សហភាព​អឺរ៉ុប​ជំរុញ​ឲ្យមាន «អន្តរកាល​ប្រកប​ដោយ​របៀប​រៀបរយ សន្តិវិធី និង​បរិយាបន្ន» នៅ​ស៊ីរី

ក្មេងស្រីស៊ីរី​ម្នាក់​ដែល​មាន​ទង់​បដិវត្តន៍​លាប​លើ​មុខ ញញឹម​ខណៈ​នាង​អបអរថ្ងៃ​ទី​ពីរ​នៃ​ការ​ដណ្តើម​កាន់កាប់​ទីក្រុង​ដោយ​ពួក​បះបោរ​នៅ​ក្នុង​ក្រុងដាម៉ាស ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ចន្ទ ទី៩ ខែ​ធ្នូ ឆ្នាំ​២០២៤។

សហភាព​អឺរ៉ុប​បាន​ជំរុញ​កាលពី​ថ្ងៃ​ចន្ទ​ឲ្យ​មាន​អន្តរកាល​នយោបាយ​ដោយ​សន្តិវិធី​នៅ​ប្រទេស​ស៊ីរី​ដែល​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម ក្រោយពី​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ក្រុម​អ៊ិស្លាម​និយម​បាន​បណ្តេញ​ប្រធានាធិបតី​ស៊ីរី​លោក Bashar al-Assadចេញពី​អំណាច។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ប្លុក​ដែល​មាន​ប្រទេស ២៧ ជា​សមាជិក​នេះ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «វា​ចាំបាច់​ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ក្នុង​កិច្ច​សន្ទនា​បែប​បរិយាបន្ន​ដែល​បង្កើត​ឡើង​និង​ដឹកនាំ​ដោយ​ប្រជាពលរដ្ឋ​ស៊ីរី​ផ្ទាល់​អំពី​បញ្ហា​គន្លឹះ​នានា​ដើម្បី​ធានា​ឲ្យ​បាន​នូវ​អន្តរកាល​មួយ​ប្រកបដោយ​របៀប​រៀបរយ សន្តិវិធី និង​បរិយាបន្ន»។

សហភាព​អឺរ៉ុប​ថា វា «មាន​សារៈសំខាន់​ខ្លាំង​បំផុត​ក្នុង​ការ​រក្សា​បូរណភាព​ទឹកដី​របស់​ស៊ីរី​និង​គោរព​ឯករាជ្យភាព អធិបតេយ្យភាព និង​ស្ថាប័ន​រដ្ឋ​របស់​ស៊ីរី និង​ច្រានចោល​រាល់​ទម្រង់​ទាំងអស់​នៃ​អំពើ​ជ្រុល​និយម»។

សេចក្តី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​នោះ​បាន​បន្ថែម​ថា៖ «យើង​ជំរុញ​ឲ្យ​តួអង្គ​ទាំងអស់​បញ្ចៀស​នូវ​អំពើ​ហិង្សា​បន្ថែម​ទៀត​ដើម្បី​ធានា​នូវ​ការ​ការពារ​ជន​ស៊ីវិល​និង​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​អន្តរជាតិ ដែល​ក្នុង​នោះ​រួមទាំង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ផងដែរ»។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​បាន​អំពាវនាវ​ឲ្យ​មាន «ការ​ការពារ​សមាជិក​នៃ​ក្រុម​ជាតិសាសន៍​ភាគតិច​ទាំងអស់ រួមទាំង​អ្នក​កាន់​សាសនា​គ្រិស្ត​និង​អ្នក​កាន់​សាសនា​ភាគតិច​ផ្សេង​ទៀត ក៏​ដូចជា​ការ​ការពារ​សុវត្ថិភាព​ជនបរទេស​និង​ការ​គោរព​តំណាងទូត​នានា​ក្នុង​ទីក្រុង​ដាម៉ាស​ផងដែរ»។

ការ​វាយលុក​ដ៏​លឿន​ដូច​ផ្លេកបន្ទោរ​ដែល​ដឹកនាំ​ដោយ​ពួក​ឧទ្ទាម​អ៊ិស្លាម​និយម​បាន​បណ្តេញ​លោក Assad ចេញពី​អំណាច​កាលពី​ថ្ងៃ​អាទិត្យ ដោយ​បើក​ទំព័រ​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ស៊ីរី​នៅ​ក្រោយ​ការ​គ្រប់គ្រង​រយៈពេល ៥ ទសវត្សរ៍​របស់​ក្រុម​គ្រួសារ​លោក Assad៕