អ៊ឺរ៉ុប​ចាប់ផ្តើម​បើក​យន្តការ​ហរិញ្ញវត្ថុ​ថ្មី​មួយ​ដើម្បី​បញ្ចៀស​ការប៉ះពាល់​ដល់​ទណ្ឌកម្ម​ពាណិជ្ចកម្ម​លើ​អ៊ីរ៉ង់

ប្រធានាធីបតី​អ៊ីរ៉ង់ Hassan Rouhani ថ្លែង​នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​​របស់​លោក​នៅ​ភាគខាងត្បូង​របស់​ទីក្រុង​តេហេរ៉ង់ប្រទេស​អ៊ីរ៉ង់កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ២០១៩។

ចក្រភពអង់គ្លេស​ បារាំង​ និង​អាល្លឺម៉ង់​កាល​ពី​ថ្ងៃព្រហស្បតិ៍​បាន​បើក​ឲ្យ​ដំណើរការ​ស្ថានប័ន​យន្តការ​ហិរញ្ញវត្ថុ​ថ្មី​មួយ​ដើម្ប​បញ្ចប់​កិច្ចព្រមព្រៀង​អាជីវកម្ម​មិន​ប្រើ​លុយ​ដុល្លារ​ជាមួយ​ប្រទេសអ៊ីរ៉ង់​ដើម្បី​ជៀសវាង​កុំ​ឲ្យ​ប៉ះពាល់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​លើ​រដ្ឋាភិបាល​ក្រុងតេហេរ៉ង់​បន្ទាប់​ពី​លោកប្រធានាធិបតី Donald Trump ​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិឆ្នាំ២០១៥​ដែល​មាន​បំណង​កាត់បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

ស្ថាប័នហរិញ្ញវត្ថុ​នេះ​ត្រូវ​បាន​ចុះបញ្ជី​នៅ​ប្រទេសបារាំង​ដោយ​មាន​ការគ្រប់គ្រង​ពីប្រទេសអាល្លឺម៉ង់​ និង​បាន​ទទួល​ថវិកា​ពី​ប្រទេសទាំងបី។ ស្ថាប័ន​នេះ​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុននានា​របស់​សហភាពអ៊ឺរ៉ុប​អាច​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសអ៊ីរ៉ង់​បាន បើទោះបី​ជា​មាន​ទណ្ឌកម្ម​ពី​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ក៏ដោយ។

មន្រ្តី​សហរដ្ឋអាមេរិក​ថា​ ពួកគេ​បាន​តាមដាន​អំពី​ការវិវត្តនេះ​ ប៉ុន្តែ​បាន​ច្រានចោល​ទស្សនៈ​ដែល​យល់​ថា​យន្តការ​ពិសេស​ដើម្បី​ទូទាត់​ប្រាក់​នេះ​អាច​ជៀស​ផុតពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​អាមេរិក​បាន​ដាក់​លើ​ក្រុងតេហេរ៉ង់។​

អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេសអាល្លឺម៉ង់​បាន​និយាយ​ថា​ លោក Trump បាន​ប្រកាស​យ៉ាង​ច្បាស់​ថា ​រាល់​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ណា​ដែល​នៅ​បន្ត​ធ្វើ​ជំនួញ​ជាមួយ​ប្រទេសអ៊ីរ៉ង់​ នឹង​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​ដែល​អាច​ឈាន​ដល់​បាត់បង់​សិទ្ធិ​ទទួល​បាន​ប្រព័ន្ធហរិញ្ញវត្ថុ​អាមេរិក​ និង​បាត់បង់​ឱកាស​ធ្វើ​ជំនួញ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ឬ​ក្រុមហ៊ុននានា​របស់​អាមេរិក។ ​យន្តការ​ហរិញ្ញវត្ថុ​ដែល​មាន​ឈ្មោះ​ថា INSTEX ដែល​ជា​យន្តការ​គាំទ្រ​ដល់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​បាន​ទទួល​ការគាំទ្រ​ពី​ប្រទេស​ទាំង២៨​នៃ​សមាជិក​សហភាពអ៊ឺរ៉ុប។

តំណាង​ជាន់ខ្ពស់​សហភាពអ៊ឺរ៉ុប​លោកស្រី Federica Mogherini បាន​ថ្លែង​ថា«ការបង្កើត​យន្តការ​ហរិញ្ញវត្ថុ​នេះ​គឺ​ជា​រថយន្ត​ដែល​មាន​គោលបំណង​ពិសេស​មួយ។ហើយ​ខ្ញុំ​ជឿជាក់​ថា​យន្តការ​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ពាណិជ្ជកម្ម​ស្របច្បាប់​ជាមួយ​អ៊ីរ៉ង់​បាន​ ដើម្បី​ឲ្យ​យើង​អាច​បន្ត​ពិនិត្យ​មើល​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ យើង​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះយន្តការថ្មីនេះ»៕