គណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបនឹងដាក់ចេញនូវសំណើមួយក្នុងខែមីនានេះ ដើម្បីបង្កើតលិខិតឆ្លងដែនឌីជីថលដែលបង្ហាញថា អ្នកកាន់លិខិតឆ្លងដែននោះបានចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ ដើម្បីប្រើប្រាស់នៅទូទាំងទ្វីបអឺរ៉ុប។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លិខិតឆ្លងដែននេះនឹងអនុញ្ញាតឲ្យពលរដ្ឋអឺរ៉ុបអាចធ្វើដំណើរដោយសេរីជាងមុនបាន ក្នុងអំឡុងពេលនៃការឈប់សម្រាករដូវក្តៅដ៏ពេញនិយមនៅពេលខាងមុខនេះ។
ប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen បានប្រកាសអំពីសំណើច្បាប់នេះ នៅក្នុងសុន្ទរកថារបស់អ្នកស្រីទៅកាន់សមាជិកសភាអភិរក្សនិយមរបស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃចន្ទម្សិលមិញ។
លិខិតឆ្លងដែនដែលហៅថា «ប័ណ្ណឆ្លងដែនឌីជីថលបៃតង» នេះ នឹងផ្តល់នូវភស្តុតាងថា អ្នកកាន់ប័ណ្ណនេះ បានចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ។ ប័ណ្ណនេះក៏នឹងបង្ហាញផងដែរនូវលទ្ធផលនៃការធ្វើតេស្តរបស់អ្នក ដែលមិនទាន់បានចាក់វ៉ាក់សាំង និងព័ត៌មានអំពីការជាសះស្បើយសម្រាប់អ្នក ដែលបានជាសះស្បើយពីជំងឺកូវីដ១៩ នេះផងដែរ។
អ្នកស្រី Ursula von der Leyen បានបញ្ជាក់នៅលើ Twitter ថា៖ «គោលបំណងគឺដើម្បីអនុញ្ញាតជាបណ្ដើរៗឲ្យអ្នកទាំងនោះ អាចធ្វើដំណើរដោយសុវត្ថិភាពនៅក្នុងសហភាពអឺរ៉ុប ឬទៅបរទេសសម្រាប់ការងារ ឬក៏ទេសចរណ៍បាន»។
មេដឹកនាំនានានៅសហភាពអឺរ៉ុបបានឯកភាពគ្នាកាលពីសប្តាហ៍មុន នៅក្នុងការចេញប័ណ្ណបញ្ជាក់សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយ។
ទោះជាយ៉ាងនេះក្តី ប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុបបានលើកឡើងថា ខ្លួនត្រូវការការបញ្ជាក់ឲ្យដឹងជាមុនសិនថា អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ ពិតជាមិនអាចចម្លងជំងឺនេះទៅឲ្យអ្នកដទៃបាន៕