រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់សហភាពអឺរ៉ុបកំពុងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះដើម្បីពិភាក្សាផែនការយកជនភៀសខ្លួនទៅតាមចំនួនកូតាដ៏ចម្រូងចម្រាស ដើម្បីចែកចាយជនចំណាកស្រុកជាងមួយសែននាក់ក្នុងចំណោមប្រទេសនានា។
ជំនួបនោះកើតមានឡើង បន្ទាប់ពីសភាអឺរ៉ុបបានអនុម័តផែនការនោះកាលពីសប្តាហ៍មុន។ ក៏ប៉ុន្តែប្រទេសខ្លះនៅអឺរ៉ុបខាងកើតនិយាយថា ពួកគេនឹងមិនធ្វើទៅតាមផែនការនោះទេ។
កាលពីថ្ងៃច័ន្ទម្សិលមិញ សភានៃប្រទេសហុងគ្រីបានអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួនប្រើប្រាស់កម្លាំង ដែលមិនមានអាវុធប្រឆាំងនឹងជនចំណាកស្រុក ដែលព្យាយាមចូលក្នុងប្រទេសហុងគ្រីខុសច្បាប់។
ប្រទេសហុងគ្រីបានបិទព្រំដែនរបស់ខ្លួនជាប់នឹងប្រទេសសែប៊ីរួចទៅហើយដោយប្រើលួសបន្លា ហើយឥឡូវនេះទាហានហុងគ្រីអាចប្រើប្រាស់គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក។ ពួកគេក៏អាចឆែកឆេរនៅតាមផ្ទះដើម្បីរកជនចំណាកស្រុកផងដែរ។
លោក Viktor Orbanនាយករដ្ឋមន្រ្តីស្តាំនិយមនៃប្រទេសហុងគ្រីបានប្រាប់សភាថា ជនចំណាកស្រុកកំពុងរាតត្បាតយើង។ ពួកគេមិនត្រឹមតែគោះទ្វារយើងទេ ពួកគេ កំពុងកម្ទេចទ្វាររបស់យើង។
ប្រទេសផ្សេងៗទៀតនៅអឺរ៉ុបបានរិះគន់យ៉ាងខ្លាំងដល់ប្រតិកម្មរបស់ប្រទេសហុងគ្រីចំពោះវិបត្តិជនចំណាកស្រុក ដោយចោទប្រកាន់ប្រទេសនេះពីការប្រើប្រាស់ហិង្សានិងកលល្បិចដូចជា ពួកណាស៊ីអាល្លឺម៉ង់។
ហុងគ្រីក៏មានការខឹងសម្បារនឹងបណ្តាប្រទេសនៅអឺរ៉ុបខាងត្បូង និងខាងកើតដោយបានចោទប្រកាន់ពួកគេពីការធ្វើបន្តិចបន្តួចដើម្បីត្រួតត្រាវិបត្តិមនុស្សជាតិ ដែលបានឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ដើម្បីគេចចេញពីសង្គ្រាម និងភាពក្រីក្រនៅក្នុងប្រទេសស៊ីរី អាហ្វហ្គានីស្ថាននិងតំបន់អាហ្វ្រិក៕