កាលពីមុន ក្រុមរដ្ឋឥស្លាមបានកាន់កាប់តំបន់ទំហំប្រមាណ១សែនគីឡូម៉ែត្រការ៉េ ហើយបានគ្រប់គ្រងមនុស្សប្រមាណ៨លាននាក់។ ប៉ុន្តែ បច្ចុប្បន្ននេះ ក្រុមភេរវកម្មមួយនេះបានថយចុះ មកត្រឹមមួយក្រុមតូច ដែលប្រមូលផ្តុំនៅភូមិ Baghuz ប្រទេសស៊ីរី ដោយទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងប្រដាប់អាវុធប្រជាធិបតេយ្យស៊ីរី ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោកប្រធានាធិបតីត្រាំបានបង្ហោះសារតាមបណ្តាញ Twitter ថា «ក្រុមភេរវកម្មរដ្ឋឥស្លាមនឹងត្រូវដួលរលំ»។
ក៏ប៉ុន្តែ សម្ព័ន្ធមិត្តអឺរ៉ុប ដែលបានជួបពិភាក្សាគ្នានៅក្នុងសន្និសីទសន្តិសុខនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ មិនប្រាកដថាក្រុមភេរវកម្មមួយនេះត្រូវបានបង្ក្រាបទាំងស្រុងនោះទេ។
លោក Sheikh Mohammed bin Abdulrahman Al-Thani រដ្ឋមន្ត្រីការបរទេសកាតា បានថ្លែងថា៖ «តំបន់ខ្លះត្រូវបានរំដោះចេញពីការគ្រប់គ្រងរបស់ក្រុមរដ្ឋឥស្លាមហើយ ប៉ុន្តែក្រុមរដ្ឋឥស្លាមនេះ ឬអំពើភេរវកម្ម មិនទាន់ត្រូវបានបង្ក្រាបទាំងស្រុងនោះទេ ដោយសារតែមនោគមវិជ្ជារបស់ក្រុមនេះនៅតែមាន ហើយមានមនុស្សបន្តរស់នៅតំបន់នោះ ហើយបុព្វហេតុដែលក្រុមនេះបន្តជ្រើសរើសសមាជិកថ្មី នៅតែមានមូលដ្ឋានរឹងមាំ»។
រីឯលោក Peter Neumann អ្នកជំនាញខាងចលនាជ្រុលនិយម លើកឡើងថា ក្រុមរដ្ឋឥស្លាម នៅតែអាចបន្តពឹងអាស្រ័យលើកម្លាំងប្រយុទ្ធរាប់ពាន់នាក់របស់ខ្លួន។
លោកបានថ្លែងថា៖ «ក្រុមរដ្ឋឥស្លាមមិនមែនមាននៅតែតំបន់ប្រយុទ្ធនោះទេ។ ពួកវាជាច្រើននាក់បានលាក់ខ្លួន។ ពួកវាខ្លះនៅទីក្រុង Mosul ទីក្រុង Raqqa ហើយកំពុងរង់ចាំវិលត្រឡប់មកវាយប្រយុទ្ធវិញ»។
កាលពីថ្ងៃអាទិត្យកន្លងទៅ លោកប្រធានាធិបតី ត្រាំ បានសរសេរថា សហភាពអឺរ៉ុបគួរតែមកទទួលយកពលរដ្ឋ ៨០០នាក់របស់ខ្លួន ដែលបានចូលរួមប្រយុទ្ធជាមួយក្រុមរដ្ឋឥស្លាម ហើយដែលត្រូវបានចាប់ខ្លួនបាននៅប្រទេសស៊ីរី។ លោក Darell Issa អតីតសមាជិករដ្ឋសភាអាមេរិក បានប្រាប់ VOA ថា សម្ព័ន្ធមិត្តទាំងនេះគួរតែពិចារណាសាររបស់លោក ត្រាំ។
លោក Darell Issa បានថែ្លងថា៖ «កាលពីមុន សហភាពអឺរ៉ុបមានបំណងចង់ឲ្យយើងប្រគល់ពលរដ្ឋរបស់ខ្លួនដែលចូលរួមប្រយុទ្ធជាមួយក្រុមរដ្ឋឥស្លាម ហើយដែលត្រូវបានចាប់ខ្លួនបាននិងឃុំខ្លួននៅមន្ទីរឃុំឃាំងយោធា Guantanamo ឲ្យប្រទេសខ្លួនវិញ ប៉ុន្តែពួកគេមិនចង់កាត់ទោសពលរដ្ឋទាំងនេះនៅក្នុងប្រទេសផ្សេងទេ។ ជាលទ្ធផល ពលរដ្ឋទាំងនេះបានវិលត្រឡប់ទៅសមរភូមិវិញ ឬក៏បានប្រព្រឹត្តអំពើភេរវកម្មនៅតាមប្រទេសកំណើតរបស់ពួកគេ។ យើងសង្ឃឹមថា សហភាពអឺរ៉ុបបានរៀនសូត្រពីមេរៀនមួយនេះ ហើយត្រៀមខ្លួនដើម្បីទទួលយកពលរដ្ឋទាំងនេះ ហើយកាត់ទោសពួកគេ»។
លោក Neumann អ្នកវិភាគអំពីចលនាជ្រុលនិយម យល់ស្របនឹងការលើកឡើងនេះ។
លោកបានថ្លែងថា៖«វាគួរតែមានគោលការណ៍សាមញ្ញមួយ ដែលកំណត់ថា ប្រទេសនីមួយៗត្រូវតែទទួលខុសត្រូវលើពលរដ្ឋរបស់ខ្លួន»។
ប៉ុន្តែ អ្នកស្រី Karin von Hippel អ្នកវិភាគខាងសន្តិសុខ បានលើកឡើងថា សារតាមបណ្តាញ Twitter របស់លោក ត្រាំ មិនបង្ហាញការគោរពដល់សម្ព័ន្ធមិត្តអឺរ៉ុបទេ។
អ្នកស្រីថ្លែងថា៖ «នេះគឺជាបញ្ហា និងការប្រឈមរួមគ្នាមួយ។ ពួកក្រុមរដ្ឋឥស្លាម អាចនឹងវាយប្រហារពលរដ្ឋអាមេរិក និងសហរដ្ឋអាមេរិក ហើយក៏អាចវាយប្រហារពលរដ្ឋអឺរ៉ុប និងបណ្តាប្រទេសនៅទ្វីបអឺរ៉ុបដូចគ្នា»។
មកទល់ពេលនេះ បណ្តាប្រទេសនៅទ្វីបអឺរ៉ុបមិនទាន់ឆ្លើយតបនឹងសារតាមបណ្តាញ Twitter របស់លោក ត្រាំ ទេ។
លោក ត្រាំ មិនបានចូលរួមនៅក្នុងសន្និសីទសន្តិសុខនៅទីក្រុង Munich ទេ ក៏ប៉ុន្តែ សារតាមបណ្តាញ Twitter របស់លោក បានក្លាយជាប្រធានបទពិភាក្សានៅក្នុងសន្និសីទនេះ ហើយបានក្លាយជាសំណួរដ៏សំខាន់មួយថា តើក្រុមរដ្ឋឥស្លាមពិតជាត្រូវបានផ្តួលរំលំ ឬថាតើក្រុមភេរវកម្មមួយនេះនឹងអាចវិលត្រឡប់មកបង្កការគំរាមកំហែងដល់ពិភពលោកម្តងទៀតដែរឬយ៉ាងណា៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត