ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅក្នុងប្រទេសប៉ាគីស្ថាននៅថ្ងៃសុក្រនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏ ៥២ នាក់ដែរ និងមនុស្សជាង ៥០ នាក់ផ្សេងទៀតរងរបួស នៅក្នុងពិធីជួបជុំសាសនាមួយ ដែលប្រារព្ធធ្វើឡើងក្នុងខេត្តមួយជាប់ព្រំដែននឹងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីកត់សម្គាល់ថ្ងៃប្រសូត្ររបស់ព្យាការី Mohammed នៃសាសនាឥស្លាម។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
គេនៅពុំទាន់ឃើញមានការប្រកាសទទួលខុសត្រូវពីក្រុមណាមួយនៅឡើយទេ ជុំវិញការផ្ទុះគ្រាប់បែកអត្តឃាតនេះ ដែលកើតមានឡើងស្របពេលដែលកំពុងមានការវាយប្រហារជាច្រើន ពីក្រុមសកម្មប្រយុទ្ធនៅភាគខាងលិចប្រទេសប៉ាគីស្ថាន ដែលការណ៍នេះបានបង្កើនឱ្យមានការដាក់ត្រៀមកងកម្លាំងសន្តិសុខនៅមុនការបោះឆ្នោតជាតិ ដែលនឹងគ្រោងធ្វើឡើងនៅក្នុងប្រទេសនេះ នៅក្នុងខែមករា ឆ្នាំក្រោយ។
អគ្គនាយករងអធិការកិច្ចប៉ូលិសលោក Munir Ahmed បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ជនអត្តឃាតដែលមានគ្រាប់បែកក្នុងខ្លួននោះ បានបំផ្ទុះសម្លាប់ខ្លួនឯងនៅជិតរថយន្តស្នងការរងប៉ូលិស។
លោក Ahmed បន្ថែមទៀតថា ការបំផ្ទុះនេះបានលាន់កក្រើកនៅក្បែរព្រះវិហារឥស្លាមមួយកន្លែង ក្នុងខេត្ត Balochistan ដែលមនុស្សជាច្រើននាក់កំពុងប្រមូលផ្តុំគ្នាដើម្បីដើរដង្ហែរក្បួន ក្នុងការប្រារព្ធពិធីនៃថ្ងៃប្រសូត្ររបស់ព្យាការី Mohammed ដែលជាថ្ងៃឈប់សម្រាកមួយ។
មន្ត្រីសុខាភិបាលស្រុក លោក Abdul Rasheed និយាយថា មានមនុស្សយ៉ាងហោចណាស់ក៏ ៥៨ នាក់ដែរ បានទទួលរងរបួស ហើយចំនួនអ្នកស្លាប់សរុបអាចកើនឡើង ខណៈពេលដែលមនុស្សជាច្រើនកំពុងមានស្ថានភាពរបួសធ្ងន់ធ្ងរនោះ។
គេឃើញមានការកើនឡើងនៃការវាយប្រហារជាច្រើនពីសំណាក់ក្រុមសកម្មប្រយុទ្ធឥស្លាម នៅក្នុងប្រទេសប៉ាគីស្ថានចាប់តាំងពីឆ្នាំមុនមក នៅពេលដែលបទឈប់បាញ់គ្នាមួយ លែងត្រូវបានអនុវត្តដោយរដ្ឋាភិបាលនិងក្រុម Tehreek-e-Taliban Pakistan ដែលជាក្រុមអង្គការបង្គោលមួយនៃក្រុមឥស្លាមដែលប្រកាន់តឹងជាច្រើនក្រុម។
ក្រុមនេះបានបដិសេធពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅថ្ងៃសុក្រនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថានបានហៅការវាយប្រហារដោយគ្រាប់បែកអត្តឃាតនេះ ថាជា «អំពើដ៏សាហាវព្រៃផ្សៃ» មួយ៕