាមឆន្ទៈរបស់ប្រជារាស្ត្រខ្មែរ យ៉ាងច្រើនលើសលប់»។
លោក សម រង្ស៊ី បន្ថែមថា៖ «បើលោក ហ៊ុន សែន មិនហ៊ានលើកបម្រាមទាំង៣នេះទេគឺគាត់បង្ហាញថា គាត់ខ្លាចបំផុតចំពោះវត្តមានរបស់ខ្ញុំ នៅលើទឹកដីប្រទេសកម្ពុជា ហើយគាត់ជាមនុស្សកំសាកដ៏អន់បំផុត ដែលជាហេតុធ្វើឲ្យគេមើលងាយគាត់គ្រប់គ្នា។ ម៉្យាងវិញទៀត គេក៏នឹងសើចចំអកឲ្យគាត់ថែមទៀត ពីព្រោះគាត់បានបញ្ជាឲ្យតុលាការអាយ៉ងរបស់គាត់ចេញដីកាចាប់រូបខ្ញុំយកទៅកាត់ទោស(ទោសដែលពួកគាត់បានប្រឌិត) តែនៅពេលខ្ញុំត្រៀមចូលមកប្រទេសកម្ពុជាឲ្យពួកគាត់ចាប់ខ្ញុំ ស្រាប់តែគាត់បែរមកហាមឃាត់ខ្ញុំ ហើយបង្កឧបសគ្គ មិនឲ្យខ្ញុំធ្វើដំណើរមកប្រទេសកំណើតរបស់ខ្ញុំវិញ»។
ជាមួយសារនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក សម រង្ស៊ី បានភ្ជាប់ដីកាមួយ ដែលកោះហៅរូបលោក និងសហការីរបស់លោកផ្សេងទៀត ដូចជាលោក អេង ឆៃអ៊ាង លោក ឡុង រី អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ ឲ្យចូលបំភ្លឺនៅតុលាការ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។
មេធាវីការពារក្តីឱ្យលោក សម រង្ស៊ី គឺលោក សំ សុគង់ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា តុលាការកោះហៅលោក សម រង្ស៊ី ពាក់ព័ន្ធជាមួយសំណុំរឿងការធ្វើមាតុភូមិនិវត្តន៍របស់អ្នកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០២០ ហើយអ្នកជាប់ក្នុងរឿងក្តីក្តាំនេះមានជាង៣០នាក់ ខណៈអ្នកខ្លះនៅក្រៅស្រុក និងអ្នកផ្សេងទៀតកំពុងតែជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ។
បើតាមមេធាវី លោក សម រង្ស៊ី មានសិទ្ធិនៅក្នុងការចូលខ្លួនមកបំភ្លឺនៅតុលាការ ទោះជាលោកនៅក្រៅប្រទេស ហើយតុលាការត្រូវតែសម្របសម្រួលធ្វើយ៉ាងណាឱ្យរូបលោកបានចូលខ្លួនមកក្នុងតុលាការ។
លោកថ្លែងថា៖ «ខ្ញុំយល់ថា បើទាក់ទងនឹងការអនុវត្តច្បាប់ ទាំងច្បាប់ជាតិ ក៏ដូចជាច្បាប់អន្តរជាតិ គឺជនជាប់ចោទត្រូវតែមានសិទ្ធិក្នុងការមានវត្តមាននៅពេលមានសវនាការ។ ហើយបើករណីថា តុលាការគាត់អនុវត្តច្បាប់ ហើយគាត់ចេញដីកាកោះហៅជនជាប់ចោទ ទោះជាគាត់នៅក្រៅប្រទេសក៏ដោយ គួរតែសម្រួលធ្វើយ៉ាងណាឱ្យគាត់អាចមកអនុវត្តសិទ្ធិរបស់គាត់ ដោយសារកម្ពុជាជាប្រទេសដែលចុះហត្ថលេខាលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា តុលាការ និងរដ្ឋាភិបាលជារឿងពីរផ្សេងគ្នា។ លោកបញ្ជាក់ថា បើលោក សម រង្ស៊ី «ចិត្តសឿង» ចូលមកកម្ពុជាមក ព្រោះរដ្ឋាភិបាលមិនបានរារាំងអ្វីឡើយ។
លោកថ្លែងថា៖ «ឥឡូវ២០២២ហើយ ខ្ញុំមិនឮថា រាជរដ្ឋាភិបាលលោកមានប្រសាសន៍ថា ហាមឃាត់មិនឱ្យទណ្ឌិតនេះចូលទេ ឬមួយហាមក្រុមហ៊ុនយន្តហោះណាមិនឱ្យចូលទេ»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ប្លង់ សុផល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេនៅថ្ងៃពុធនេះ។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំមុន លោក សម រង្ស៊ី ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ ពីបទឧបឃាត។ លោក សម រង្ស៊ី ក៏កំពុងរងបណ្តឹងជាច្រើនករណីផ្សេងទៀត រួមទាំងសំណុំរឿងប្រមាថព្រះមហាក្សត្រជាដើម៕