អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១០ ឆ្នាំក្រោមបទចោទប្រកាន់ថាលោកបានបង្ហាញកិច្ចការសម្ងាត់របស់ជាតិជាសាធារណៈ។
អ្នកនាំពាក្យគណបក្ស Pakistan Tehreek-e-Insaf របស់លោក Khan បាននិយាយថា លោក Khan និងលោក Shah Mahmood Qureshi ដែលជាសម្ព័ន្ធមិត្ត ត្រូវបានកាត់ទោសដោយតុលាការពិសេសមួយនៅក្នុងទីក្រុង Rawalpindi។
លោក Khan ត្រូវបានសភាបោះឆ្នោតដកសេចក្ដីទុកចិត្តបង្ខំចុះចេញពីតំណែងនៅក្នុងឆ្នាំ ២០២២។
រដ្ឋអាជ្ញាបានបញ្ជាក់ថា លោក Khan បានគ្រវីចុះឡើងនូវសារឆ្លើយឆ្លងការទូតសម្ងាត់រវាងរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលប៉ាគីស្ថាននៅក្នុងការជួបជុំមួយ។ លោក Khan បាននិយាយថានោះជាមូលហេតុដែលសភាបានបោះឆ្នោតដកលោកចេញពីតំណែង និងថាការដកលោកចេញពីតំណែងនេះគឺជាផ្នែកមួយនៃផែនការឃុបឃិតសម្ងាត់រវាងសហរដ្ឋអាមេរិកនិងយោធាប៉ាគីស្ថាន។ ទាំងសហរដ្ឋអាមេរិកនិងប៉ាគីស្ថានសុទ្ធតែបានច្រានចោលការចោទប្រកាន់របស់លោក Khan នេះ។
លោក Khan កំពុងជាប់ពន្ធនាគារ ៣ ឆ្នាំនៅក្នុងការផ្ដន្ទាទោសដាច់ដោយឡែកពីនេះរឿងអំពើពុករលួយ។ ការផ្ដន្ទាទោសនេះបានធ្វើឱ្យលោកមិនអាចចូលរួមនៅក្នុងការបោះឆ្នោតថ្នាក់ជាតិនៅខែក្រោយបាន។
គណបក្ស Pakistan Tehreek-e-Insaf ឬ PTI របស់លោក Khan បានច្រានចោលសេចក្តីសម្រេចរបស់តុលាការថាជា «ការចំអកទាំងស្រុង និងមិនគោរពច្បាប់» នៅក្នុងការកាត់ក្តីមួយ «ដោយគ្មានការចូលយកព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ ឬសាធារណៈជន»ឡើយ។ គណបក្សនេះបាននិយាយថា ក្រុមអ្នកច្បាប់របស់ខ្លួន «នឹងជំទាស់នឹងការសម្រេចចិត្តទៅតុលាការជាន់ខ្ពស់» ហើយ «សង្ឃឹមថានឹងទទួលបានការព្យួរទោសនេះ»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។