សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ បានបញ្ជូនរបាយការណ៍បឋមរបស់ខ្លួនទៅឱ្យអាជ្ញាធរកម្ពុជា ស្ដីពីលទ្ធផលនៃការស៊ើបអង្កេតទៅលើការចោទប្រកាន់អំពីការរំលោភបំពានធ្ងន់ធ្ងរទៅលើលក្ខខណ្ឌ EBA ក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់គណៈកម្មការសហភាពអឺរ៉ុបទទួលបន្ទុកខាងពាណិជ្ជកម្ម ដែលបានចេញផ្សាយនៅថ្ងៃនេះ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការស៊ើបអង្កេតនោះ បានធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីពិនិត្យមើលលទ្ធភាពនៃការដកជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ Everything But Arms (EBA) ឬ គ្រប់មុខទំនិញលើកលែងតែសព្វាវុធ ពីប្រទេសកម្ពុជា។
អ្នកស្រី Cecilia Malmstrom ឧត្ដមស្នងការសហភាពអឺរ៉ុបទទួលបន្ទុកខាងពាណិជ្ជកម្ម បានសរសេរលើបណ្ដាញ Twitter របស់លោកស្រីថា៖
«យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសនោះ»។
សហភាពអឺរ៉ុប បានដាក់លក្ខខណ្ឌឱ្យរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រសើរឡើងវិញនូវស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយរួមទាំងការដោះលែងនិងផ្ដល់សេរីភាពពេញលេញឡើងវិញដល់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលតុលាការកំពូលរំលាយ ដើម្បីរក្សាឋានៈអនុគ្រោះពន្ធ EBA ដដែល។
លោក កឹម សុខា ត្រូវបានតុលាការកម្ពុជា សម្រេចបន្ធូរបន្ថយលក្ខខណ្ឌរឹតត្បិតសេរីភាពរបស់លោកកាលពីថ្ងៃអាទិត្យ ប៉ុន្តែលោកនៅតែត្រូវបានចោទប្រកាន់ពីបទ«ក្បត់ជាតិ» និងហាមប្រាមសកម្មភាពនយោបាយ និងមិនឱ្យចាកចេញពីប្រទេសនៅឡើយ។
ប្រព័ន្ធអនុគ្រោះពន្ធ EBA ធ្វើឱ្យកម្ពុជា ចំណេញពន្ធនាំទំនិញចូលសហភាពអឺរ៉ុបចំនួនប្រមាណ៧០០លានដុល្លារក្នុងមួយ១ឆ្នាំៗ។
កម្ពុជា មានពេល១ខែចាប់ពីថ្ងៃនេះ ក្នុងការឆ្លើយតបទៅនឹងរបាយការណ៍បឋមរបស់សហភាពអឺរ៉ុប ទាក់ទិននឹង EBA នេះ៕