ប៉ូលិស Europol៖ កុមារ​ចំណាក​ស្រុក​១០០០០​នាក់​បាត់​ខ្លួន​នៅ​អឺរ៉ុប

រូប​ឯកសារ៖ ជន​ចំណាក​ស្រុក​អង្គុយ​នៅ​ក្នុង​រថយន្ត​មួយ​ ដែល​ត្រូវ​បាន​អូស​ដោយ​ប៉ូលិស​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​មួយ​ក្បែរ​ក្រុង Gyor ប្រទេស​ហុងគ្រី នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៦។​

ទីភ្នាក់ងារ​ប៉ូលិស​នៃ​ទ្វីបអឺរ៉ុប​បាន​និយាយ​ថា​ ក្រុម​កុមារ​ចំណាក​ស្រុក​ដែល​គ្មាន​ញាតិ​សន្តាន​ទៅ​ជាមួយ​ជាង​១​០.០០០​នាក់​បាន​បាត់​ខ្លួន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​នេះ។​

លោក Brian Donald នាយ​អគ្គសេនាធិការ​នៃ​ស្ថាប័ន​ប៉ូលិស​ Europol បាន​និយាយ​ប្រាប់​កាសែត​ Observer នៃ​ប្រទេស​អង់គ្លេស​ថា ក្រុម​ឧក្រិដ្ឋជន​មាន​ការ​រៀបចំ​និង​ក្រុម​ជួញ​ដូរ​ផ្លូវ​ភេទ ​ប្រហែល​មាន​ការ​ទាក់ទិន​នឹង​ការ​បាត់​ខ្លួន​ក្រុម​កុមារ​ទាំង​នេះ។

លោក Donald បា​នថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ «យើង​មិន​ដឹង​ថា​ក្រុម​កុមារ​ទាំង​នេះ​នៅ​ទីណា​ទេ​, មិន​ដឹង​ថា​ពួក​គេ​ធ្វើអ្វី​ទេ​ ឬ​ថា​ពួក​គេនៅជា​មួយ​នរណា​ឡើយ។»

ទោះ​ណា​ជា​នៅ​មុន​កំណើន​ក្រុម​ជន​ចំណាក​ស្រុក​កាល​ពី​ឆ្នាំ​ទៅ​មិញ​ទៅ​កាន់​ទ្វីប​អឺរ៉ុប​ក៏​ដោយ​ ក៏​ទីភ្នាក់ងារ​មួយ​ចំនួន​ក្នុង​ទ្វីប​អឺរ៉ុប​បាន​ប្រមូល​ឯកសារ​ឃើញ​ថា​រហូត​ដល់​ពាក់​កណ្តាល​នៃ​ចំនួន​ក្រុម​កុមារ​គ្មាន​ញាតិ​សន្តាន​ទៅ​ជាមួយ​បាន​ស្វះស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​ក្នុង​អឺរ៉ុប​បាន​បាត់​ខ្លួន​នៅ​ក្រោយ​បាន​ចុះ​ឈ្មោះ​ជា​មួយ​អាជ្ញាធរ​រដ្ឋ។​

ទិន្នន័យ​របស់​អង្គការ​ IOM និង​ UNICEF សម្រាប់​ឆ្នាំ​២០១៤​បង្ហាញ​ថា​ អ្នក​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​ជាង​២៣០០០​នាក់​ក្នុង​ទ្វីប​អឺរ៉ុប​ជា​អនីតិជន​គ្មាន​ញាតិ​សន្តាន​ទៅ​ជាមួយ​ឬ​ជា​ក្រុម​កុមារ​ដែល​បាន​បែក​ខ្ញែក​ពី​គ្រួសារ​ពួក​គេ។​

ក៏​ប៉ុន្តែ​នៅ​ក្នុង​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​ ប្រទេស​ស៊ុតអែត​តែ​មួយ​គត់​បាន​ទទួលពាក្យ​សុំ​ពី​កុមារ​ជាង​២៣០០០​នាក់​ដែល​គ្មាន​ញាតិ​សន្តាន​ទៅ​ជាមួយ​និង​បែក​ខ្ញែក​ពី​គ្រួសារ។​ ស្ថិតិ​ពួក​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​មិន​បាន​បង្ហាញ​ចំនួន​តួ​លេខ​នៃ​ក្រុម​កុមារ​ចំណាក​ស្រុក​ទាំង​អស់ទេ៕