មុននឹងធ្វើដំណើរមកដល់ប្រទេសអេស្ប៉ាញនេះ កប៉ាល់នេះត្រូវបានប្រទេសម៉ាល់ត៍ និងប្រទេសអ៊ីតាលីបដិសេធមិនឲ្យចូលចតនៅក្នុងកំពង់ផែរបស់ពួកគេ។ ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា នាពេលបច្ចុប្បន្ននេះ ប្រទេសម៉ាល់ត៍ និងប្រទេសអ៊ីតាលីបានបដិសេធមិនឲ្យកប៉ាល់នានារបស់ក្រុមអង្គការក្រៅរដ្ឋាភិបាលចូលចត ហើយជាលទ្ធផល មនុស្សជាច្រើនបានស្លាប់នៅក្នុងសមុទ្រ។
លោក Riccardo Gatti ដែលជាអ្នកគ្រប់គ្រងកប៉ាល់ Open Arms នេះ បាននិយាយថា៖ «យើងបានជួយសង្គ្រោះជនចំណាកស្រុក ៦០នាក់។ ជាអកុសល មនុស្សជិត ៥00នាក់ផ្សេងទៀតបានស្លាប់កាលពីពេលថ្មីៗនេះនៅពេលដែលពួកគេបានព្យាយាមធ្វើដំណើរពីប្រទេសលីប៊ីទៅកាន់ទ្វីបអឺរ៉ុប»។
បណ្ដាប្រទេសជាប់សមុទ្រនៅទ្វីបអឺរ៉ុបបានរងការរិះគន់ ដោយសារតែពួកគេមិនព្រមឲ្យកប៉ាល់ដឹកជនចំណាកស្រុកទាំងនោះចូលចត។
លោក Javi Lopez សមាជិកសភាអឺរ៉ុបដែលមកពីគណបក្សសង្គមនិយមនៃតំបន់ Catalonia ក្នុងប្រទេសអេស្ប៉ាញ បាននិយាយយ៉ាងដូច្នេះថា៖ «នៅក្នុងអំឡុងពេល ៦ខែចុងក្រោយនេះ ជនចំណាកស្រុក ៥ម៉ឺននាក់ បានធ្វើដំណើរពីតំបន់អាហ្វ្រិកខាងជើងទៅដល់ទ្វីបអឺរ៉ុបកាត់តាមសមុទ្រមេឌីទែរ៉ាណេ។ តើប្រជាពលរដ្ឋនៅទ្វីបអឺរ៉ុបចំនួន ៥ រយលាននាក់ ពិតជាគ្មានលទ្ធភាពទទួលយកជនចំណាកស្រុកទាំង ៥ម៉ឺននាក់នោះមែនទេ? ព្រំដែននៅទ្វីបអឺរ៉ុបគឺជាព្រំដែនរួមរបស់ប្រទេសទាំងអស់នៅទ្វីបអឺរ៉ុប មិនមែនជាព្រំដែនរបស់ប្រទេសក្រិក របស់ប្រទេសអ៊ីតាលី ឬក៏របស់ប្រទេសអេស្ប៉ាញនោះទេ»។
ប៉ុន្តែ រលកនៃជនចំណាកស្រុកមកពីទ្វីបអាហ្វ្រិកប្រហែលជានឹងមិនបញ្ឈប់នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុននេះទេ ហើយប្រជាពលរដ្ឋភាគច្រើននៅទ្វីបអឺរ៉ុបមានការព្រួយបារម្ភអំពីបន្ទុករួមដែលពួកគេនឹងប្រឈម។ ចលនាប្រឆាំងនឹងជនចំណាកស្រុកកំពុងតែកើនឡើង ហើយប្រទេសមួយចំនួនបានបដិសេធមិនទទួលយកជនចំណាកស្រុកណាម្នាក់នោះទេ។
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយដែលចាក់ផ្សាយកាលពីថ្ងៃទី ១ ខែកក្កដាកន្លងទៅនេះថា បណ្ដាប្រទេស «ជួរមុខ» ត្រូវការជំនួយដើម្បីរៀបចំបែបបទទទួលយកជនចំណាកស្រុកទាំងនោះ។
លោកស្រី Angela Merkel បាននិយាយថា៖ «មណ្ឌលសម្រាប់រៀបចំបែបបទជនចំណាកស្រុកទាំងនោះមានកំណត់ ដោយសារតែបើតាមរដ្ឋធម្មនុញ្ញរបស់អង់គ្លេស យើងអាចដាក់កំហិតលើសេរីភាពរបស់មនុស្សម្នាក់ច្រើនបំផុតត្រឹមតែ ៤៨ ម៉ោងតែប៉ុណ្ណោះ។ នេះមានន័យថា ការបញ្ជូនជនចំណាកស្រុកទាំងនេះទៅកាន់ប្រទេសបន្ទាប់ត្រូវតែធ្វើឡើងឲ្យបានរួចរាល់ក្នុងរយៈពេលពីរថ្ងៃ»។
ប្រធានាធិបតីបារាំងលោក Emmanuel Macron កំពុងជំរុញឲ្យមានការបង្កើតមជ្ឈមណ្ឌលដំណើរការបែបបទជនចំណាកស្រុកនៅក្នុងតំបន់អាហ្វ្រិកខាងជើង ដូច្នេះមានតែអ្នកដែលទទួលបានសិទ្ធិជ្រកកោនតែប៉ុណ្ណោះ ដែលអាចធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបបាន។
លោក Emmanuel Macron បាននិយាយថា៖ «អ្វីដែលយើងត្រូវធ្វើដំបូងគឺការប្រយុទ្ធប្រឆាំងនឹងពួករត់ពន្ធមនុស្ស ដែលនេះគឺជាអាទិភាពដំបូងរបស់ខ្ញុំ។ នេះគឺជាអ្វីដែលយើងបានធ្វើនៅតំបន់ Sahel ជាអ្វីដែលយើងចង់ធ្វើជាមួយនឹងរដ្ឋាភិបាលលីប៊ី និងជាមូលហេតុដែលយើងត្រូវតែរកដំណោះស្រាយសម្រាប់ស្ថានការណ៍នៅក្នុងប្រទេសលីប៊ី ដើម្បីបញ្ឈប់រឿងរត់ពន្ធមនុស្សនេះ»។
បណ្ដាប្រទេសនៅក្នុងទ្វីបអឺរ៉ុបបានអំពាវនាវជាយូរមកហើយឲ្យប្រទេសលីប៊ីចាត់វិធានការបន្ថែមទៀតដើម្បីបញ្ឈប់ការរត់ពន្ធមនុស្សចេញពីប្រទេសរបស់ខ្លួន។ ប៉ុន្តែអាជីវកម្មខុសច្បាប់មួយនេះគឺកំពុងតែរីកដុះដាលឡើង ស្របពេលដែលអ្នកអស់សង្ឃឹមនានាជាច្រើនបានសម្រុកជិះទូកកៅស៊ូឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេដែលអាចនាំពួកគេទៅស្លាប់ ឬក៏អាចនាំពួកគេទៅរកជីវិតប្រសើរជាងនេះ៕
ប្រែសម្រួលដោយ ភី សុភាដា