ប្រធានអង្គការដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌាដែលគេស្គាល់ថា ជារដ្ឋាភិបាលនិរទេសខ្លួនទីបេបានប្រាប់ទីភ្នាក់ងារសហរដ្ឋអាមេរិកមួយកាលពីថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ថា ទីបេកំពុងស្លាប់ «គឺស្លាប់ដោយសន្សឹមៗ» នៅក្រោមការគ្រប់គ្រងរបស់ចិន។
សកម្មជនទីបេមួយចំនួនបានបង្ហាញការសោកស្ដាយចំពោះអ្វីដែលពួកគេមើលឃើញថា ការផ្ដោតចំណាប់អារម្មណ៍ទៅលើការរំលោភបំពានដែលត្រូវចោទប្រកាន់ឡើងនៅដែនដីទីបេកំពុងធ្លាក់ចុះ ចំពេលការព្រួយបារម្ភមានកាន់តែខ្លាំងឡើងនៅសហរដ្ឋអាមេរិក និងនៅប្រទេសលោកខាងលិចផ្សេងទៀតអំពីការពង្រីកយោធារបស់ចិន សម្ពាធលើប្រជាធិបតេយ្យនៅកោះតៃវ៉ាន់ ការបង្ក្រាបនៅទីក្រុងហុងកុង និងលើក្រុមជនជាតិភាគតិចនៅក្នុងតំបន់ Xinjiang នៃប្រទេសចិន។
លោក Penpa Tsering នៃរដ្ឋបាលទីបេកណ្តាលឬរដ្ឋាភិបាលទីបេនិរទេសបាននិយាយតាមរយៈវីដេអូទៅកាន់សវនាការនៃគណៈកម្មាធិការប្រតិបត្តិសភាស្តីពីប្រទេសចិន ដែលជាទីភ្នាក់ងារឯករាជ្យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលតាមដានការវិវឌ្ឍផ្នែកសិទ្ធិមនុស្ស និងនីតិរដ្ឋនៅក្នុងប្រទេសចិនថា៖ «ប្រសិនបើសាធារណរដ្ឋប្រជាមានិតចិនមិនផ្លាស់ប្តូរគោលនយោបាយបច្ចុប្បន្នរបស់ខ្លួនទេ ប្រជាជនទីបេ និងទីបេប្រាកដជានឹងស្លាប់ដោយសន្សឹមៗ»។
តួនាទីជាអ្នកដឹកនាំរដ្ឋបាលទីបេកណ្តាលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ បន្ទាប់ពីសម្តេចសង្ឃ Dalai Lama ដែលជាមេដឹកនាំសាសនានៃដែនដីទីបេមានព្រះជន្ម៨៧វស្សា បានបោះបង់ចោលសិទ្ធិអំណាចនយោបាយដើម្បីគាំទ្រដល់អង្គការដែលអាចមានជីវិតរស់រានយូរជាងព្រះអង្គ។
រដ្ឋាភិបាលក្រុងប៉េកាំងបានចោទប្រកាន់សម្តេចសង្ឃ Dalai Lama ពីបទបង្កើតការបំបែកខ្លួននៅដែនដីទីបេ ហើយចិនមិនទទួលស្គាល់រដ្ឋបាលទីបេកណ្តាល ជាតំណាងរបស់ជនជាតិទីបេប្រមាណ១សែននាក់ដែលនិរទេសខ្លួនហើយកំពុងរស់នៅក្នុងប្រមាណ៣០ប្រទេសដែលរួមមានប្រទេសឥណ្ឌា នេប៉ាល់ កាណាដា និងសហរដ្ឋអាមេរិកនោះទេ។
ស្ថានទូតចិនប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយលើសវនាការនៃគណៈកម្មាធិការប្រតិបត្តិសភាស្តីពីប្រទេសចិននោះទេ។
ប្រទេសចិនបានគ្រប់គ្រងតំបន់ដាច់ស្រយាលនៅភាគខាងលិចនៃដែនដីទីបេចាប់តាំងពីឆ្នាំ១៩៥១ បន្ទាប់ពីយោធារបស់ខ្លួនបានចូលតំបន់នោះ និងបានគ្រប់គ្រងនៅក្នុងអ្វីដែលខ្លួនហៅថា «ការរំដោះដោយសន្តិវិធី»។ ប្រទេសចិនបានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តខុសនៅទីនោះទេ ហើយនិយាយថា អន្តរាគមន៍របស់ខ្លួនបានបញ្ចប់«របបសក្តិភូមិដែលនាំឱ្យមានការដើរថយក្រោយ»។
អ្នកស្រី Uzra Zeya អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់សវនាការនៃគណៈកម្មាធិការប្រតិបត្តិសភាស្តីពីប្រទេសចិនថា ប្រទេសចិនបានបន្ត«ធ្វើយុទ្ធនាការគាបសង្កត់ដែលបង្ខំឱ្យប្រជាជន៦លាននាក់នៅក្នុងដែនដីទីបេមានលក្ខណៈដូចចិន និងលុបបំបាត់មរតក សាសនា វប្បធម៌ និងភាសាទីបេ»។
អ្នកស្រី Zeya ដែលជាអ្នកសម្របសម្រួលពិសេសសម្រាប់បញ្ហាទីបេបានដឹកនាំការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ប្រជាជនទីបេ បាននិយាយថា របាយការណ៍ថ្មីៗស្តីពីសាលាបណ្ដុះបណ្ដាលដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងការប្រមូលពន្ធុ ឬទិន្នន័យDNA ដ៏ច្រើនដោយមិនមានការស្ម័គ្រចិត្តនៅក្នុងតំបន់ទីបេ ជាការ«បំបាក់មនសិការ»។ ទីក្រុងប៉េកាំងបានបដិសេធមិនឆ្លើយឆ្លងជាមួយអ្នកស្រី Zeya ទេ។
តំណាងរាស្រ្តសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋលោក Chris Smith ដែលជាប្រធានគណៈកម្មាធិការប្រតិបត្តិសភាស្តីពីប្រទេសចិនបាននិយាយថា មានការផ្តោតជាសកលលើកោះតៃវ៉ាន់ ហុងកុង និងតំបន់ Xinjiang ក៏ប៉ុន្តែ «យើងមិនអាចមើលរំលងអំពើប្រល័យពូជសាសន៍ដែលកំពុងកើតមានលើប្រជាជនទីបេបានឡើយ»។
លោក Richard Gere ដែលជាតារាភាពយន្ត និងជាសកម្មជនគាំទ្រដែនដីទីបេជាយូរឆ្នាំមកហើយបានប្រាប់សវនាការនៃគណៈកម្មាធិការប្រតិបត្តិសភាស្តីពីប្រទេសចិនថា គោលនយោបាយចិននៅទីបេកាន់តែ«មានភាពដូចគ្នាទៅនឹងនិយមន័យនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។
ប្រទេសចិននិយាយថា ទីបេគឺជាផ្នែកមួយនៃដែនដីរបស់ខ្លួន ហើយថា ខ្លួនបានធ្វើឱ្យជីវភាពរស់នៅប្រសើរឡើង និងកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់នោះ។ ចិននិយាយថា ការចោទប្រកាន់ណាមួយដែលថា ខ្លួនរំលោភសិទ្ធិមនុស្សប្រជាជនទីបេនោះ គឺជារឿងមិនពិត៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់
មេដឹកនាំនិរទេសខ្លួនទីបេថា ទីបេប្រឈមនឹងការស្លាប់ដោយសន្សឹមៗនៅក្រោមការគ្រប់គ្រងរបស់ចិន
វ៉ាស៊ីនតោន —