សហភាពអឺរ៉ុប និងប្រទេសតួកគីបានសម្រេចកិច្ចព្រមព្រៀងមួយដើម្បីកាត់បន្ថយលំហូរជនចំណាកស្រុកចូលក្នុងទ្វីបអឺរ៉ុបដែលមិនធ្លាប់មានច្រើនបែបនេះពីពេលមុនមក។
ថ្លែងទៅកាន់អ្នកកាសែតនៅក្រោយសន្និសីទកំពូលនៅក្នុងក្រុងព្រុចសែល កាលពីថ្ងៃសុក្រ លោក Donald Tusk ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកនាយករដ្ឋមន្ត្រីតួកគី Ahmet Davutoglu បានហៅកិច្ចព្រមព្រៀងនេះថា ជាកិច្ចព្រមព្រៀងមួយគួរកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រ។
លោក Davutoglu បាននិយាយថាថ្ងៃសុក្រទី១៨ខែមីនាជា «ទិវាប្រវត្តិសាស្ត្រ» មួយសម្រាប់ប្រទេសលោក និងសហភាពអឺរ៉ុប។
លោក Davutoglu បាននិយាយថា «ថ្ងៃនេះក៏ជាទិវាប្រវត្តិសាស្ត្រមួយដែរពីព្រោះយើងបានសម្រេចកិច្ចព្រមព្រៀងសំខាន់មួយរវាងប្រទេសតួកគី និងសហភាពអឺរ៉ុប។ នៅថ្ងៃនេះយើងដឹងថាប្រទេសតួកគី និងសហភាពអឺរ៉ុបមានជោគវាសនាដូចគ្នា មានឧបសគ្គដូចគ្នា និងមានអនាគតដូចគ្នាផងដែរ»។
កាលពីពេលមុននេះ លោក Tusk បានសរសេរក្នុងបណ្តាញ tweeter ថា«កិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទមួយរវាងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃសហភាពអឺរ៉ុប និងនាយករដ្ឋមន្ត្រីនៃប្រទេសតួកគីស្តីពីសេចក្តីថ្លែងការណ៍រវាងសហភាពអឺរ៉ុបនិងប្រទេសតួកគី» បានត្រូវសម្រេចហើយ។
កិច្ចព្រមព្រៀងនេះតម្រូវឱ្យជនចំណាកស្រុកថ្មីៗទាំងអស់ដែលធ្វើដំណើរពីប្រទេសតួកគីចូលទៅក្នុងប្រទេសក្រិកនៅក្រោយថ្ងៃអាទិត្យទី២០ ខែមីនានឹងត្រូវវិលត្រឡប់ទៅកាន់ប្រទេសតួកគីវិញនៅក្នុងអ្វីដែលហៅថា «វិធានការបណ្តោះអាសន្ន និងពិសេស» មួយដើម្បីបញ្ចប់ទុក្ខវេទនារបស់មនុស្ស និងធ្វើឱ្យមានរបៀបរាយរយឡើងវិញ។ ការវិលត្រឡប់ទៅវិញដោយពិតប្រាកដនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែមេសា។
ជាថ្នូរ ប្រទេសតួកគីដែលបានផ្តល់ជម្រកដល់ជនជាតិស៊ីរីជិតបីលាននាក់ហើយនោះនឹងទទួលជំនួយហិរញ្ញវត្ថុ ចូលរួមកិច្ចចរចាសុំចូលជាសមាជិកនៃសហភាពអឺរ៉ុបដោយលឿនជាងមុន និងមានការធ្វើដំណើរដោយគ្មានទិដ្ឋាការសម្រាប់ពលរដ្ឋតួកគីនៅក្នុងតំបន់ Schengen៕