អឺរ៉ុប​ចាប់​ផ្តើម​ផែនការ​តាំង​ទីលំនៅ​ថ្មី​ ទោះ​បី​ជា​មាន​ការ​ប្រឆាំង​ពី​សមាជិក​រដ្ឋ​នៃ​ទ្វីប​ភាគ​ខាង​កើត

  • Henry Ridgwell

ជន​ភៀស​ខ្លួន​ឡើង​ជិះ​យន្តហោះ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​អាថែន (Athens) ដោយ​ចាកចេញ​ពី​ប្រទេស​ក្រិក​ទៅ​ប្រទេស​លុចសំបួ (Luxembourg) កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥។

អឺរ៉ុប​បាន​ចាប់ផ្តើម​ធ្វើ​ការ​តាំង​ទីលំនៅ​ថ្មី​ដល់​ក្រុម​ជន​ភៀស​ខ្លួន​ដំបូង​មក​ពី​ប្រទេស​ក្រិក​ ទៅ​កាន់​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ផ្សេង​ទៀត នៅ​ក្រោម​ផែនការ​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ទេសន្តរប្រវេសន៍​។

អឺរ៉ុប​បាន​ចាប់ផ្តើម​ធ្វើ​ការ​តាំង​ទីលំនៅ​ថ្មី​ដល់​ក្រុម​ជន​ភៀស​ខ្លួន​ដំបូង​មក​ពី​ប្រទេស​ក្រិក​ ទៅ​កាន់​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ផ្សេង​ទៀត នៅ​ក្រោម​ផែនការ​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ទេសន្តរប្រវេសន៍​។ រដ្ឋាភិបាល​ក្រុង​ព្រុចសែល​ចង់​ឲ្យ​ជន​ទេសន្តរប្រវេសន៍​រាប់​ពាន់​នាក់​តាំង​ទីលំនៅ​ឡើង​វិញ ប៉ុន្តែ​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​រដ្ឋ​ជា​សមាជិក​ដទៃ​ទៀត។

នៅ​ព្រលាន​យន្តហោះ​អាថែន (Athens) ដែល​ជា​កន្លែង​ចាកចេញ​សម្រាប់​ជន​ភៀស​ខ្លួន​អ៊ីរ៉ាក់​និង​ស៊ីរី​៣០នាក់​ ​ត្រូវ​បាន​គេ​ជ្រើស​រើស​ក្នុង​ចំណោម​អ្នក​ទទួល​ផល​ដំបូង​ពី​ផែនការ​តាំង​ទីលំនៅ​ថ្មី​របស់​សហភាព​អឺរ៉ុប​នេះ។

ពួកគេ​ត្រូវ​បាន​ដឹក​តាម​យន្តហោះ​កាលពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​ ទៅ​កាន់​ផ្ទះ​ថ្មី​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​លុចសំបួ (Luxembourg) ជៀស​វាង​ពីការ​ធ្វើ​ដំណើរ​ដោយ​ជើង​និង​ប្រកប​ដោយ​គ្រោះថ្នាក់​ ដោយ​ឆ្លង​កាត់​តំបន់​បាល់កង់​ (Balkans) និង​អឺរ៉ុប​ខាង​កើត និង​ការ​ស្នើ​សុំ​សិទ្ធិ​ឆ្លង​កាត់​ ដែល​ជារឿយៗ​អូស​បន្លាយ​ដល់ការស្នើ​សុំ​សិទ្ធិ​ច្រកកោន​។​

នៅ​តាម​ផ្លូវ ជន​ភៀស​ខ្លួន​បាន​សម្តែង​ការ​ដឹង​គុណ​របស់​ពួកគេ។

ក្នុង​ចំណោម​អ្នក​ដែល​ជូន​ដំណើរ​ពួកគេ​គឺ​ ប្រធាន​សភា​សហភាព​អឺរ៉ុប​ លោក Martin Schulz។

លោក Martin Schulz និយាយ​ថា៖ «នៅ​ពេល​ខ្ញុំ​ឃើញ​មុខ​រីករាយ​ និង​មុខ​របស់​ក្មេងៗ​ដែល​មាន​សំណាង​ ខ្ញុំ​គិត​ថា នេះ​គឺ​ពិត​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ហើយ»។

លោក Schulz បាន​អំពាវនាវ​ឲ្យ​សមាជិក​សហភាព​អឺរ៉ុប​ទាំង​អស់​ចូល​រួម​នៅ​ក្នុង​ផែនការ​តាំង​ទីលំនៅ​ថ្មី​នេះ​ ដែល​នឹង​ជួយ​ជន​ភៀស​ខ្លួន​ចំនួន​១៦០.០០០នាក់ ឲ្យ​បាន​នៅ​គ្រប់​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប។ ប៉ុន្តែ មាន​ការ​ប្រឆាំង​ពី​រដ្ឋ​ជា​សមាជិក​នៅ​ភាគ​ខាង​កើត​មួយ​ចំនួន ដូច​ដែល​លោក Pawel Swidlicki មក​ពី​ក្រុម​គោល​នយោយបាយ​ Open Europe ពន្យល់។

