មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី កំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដែលមន្រ្តីបក្សប្រឆាំងអះអាងថាលោកនឹងជួបជាមួយមន្រ្តីជាន់ខ្ពស់មួយចំនួននៃក្រសួងការបរទេសអាមេរិក។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំនិរទេសខ្លួននៅក្រៅប្រទេស ដែលត្រូវបានតុលាការកម្ពុជាកាត់ទោសឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ និងកំពុងជាប់បណ្តឹងជាច្រើននៅកម្ពុជា ធ្វើឡើងនៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២២។
លោក អេង ឆៃអ៊ាងអនុប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ បានប្រាប់វីអូអេកាលពីថ្ងៃអាទិត្យថាលោក សម រង្ស៊ី នឹងជួបជាមួយថ្នាក់ដឹកនាំគណបក្ស និងសហគមន៍ខ្មែរនៅតាមបណ្តារដ្ឋនានា ក្នុងអំឡុងពេលស្នាក់នៅអាមេរិក។ លោកក៏ជួបជាមួយតំណាងរាស្រ្តអាមេរិក និងមន្រ្តីក្រសួងការបរទេសអាមេរិកផងដែរ។
លោក អេង ឆៃអ៊ាង បន្ថែមរដ្ឋាភិបាលអាមេរិកបាន«យកចិត្តទុកដាក់ខ្លាំង»ចំពោះនយោបាយក្នុងប្រទេសកម្ពុជា ក្រោយការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្រ្គោះជាតិកាលពីចុងឆ្នាំ២០១៧។ លោកបញ្ជាក់ថាប្រធានបទនៃការធ្លាក់ចុះដំណើរការប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស នឹងត្រូវពិភាក្សា។
លោកថ្លែងថា៖ «អញ្ចឹងក្នុងនាមយើងតំណាងឲ្យគណបក្សប្រឆាំង យើងចាំបាច់ត្រូវតែជជែក សុំឲ្យសហរដ្ឋអាមេរិកគិតគូរថែមទៀតអំពីបញ្ហាសិទ្ធិមនុស្ស និងបញ្ហាប្រជាធិបតេយ្យដែលលោក ហ៊ុន សែន កំពុងតែសម្លាប់ ហើយកំពុងតែរំលោភបំពាន»។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក សម រង្ស៊ី តាមសារអ៊ីមែលបាននៅឡើយទេ។ ហ្វេសប៊ុករបស់លោក សម រង្ស៊ី បានបង្ហាញថាលោកបានមកដល់អាមេរិក កាលពីថ្ងៃទី១៨ ខែសីហា។
គួរបញ្ជាក់ថាតំណាងរាស្រ្ត៣រូបរបស់អាមេរិកបានធ្វើសេចក្តីស្នើច្បាប់ស្តីពី«លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដែលនឹងអនុញ្ញាតឲ្យមានការបង្កកទ្រព្យសម្បត្តិលើមន្ត្រីកម្ពុជាដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងការមិនផ្តល់ទិដ្ឋាការឬវីហ្សាចូលទឹកដីសហរដ្ឋអាមេរិក ប្រសិនបើសេចក្តីស្នើច្បាប់នេះក្លាយជាច្បាប់។
សេចក្តីស្នើច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» (Cambodia Democracy Act) ដែលសំដៅលើការបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានអនុម័តជាឯកច្ឆន្ទ ដោយគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក កាលពីចុងខែកក្កដា។ កាលពីថ្ងៃទី៥ ខែសីហា សមាជិកព្រឹទ្ធសភា៣រូប រួមមាន លោក Edward J. Markey លោក Marco Rubio និងលោកDick Durbin បានបង្ហាញការគាំទ្រលើសេចក្តីស្នើច្បាប់នេះ និងថាពួកគេនឹងដាក់សេចក្តីស្នើច្បាប់នេះទៅព្រឹទ្ធសភាអាមេរិក ដើម្បីអនុម័ត៕