សហភាព​អឺរ៉ុប គ្រោង​យក​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​ចំនួន ៤ ពាន់​លាន​ដុល្លារ​នៅ​សប្ដាហ៍​ក្រោយ

  • ​Reuters

រូបឯកសារ៖ ចរាចរណ៍​ឆ្លងកាត់​ផ្ទាំងប៉ាណូ​ដ៏ធំ​នៃ​រោងចក្រ​ផលិត​យន្ដហោះ​ប៊ូអ៊ីង​មួយ​នៅ​ក្រុង Everett រដ្ឋវ៉ាស៊ីនតោន កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។

មន្ត្រី​ការទូត​សហភាព​អឺរ៉ុប​បាន​និយាយ​ថា សហភាព​អឺរ៉ុប​គ្រោង​យក​ពន្ធ​ចំនួន ៤ពាន់​លាន​ដុល្លារ​អាមេរិក​លើ​ទំនិញ​នាំ​ចូល​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​ជា​ការ​សង​សឹក ​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់ប្រាក់ជំនួយ​ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ Boeing។

រដ្ឋាភិបាល​ភាគច្រើន​នៅ​ក្នុង​សហភាព​អឺរ៉ុបគាំទ្រ​ឲ្យ​មាន​ការយក​ពន្ធ​នេះ​ នៅ​ពេល​ដែល​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​បណ្ដា​ប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុប ​ជួប​ប្រជុំ​គ្នានៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។ ​នេះ ​គឺ​ជា​ដំណើរ​វិវត្តន៍​ចុងក្រោយ​បង្អស់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្មឆ្លង​មហាសមុទ្រ​អាត្លង់ទិក​រវាង​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប​ ក្នុង​រយ:ពេល​១៦ឆ្នាំ​មក​នេះ ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​មួយចំនួន​មក​ហើយ។

បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden កំពុង​តែ​ខិត​កាន់​តែ​កៀក​ទៅ​នឹង​ជ័យជម្នះ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ប៉ុន្តែ​លោក​ Trump មក​ពី​គណបក្ស​សាធារណរដ្ឋ នៅតែ​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​រហូត​ដល់​ថ្ងៃទី២០ ខែមករា និង​មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​ដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​របស់​សហភាព​អឺរ៉ុប​ ដើម្បី​ជា​ការ​សងសឹក​នឹង​អ្វី​ដែលអឺរ៉ុប​បាន​ធ្វើ​ស្រដៀង​គ្នា​ ចំពោះ​ការផ្ដល់​ប្រាក់ជំនួយ​ឲ្យ​ក្រុមហ៊ុន​ផលិត​យន្ដហោះ Airbus។

កាល​ពី​ខែ​មុន អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លោក Robert Lighthizer​ បាន​ព្រមាន​ថា ការយក​ពន្ធ​នាំចូល​របស់​អឺរ៉ុប​នឹង​ «បង្ខំ​ឲ្យ​អាមេរិក​ឆ្លើយតប» ហើយ​លោក​ Trump បាន​គំរាម​ថា​ នឹង«ឆ្លើយតប​វិញ​ឲ្យ​ខ្លាំងក្លា​ជាង​នេះ»៕