នៅថ្ងៃចន្ទនេះ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្តឹងមិនសុខចិត្តរបស់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីទាំងពីររូប គឺលោក យាង សុធារិន្ទ និងលោក អ៊ួនឈិន ប្រឆាំងនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលបន្តការស៊ើបអង្កេតលើពួកគេពាក់ព័ន្ធនឹងការផលិតនិងរក្សាទុករូបភាពអាសអាភាស។ អតីតអ្នកសារព័ត៌មានទាំងពីររូបលើកឡើងថាការបន្តអូសបន្លាយនិងបំបែកសំណុំរឿងរបស់ពួកគេជាការស្វែងរកហេតុផលដើម្បីធ្វើបាបពួកគេ។
អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូបដែលកំពុងរងការចោទប្រកាន់របស់តុលាការលើកឡើងថា ការបន្តអូសបន្លាយនិងបំបែកសំណុំរឿងរបស់អ្នកទាំងពីរគឺជាការស្វែងរកហេតុផលដើម្បីទម្លាក់កំហុសលើពួកគេ ខណៈសាលាឧទ្ធរណ៍បានបើកសវនាការបណ្តឹងមិនសុខចិត្តពាក់ព័ន្ធសំណុំរឿងផលិតនិងរក្សាទុករូបភាពអាសអាភាស។
នារសៀលថ្ងៃចន្ទនេះសាលាឧទ្ធរណ៍បានសវនាការលើបណ្តឹងមិនសុខចិត្តរបស់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូបគឺលោក យាង សុធារិន្ទ និងលោក អ៊ួនឈិន ដែលប្តឹងមិនសុខចិត្តទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលសម្រេចបន្តការស៊ើបអង្កេតលើពួកគេពាក់ព័ន្ធនឹងការផលិតនិងរក្សាទុករូបភាពអាសអាភាស។
អង្គជំនុំជម្រះសាលាឧទ្ធរណ៍នឹងប្រកាសសាលដីកាសម្រេចនៅថ្ងៃទី៣០ខែធ្នូនេះ។ នេះបើយោងតាមមេធាវីរបស់ពួកគេ។
លោក យាង សុធារិន្ទ ដែលឈ្មោះប្រើសម្រាប់ការផ្សាយហៅ យាង សុជាមេត្តា អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីមួយរូបប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសាលាឧទ្ធរណ៍ថា ការបន្តស៊ើបអង្កេតលើពួកគេនិងបំបែកសំណុំរឿងពីបទផ្តល់ព័ត៌មានទៅរដ្ឋបរទេសដោយចោទបន្ថែមពីបទផលិតនិងរក្សាទុករូបភាពអាសអាភាសគឺជាការព្យាយាមស្វែងរកបន្ទុក «ដើម្បីទម្លាក់កំហុស និងធ្វើបាបពួកគេ»។ លោកបន្តថា ករណីនេះជាការគំរាមកំហែងដល់អ្នកសារព័ត៌មានផ្សេងទៀត។
«ចេតនាទីមួយគឺធ្វើបាបពួកខ្ញុំ ដែលជាអតីតអ្នកធ្វើការនៅវិទ្យុអាស៊ីសេរី ហើយកន្លងទៅយើងធ្លាប់ធ្វើរបាយការណ៍ ដូចថារដ្ឋាភិបាលអាចថាមិនពេញចិត្តដែរ។ ទីពីរក្នុងបរិបទនៅពេលដែលចាប់ខ្លួនពួកយើងហ្នឹង គឺចាប់មុនការបោះឆ្នោតហើយវាជាពេលមួយដែលរដ្ឋាភិបាលបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាច្រើន ហើយមានការបិទវិទ្យុឯករាជ្យមួយចំនួនផង»។
ចំណែកលោក អ៊ួន ឈិន ប្រាប់អ្នកសារព័ត៌មានថា លោកនិងលោក យាង សុធារិន្ទ គឺជាជនរងគ្រោះពីស្ថានការណ៍នយោបាយនៅកម្ពុជា។
«ដំបូងឡើយចោទខ្ញុំស្មើនឹងទោសក្បត់ជាតិថា បញ្ជូនព័ត៌មានឲ្យរដ្ឋបរទេសដែលអាចធ្វើឲ្យអន្តរាយដល់ការ ការពារជាតិ ហើយចុងក្រោយរឿងហ្នឹងវាយ៉ាងម៉េច? យើងពិបាកនឹងថាជារឿងរៀបចំទុកមុនទុកក្រោយ ប៉ុន្តែជារឿងចៃដន្យបំផុត។ ពួកខ្ញុំគ្រាន់តែជាជនរងគ្រោះនៃស្ថានការណ៍នយោបាយតែប៉ុណ្ណឹង»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍បានទេ រហូតដល់ល្ងាចថ្ងៃចន្ទនេះ។
អតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីររូប ត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ដោយតុលាការចោទប្រកាន់ថា ពួកគេទាំងពីរបានផ្តល់ព័ត៌មានឲ្យរដ្ឋបរទេសដែលអាចបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ ក្នុងការចោទនោះ តុលាការអះអាងថា ពួកគេទាំងពីរបន្តរាយការណ៍ព័ត៌មានឲ្យវិទ្យុអាស៊ីសេរី បន្ទាប់ពីវិទ្យុនេះបានបិទការិយាល័យរបស់ខ្លួននៅកម្ពុជា។
ក្រោយមកតុលាការបានសម្រេចបំបែកសំណុំរឿងជាពីរ គឺពីបទ «ផ្តល់ព័ត៌មានឲ្យរដ្ឋបរទេសដែលអាចបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ» និងបទ«ផលិត និងរក្សាទុករូបភាពអាសអាភាស»។
