សហភាព​អ៊ឺរ៉ុប​ស្នើ​លោក Trump ឲ្យ​រក្សា​ចំណង​ទាក់ទង​ និង​កុំ​ឲ្យ​បង្កើត​សង្គ្រាម​ពាណិជ្ជកម្ម​ជុំវិញ​ការ​យក​ពន្ធ

មេដឹក​នាំ​សហភាព​អ៊ឺរ៉ុប​លោក Donald Tusk ថត​រូប​ជាមួយ​នឹង​លោក​អធិការបតី​អូទ្រីស Sebastian Kurz មុន​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

មេដឹក​នាំ​សហភាព​អ៊ឺរ៉ុប​លោក Donald Tusk បាន​អំពាវនាវ​ទៅ​កាន់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump ឲ្យ​រក្សា​ទំនាក់ទំនង​ជាមួយ​ប្រទេស​នានា​នៅ​សងខាង​មហាសមុទ្រ​អាត្លង់ទិក​ដែល​មាន​ជា​យូរ​មក​ហើយ​ ដែល​នា​ពេល​ថ្មីៗ​នេះ​បាន​កើន​ឡើង​ភាពតានតឹង​កាន់​តែ​ខ្លាំង​ ចាប់​តាំង​ពី​លោក Trump ប្រកាស​យក​ពន្ធ​ពាណិជ្ជកម្ម​លើ​ការ​នាំ​ចូល​ដែកថែប​និង​អាលុយមីញ៉ូម​មក។

លោក Tusk បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅក្នុង​ទីក្រុង​ហែលស៊ិនគី​ ប្រទេស​ហ្វាំងឡង់​កាល​ពី​ថ្ងៃ​ពុធ​ថា «ជាជាង​មាន​ភាពប្រថុយប្រថាន​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ ដែល​លោក Trump ហាក់​ដូចជា​ចង់​បង្កើត​ឡើង​នោះ​ យើង​គួរ​តែ​ខិតខំ​ស្វែង​រក​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​វិញ»។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ លោក Trump នៅ​តែ​បន្ត​មិន​អើពើ​ទៅ​នឹង​ការតវ៉ា​ប្រឆាំង​ពី​ខាង​ក្រៅ​ប្រទេស​ និង​នៅ​ក្នុង​គណបក្ស​សាធារណៈ​របស់​លោក​ ដោយ​លោក​បាន​បង្ហោះសារ​ថា «យើង​មិន​អាច​បិទ​ភ្នែក​និង​បណ្តោយ​ឲ្យ​ពាណិជ្ជកម្ម​អយុត្តិធម៌​កើត​ឡើង​មក​លើ​ប្រទេស​របស់​យើង​បាន​ទេ»។

លោក ​Trump នៅ​តែ​បន្ត​សម្រេច​យក​ពន្ធ​ទៅ​លើ​ផលិតផល​នាំចូល​ទាំងនេះ​ថា​ជា​ការ​ចាំបាច់​ដើម្បី​ការពារ​សន្តិសុខ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​លោកស្រី Cecilia Malmstrom គណៈកម្មការ​ពាណិជ្ជកម្ម​សហភាព​អ៊ឺរ៉ុប​និយាយ​ថា​ការ​អះអាង​ដូច្នេះ​របស់​លោក Trump ​គ្រាន់​តែ​ជា​លេស​មួយប៉ុណ្ណោះ។ លោកស្រី​បាន​ថ្លែង​ថា «យើង​សង្ស័យ​ថា​ការ​សម្រេច​ដូច្នេះ​របស់​សហរដ្ឋអាមេរិក​គឺ​មិនមែន​ដោយ​សារ​ហេតុផលការពារ​សន្តិសុខ​ជាតិ​ទេ ប៉ុន្តែ​ដោយសារ​តែ​ការពារ​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​វិញ​ទេ»៕