ប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃពុធនេះថា «សាមគ្គីភាព» របស់សហភាពអឺរ៉ុប «ជាមួយនឹងប្រទេសអ៊ុយក្រែននឹងនៅតែគ្មានការប្រែប្រួលដដែល»។
អ្នកស្រីបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំឈរនៅទីនេះប្រកបដោយភាពជឿជាក់យ៉ាងមុតមាំថា ដោយសារភាពក្លាហាននិងសាមគ្គីភាពដ៏ចាំបាច់ [ប្រធានាធិបតីរុស្ស៊ីលោក Vladimir] Putin នឹងបរាជ័យ ហើយទ្វីបអឺរ៉ុបនឹងទទួលជោគជ័យ»។
អ្នកស្រី von der Leyen បានហៅសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនថាជាសង្គ្រាមរបស់ «របបអត្តាធិបតេយ្យប្រឆាំងនឹងរបបប្រជាធិបតេយ្យ» និងបាននិយាយថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី «នៅតែមានជាបន្ត»។
អ្នកស្រីបានលើកឡើងដូច្នេះថា៖ «នេះជាពេលវេលាមួយសម្រាប់យើងនៅក្នុងការបង្ហាញការតាំងចិត្ត មិនមែនជាពេលវេលាសម្រាប់ការរក្សាភាពស្ងប់ស្ងៀមនោះទេ»។
ស្របពេលដែលកងទ័ពអ៊ុយក្រែននៅបន្តប្រយុទ្ធតបតនឹងការវាយប្រហាររបស់កងទ័ពរុស្ស៊ី ដោយបានវាយបកដណ្ដើមយកតំបន់ភាគឦសាន្តឱ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនវិញ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃអង្គារថា វាជារឿងសំខាន់ដែល «ដំណើរជីវភាពរស់នៅធម្មតានិងសាមញ្ញបានវិលមកវិញនៅក្នុងដែនដីដែលគ្មានការកាន់កាប់ [ដោយរុស្ស៊ី]»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press និងទីភ្នាក់ងារព័ត៌មាន Reuters។