សហភាពអឺរ៉ុបនិយាយនៅថ្ងៃពុធថា ខ្លួននឹងមិនបញ្ជូនក្រុមអ្នកសង្កេតការណ៍បោះឆ្នោត ដើម្បីត្រួតពិនិត្យការបោះឆ្នោតជ្រើសរើសសមាជិកសភា ក្នុងប្រទេសវ៉េណេស៊ុយអេឡា (Venezuela) ក្នុងខែធ្នូខាងមុខនេះទេ ដោយព្រមានថា ការសម្រេចចិត្តរបស់ប្រធានាធិបតី Nicolas Maduro ក្នុងការរៀបចំការបោះឆ្នោត ហើយជូនដំណឹងបែបតក់ក្រហល់នេះ បានធ្វើឲ្យវិបត្តិនយោបាយក្នុងប្រទេសនេះកាន់តែធ្លាក់ក្នុងស្ថានភាពមួយដ៏អាក្រក់។
ដូចសហរដ្ឋអាមេរិកដែរ សហភាពអឺរ៉ុប ចង់ឲ្យឃើញការបោះឆ្នោតប្រធានាធិបតីមួយត្រូវបានធ្វើឡើង ដើម្បីផ្លាស់ប្តូរនូវការដឹកនាំផ្តាច់ការនិងសេដ្ឋកិច្ចដែលកំពុងដួលរលំ នៅក្នុងប្រទេសនេះ។ សហភាពអឺរ៉ុបមើលឃើញថា ការបោះឆ្នោតសភា ជាវិធីមួយដែលលោក Maduro ធ្វើឡើងក្នុងបំណងដើម្បីគ្រប់គ្រងអាសនៈក្នុងរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងនោះ។
លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានថ្លែងបា្រប់សភាអឺរ៉ុបថា ៖ «នៅពេលដែលការបោះឆ្នោតនឹងមិនត្រូវពន្យាពេល សហភាពអឺរ៉ុប មិនពិចារណាបញ្ជូនបេសកកម្មអង្កេតការបោះឆ្នោតទៅប្រទេស Venezuela នោះទេ»។
លោក Maduro បានអញ្ជើញសហភាពអឺរ៉ុបឲ្យទៅត្រួតពិនិត្យមើលការបោះឆ្នោតជ្រើសរើសសមាជិកសភាក្នុងប្រទេស Venezuela ដែលនឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី៦ខែធ្នូ តែការអញ្ជើញនេះ ត្រូវបានធ្វើឡើងកាលពីខែមុនប៉ុណ្ណោះ។ សហភាពអឺរ៉ុបមានរយៈពេលខ្លីពេក ក្នុងការរៀបចំបេសកកម្មត្រួតពិនិត្យការបោះឆ្នោតដែលជាទូទៅ ការបញ្ជូនអ្នកអង្កេតការណ៍បោះឆ្នោតនេះ ត្រូវធ្វើឡើងជាច្រើនខែមុនថ្ងៃបោះឆ្នោត ដើម្បីវាយតម្លៃពីយុទ្ធនាការបោះឆ្នោត ថាវាមានភាពសេរីត្រឹមត្រូវដែរ ឬអត់ និងការពិនិត្យមើលលើលក្ខខណ្ឌផ្សេងៗទៀតផងដែរ។
ទន្ទឹមនឹងនេះដែរសមាជិកគណបក្សប្រឆាំង ក្នុងប្រទេស Venezuela ក៏បានអំពាវនាវឲ្យមានការពន្យារពេលនៃការបោះឆ្នោតនេះផងដែរ ដើម្បីទុកពេលឲ្យមានការចូលរួមពីអ្នកអង្កេតការណ៍បោះឆ្នោតអន្តរជាតិ ព្រោះពួកគេបារម្ភថា លទ្ធផលនៃការបោះឆ្នោតអាចត្រូវបានលួចបន្លំសម្រាប់ក្រុមបក្សកាន់អំណាចរបស់លោក Maduro៕