ប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen នៅថ្ងៃអង្គារនេះបានជំរុញឱ្យមានការគាំទ្រលើ «ការស្តារ» ប្រទេសអ៊ុយក្រែនឡើងវិញ «ឱ្យបានឆាប់» ស្របពេលដែលប្រទេសនេះកំពុងប្រឈមនឹងអ្វីដែលអ្នកស្រីហៅថាជាការវាយប្រហារដោយមានគោលដៅរបស់កងកម្លាំងរុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
នៅក្នុងការថ្លែងនៅក្នុងសន្និសីទមួយនៅក្នុងរដ្ឋធានីប៊ែរឡាំងនៃប្រទេសអាល្លឺម៉ង់ដែលពិភាក្សាអំពីការរើបឡើងវិញនិងការកសាងឡើងវិញសម្រាប់ប្រទេសអ៊ុយក្រែន អ្នកស្រី Von der Leyen បាននិយាយថា ប្រទេសរុស្ស៊ីកំពុងធ្វើយ៉ាងណាដើម្បីឱ្យបានកាត់ផ្តាច់ប្រព័ន្ធសេវាកម្មទឹក កម្តៅ និងអគ្គិសនីសម្រាប់ពលរដ្ឋអ៊ុយក្រែននៅពេលដែលរដូវរងាកំពុងឈានចូលមកដល់។ អ្នកស្រីបញ្ជាក់ថា ការវាយប្រហារដូចនេះរបស់រុស្ស៊ី «គឺជាសកម្មភាពភេរវកម្មសុទ្ធសាធ»។
អ្នកស្រី Von der Leyen បានពណ៌នាអំពីការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែននៅក្រោយការឈ្លានពានរបស់រុស្ស៊ីរយៈពេល ៨ ខែកន្លងមកនេះថាមាន «ទំហំធំធេងគួរឱ្យភ្ញាក់ផ្អើល»។
សន្និសីទនេះមានការចូលរួមពីតំណាងមកពីរដ្ឋាភិបាលថ្នាក់ជាតិនានា ស្ថាប័នសិក្សាអប់រំ និងអង្គការអន្តរជាតិផ្សេងៗ។ សហភាពអឺរ៉ុបបានបញ្ជាក់ថា ការពិភាក្សានេះផ្តោតលើវិធីផ្ដល់អាទិភាពលើតម្រូវការរបស់ប្រទេសអ៊ុយក្រែននិងជម្រើសដែលមានស្រាប់សម្រាប់គម្រោងហិរញ្ញវត្ថុនានា។
រដ្ឋាភិបាលអ៊ុយក្រែន គណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុប និងធនាគារពិភពលោកបានប៉ាន់ស្មាននៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីខែកញ្ញាកន្លងទៅនេះថា គេអាចត្រូវការទឹកប្រាក់ប្រមាណ ៣៥០ ពាន់លានដុល្លារអាមេរិកដើម្បីកសាងប្រទេសអ៊ុយក្រែនឡើងវិញ នៅក្រោយការឈ្លានពានរបស់រុស្ស៊ី៕
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។