បច្ចុប្បន្ន ពួកគេទាំងពីរកំពុងស្ថិតនៅក្រៅមន្ទីរឃុំឃាំងបណ្តោះអាសន្ន ក្រោមការឃ្លាំមើលរបស់តុលាការ បន្ទាប់ពីត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃស អស់រយៈពេលជិតដប់ខែ។
អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីគឺលោកអ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃទី២៦ ខែកក្កដាកន្លងទៅ តែមិនមានការប្រកាសសាលក្រម។ នៅថ្ងៃទី៣ ខែតុលា តុលាការបានបង្គាប់ឲ្យស៊ើបអង្កេតសំណុំរឿងពួកគេឡើងវិញ ដោយមិនកំណត់ថ្ងៃបើកសវនាការ ដោយគ្រាន់តែបញ្ជាក់ថា ព័ត៌មានក្នុងសំណុំរឿងនេះមិនទាន់មានគ្រប់គ្រាន់ និងត្រូវការពេលវេលាសម្រាប់បន្តការស៊ើបអង្កេត។
លោក សំ ចំរើន មេធាវីដែលការពារក្តីឲ្យអតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីររូប មានប្រសាសន៍ថា សំណុំរឿងរបស់កូនក្តី លោកមិនគួរជាសំណុំរឿងស្មុគស្មាញដែលតុលាការត្រូវបន្តអូសបន្លាយនីតិវិធីស៊ើបអង្កេតនោះទេ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ VOA ថាជាគោលការណ៍ដំណើរការស៊ើបអង្កេតលើសំណុំរឿងអ្វីមួយ គឺត្រូវធ្វើឡើងដោយពេញលេញនិងគ្រប់ជ្រុងជ្រោយ។ លោកបន្តថា សំណុំរឿងរបស់អតីតអ្នកសារព័ត៌មានទាំងពីររូប មិនពាក់ព័ន្ធនឹងការអនុវត្តការងារវិជ្ជាជីវៈសារព័ត៌មានរបស់ពួកគេនោះទេ។
«មិនមាននរណាមានឥទ្ធិពលអាចបញ្ជាតុលាការឲ្យទម្លាក់បទចោទ ឬក៏មិនទម្លាក់បានទេ។ មានតែតុលាការដែលជាស្ថាប័នឯករាជ្យ មានសិទ្ធិក្នុងការសម្រេចផ្អែកទៅលើអង្គហេតុ ផ្អែកទៅលើអង្គច្បាប់និងលទ្ធផលនៃការស៊ើបអង្កេតស្រាវជ្រាវតែប៉ុណ្ណោះ»។
អង្គការការពារសិទ្ធិមនុស្ស និងបណ្ដាញការពារអ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិ ប្រមាណជា៣៧ស្ថាប័នកាលពីថ្ងៃអាទិត្យ បានស្នើទៅតុលាការកម្ពុជាឲ្យទម្លាក់ចោលរាល់បទចោទប្រកាន់ទៅលើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូប ព្រមទាំងអ្នកសារព័ត៌មានទាំងអស់។ ពួកគេក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស្ដារឡើងវិញនូវសេរីភាពសារព័ត៌មានផងដែរ។
អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លើកឡើងថា សំណុំរឿងរបស់អតីតអ្នកសារព័ត៌មានទាំងពីររូប ដោយមានការអូសបន្លាយនីតិវិធី និងការបន្ថែមការដាក់បន្ទុកផ្សេងៗ ស្រដៀងទៅនឹងសំណុំរឿងសកម្មជនផ្សេងទៀត។ អ្នកស្រីបន្តថា ករណីនេះកំពុងជាការយាយីលើការធ្វើការងាររបស់អ្នកសារព័ត៌មាន និងអ្នកការការពារសិទ្ធិមនុស្សដែលកំពុងបំពេញការងារនៅកម្ពុជា។
«នៅក្នុងរបត់មួយដែលជាទូទៅដែលករណីកើតឡើងចំពោះសកម្មជនសិទ្ធិមនុស្ស ចំពោះតំណាងសហជីព ឬក៏អ្នកកាសែតអីកន្លងមកហ្នឹង គឺនីតិវិធីហ្នឹងស្រដៀងគ្នា គឺមានការពន្យារពេលច្រើន មានការសន្មតជាមុនថាមានទោស បានន័យថាមានការបំពានសិទ្ធិរបស់អ្នកពាក់ព័ន្ធហ្នឹងក្នុងការដែលមិនត្រូវបានសន្មតថាមានទោស។ ហើយតួយ៉ាងដូចជាការដែលកំណត់ ចាប់ខ្លួន ឬក៏ឃុំខ្លួនដាក់នៅបណ្តោះអាសន្នអីនេះ គឺជាការបំពានមួយរួចហើយ»។
ការចាប់ខ្លួនលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន បានកើតឡើងនៅពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ក្រាបលើសារព័ត៌មានមុនការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំ២០១៨។ ក្នុងការបង្ក្រាបនោះ ការិយាល័យរបស់វិទ្យុអាស៊ីសេរី បានបិទទ្វារ ហើយកាសែតជាភាសាអង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក៏ត្រូវបិទការិយាល័យ ដោយសាររដ្ឋាភិបាលតម្រូវឲ្យបង់ពន្ធចំនួន៦,៣លានដុល្លារ៕