សហភាព​អឺរ៉ុប​នឹង​ដាក់​ពន្ធ​លើ​អង្ករ​ពី​កម្ពុជា​និង​មីយ៉ាន់ម៉ា​រយៈពេល៣ឆ្នាំ​ ​ដោយ​ចាប់​ផ្តើមនៅ​ថ្ងៃសុក្រ​​

បុរសម្នាក់សំងួតអង្ករបន្ទាប់ពីចូលទឹក ដោយសារទឹកជំនន់នៅវត្តចំការខ្សាច់ដោយសារបាក់ស្រុតទំនប់ព្រែកត្នោត នៅសង្កាត់ស្ពានថ្មី ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦។(ឡេង ឡែន/VOA)។

គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា​ ​សហភាព​អឺរ៉ុប​នឹង​ដាក់​ពន្ធ​លើ​អង្ករ​ពី​កម្ពុជា​និង​មីយ៉ាន់ម៉ា​ចាប់ផ្តើម​នៅ​ថ្ងៃសុក្រ​ដើម្បី​ការពារ​ទីផ្សារ​សហភាព​អឺរ៉ុប​។​ ​ការសម្រេច​នេះ​នឹង​ចូលជាធរមាន​រយៈពេល៣ឆ្នាំ​តាម​វិធានការ​«​ការពារ​»​កាលពី​ខែមីនា​ឆ្នាំមុន​ ​បន្ទាប់ពី​មាន​សំណើ​ពី​រដ្ឋាភិបាល​អ៊ីតាលី​។

​នៅ​អឺរ៉ុប​ស្រូវ​មាន​ដាំ​នៅក្នុង​ប្រទេស​ចំនួន​ប្រាំបី​នៅ​អឺរ៉ុប​ភាគ​ខាងត្បូង​ពី​ប្រទេស​ព័រទុយហ្គាល់​ទៅ​ប៊ុលហ្គារី​។

​គណៈកម្មការ​ដែល​ត្រួតពិនិត្យ​គោលនយោបាយ​ពាណិជ្ជកម្ម​នៅ​អឺរ៉ុប​បាន​ស្នើ​វិធានការ​យកពន្ធនេះ​កាលពី​ឆ្នាំមុន​ ​ប៉ុន្តែ​មិន​ទទួល​បាន​សំឡេង​គាំទ្រ​ភាគច្រើន​ទេ​ក្នុងចំណោម​រដ្ឋ​ទាំង២៨របស់​សហភាព​អឺរ៉ុប​ ​កាលពី​ខែធ្នូ​។​ ​ដោយសារ​មិន​មាន​មតិយោបល់​ប្រឆាំង​ពី​គណៈកម្មាធិការ​ពាក់ព័ន្ធ​ ​គណៈកម្មការ​ដែល​ត្រួតពិនិត្យ​គោលនយោបាយ​ពាណិជ្ជកម្ម​នៅ​អឺរ៉ុប​បាន​ធ្វើការ​សម្រេច​នេះ​ជា​ចិត្ត​ចុងក្រោយ​កាលពី​ថ្ងៃពុធ​។​

​ប្រទេស​កម្ពុជា​និង​ភូមា​ឬ​មីយ៉ាន់ម៉ា​ទទួល​បានផល​ប្រយោជន៍​ពី​កម្មវិធី​របស់​សហភាព​អឺរ៉ុប​ឈ្មោះ​«​អនុគ្រោះ​ពន្ធគយ​លើ​ទំនិញ​ទាំងអស់​ក្រៅពី​អាវុធ​»​ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​ក្នុង​ពិភពលោក​ ​អាច​នាំ​ទំនិញ​ភាគច្រើន​ទៅ​លក់​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ដោយ​មិនបាច់​បង់ពន្ធ​គយ​។​ ​ប៉ុន្តែ​គណៈកម្មការ​បាន​និយាយ​ថា​ ​ការស៊ើបអង្កេត​បាន​បញ្ជាក់​ថា​ ​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ការ​នាំ​អង្ករ​ពី​ប្រទេស​កម្ពុជា​និង​មីយ៉ាន់ម៉ា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​កសិករ​សហភាព​អឺរ៉ុប​។​

ចាប់តាំងពី​ថ្ងៃទី១៨ខែមករា​ទៅ​ ​សហភាព​អឺរ៉ុប​កំណត់​ពន្ធ​ចំនួន២០០ដុល្លារ​ ​សម្រាប់​អង្ករ​មួយ​តោន​ក្នុង​ឆ្នាំទី១​ ​ហើយ​ទម្លាក់​ពន្ធ​មក​នៅ​ត្រឹម១៣២ដុល្លារ​នៅ​ឆ្នាំទី២និង​នៅ​ត្រឹម១០៩ដុល្លារ​នៅ​ឆ្នាំទី៣​។​ ​ប្រទេស​កម្ពុជា​និង​មីយ៉ាន់ម៉ា​កំពុង​ប្រឈម​ការបាត់បង់​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ទីផ្សារ​សហភាព​អឺរ៉ុប​ដែល​ជាទី​ផ្សារ​ពាណិជ្ជកម្ម​ធំជាង​គេ​ក្នុង​ពិភពលោក​ ​ដោយ​តែ​មានការ​រំលោភសិទ្ធិ​មនុស្ស​ ​ប៉ុន្តែ​ទណ្ឌកម្ម​ដែល​អាច​នឹង​កើតមាន​នេះ​គឺ​ដាច់ដោយឡែក​ពី​វិធានការ​ការពារ​ទីផ្សារ​អង្ករ​អឺរ៉ុប​។​

​គណៈកម្មការ​បាន​រក​ឃើញថា​ ​ការ​នាំ​អង្ករ​ពី​ប្រទេស​ទាំងពីរ​បាន​កើនឡើង៨៩​%​ ​ក្នុងរយៈពេល៥ឆ្នាំ​។​ ​អង្ករ​នាំចូល​ថោក​នេះ​បាន​កាត់បន្ថយ​ចំណែក​ទីផ្សារ​អង្ករ​អឺរ៉ុប​ពី៦១​%​មក​ត្រឹម២៩​%​។​ ​គណៈកម្មការ​កសិករ​សហភាព​អឺរ៉ុប​ឈ្មោះ​ ​Copa​-​Cogeca​ ​បាន​និយាយ​ថា​ខ្លួន​ស្វាគមន៍​ការសម្រេច​ចិត្ត​របស់​គណៈកម្មការ​កាលពី​ថ្ងៃពុធ​ ​ដោយ​ទទួលស្គាល់​ថា​ ​វា​ជា​ស្ថានការណ៍​ដ៏​សំខាន់​ក្នុង​ការទប់ស្កាត់​៕​