លោក Swidlicki និយាយ​ថា៖ «វា​មិន​មែន​ជា​រឿង​របស់​លោក Martin Schulz ​ដែល​ត្រូវ​និយាយ​ថា អ្វី​មាន​បញ្ហា​ ឬ​អ្វី​គ្មាន​បញ្ហា​នោះ​ទេ ពីព្រោះ​ថា​វា​មិន​មែន​ជា​រដ្ឋាភិបាល​ថ្នាក់​ជាតិ​មួយ។ ទោះ​ជា​សមាជិក​ភាគច្រើន​យល់​ព្រម​ចំពោះ​ផែនការ​តាំង​ទីលំនៅ​ថ្មី​នេះ​ រដ្ឋាភិបាល​មួយ​ចំនួន​តវ៉ា ហើយ​មួយ​ចំនួន​ទៀត​បោះ​ឆ្នោត​គាំទ្រ​ដោយ​គ្មាន​ឆន្ទៈ»។

នៅ​លើ​កោះ​របស់​ក្រិក ជន​ទេសន្តរប្រវេសន៍​រាប់​ពាន់​នាក់​ទៀត​បន្ត​ទៅ​ទី​នោះ​ជា​រៀងរាល់​ថ្ងៃ។ កូដកម្ម​មួយ​ធ្វើ​ឡើង​ដោយ​កម្មករ​នាវា​ចម្លង បាន​បន្សល់​ទុក​មនុស្ស​ជាច្រើន​ជាប់​នៅ​ត្រើយ​ម្ខាង​នៅ​កោះ​ Lesbos កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា។ លោក Swidlicki និយាយ​ថា ផែនការ​ថ្មី​នេះ​ពិបាក​នឹង​ដោះស្រាយ​បញ្ហា​ដែល​ធំៗ​ជាង​នេះ។

លោក​និយាយ​ថា៖ «ជាមួយ​នឹង​ជន​ភៀស​ខ្លួន​៣០នាក់​ដែល​បាន​ចាកចេញ​ពី​ប្រទេស​ក្រិក ទៅ​ប្រទេស​លុចសំបួ ឥឡូវ​នេះ​វា​កើន​ដល់​១១៦នាក់។ ដូច្នេះ នៅ​មាន​ច្រើនពាន់​នាក់​ទៀត​ដែល​មិន​ទាន់​ដល់​គោលដៅ (​ចំនួន​សរុប​១៦០.០០០​នាក់)។ នេះ​មិន​ទាន់​លើក​ពី​វិបត្តិ​ធំៗ​ជាង​នេះ​ផង»។

ប្រទេស​ក្រិក​បាន​នាំ​មុខ​គេ​ក្នុង​វិបត្តិ​មួយ​នេះ។ នាយក​រដ្ឋ​មន្រ្តី Alexis Tsipras បាន​ចេញ​សេចក្កី​ព្រមាន​មួយ​ដល់​ដៃ​គូ​របស់​សហភាព​អឺរ៉ុប។

លោក​បាន​និយាយ​ថា អឺរ៉ុប​មិន​គួរ​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ដែល​មិន​អាច​គ្រប់គ្រង​បាន ឬ​តាម​សមុទ្រពី​ប្រទេស​តួកគី​ ទៅ​កាន់​ផ្នែក​ដទៃ​ទៀត​នៃ​អឺរ៉ុប​ ដែល​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​ជីវិត​មនុស្ស​នោះ​ទេ»​។

សម្រាប់​ជន​ទេសន្តរប្រវេសន៍​ភាគ​ច្រើន ការ​ធ្វើ​ដំណើរ​ដើម្បី​ស្វែង​រក​ជីវិត​ថ្មី​នៅ​អឺរ៉ុប​គឺ​ពិត​ជា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ សីតុណ្ហភាព​នៅ​កន្លែង​ឆ្លង​កាត់​ប្រទេស​ក្នុង​តំបន់ Balkan ផ្លាស់​ប្តូរ​លឿន​ខ្លាំង​ណាស់។ ទីភ្នាក់ងារ​ជំនួយ​ព្រមាន​ថា ជីវិត​មនុស្ស​រាប់​ពាន់​នឹង​ជួប​ប្រទះ​នូវ​ហានិភ័យ​ក្នុង​ពេល​ឆាប់ៗ​នេះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