សហភាព​អឺរ៉ុប និង​អង្គការ​សិទ្ធិ​មនុស្ស​នានា​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បញ្ឈប់​ការ​វាយ​ប្រហារ​លើ​គណបក្ស​សង្គ្រោះ​ជាតិ

សេចក្តីថ្លែង​ការណ៍របស់សហគមន៍​អឺរ៉ុប​ កាលពីថ្ងៃចន្ទ ទី៩ ខែតុលានេះ បានចាត់​ទុកថា​ការ​វិវត្តន៍នៃស្ថានភាពនយោបាយនៅកម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ ​គឺជា​«ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង‍»។

សហភាព​អឺរ៉ុប និង​អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​បញ្ជាក់​ថា វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ចម្បង​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​ការ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​នឹង​ប៉ះពាល់​ដល់​ភាព​ទុក​ចិត្ត​បាន​នៃ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង «ក្ដោបក្ដាប់​អំណាច​ទាំង​ស្រុង‍»។

កាល​ពី​សប្ដាហ៍​មុន ក្រសួង​មហាផ្ទៃ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កំពូល​ស្នើ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចោទ​ថា​បាន​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។

អង្គការ Human Rights Watch និង​អង្គការ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត រួម​ទាំង​សហភាព​អឺរ៉ុប​ផង​ដែរ កំពុង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​នូវ​សំណុំ​រឿង​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ

អង្គការ Human Rights Watch បញ្ជាក់​ថា៖ «រដ្ឋាភិបាល​ណា​ដែល​នៅតែ​ជម្នះ​ថា ប្រទេស​កម្ពុជា​មាន​ការ​គ្រប់គ្រង​ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ គួរតែ​ចាត់​វិធានការ​ដើម្បី​កែប្រែ​ស្ថានការណ៍​នេះ បើ​មិន​ដូច្នេះ​ទេ នឹង​រួម​ចំណែក​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ស្លាប់​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្ដាច់​ការ​របស់​លោក ហ៊ុន សែន‍»។ ចំណែក​ឯ​សហភាព​អឺរ៉ុប​វិញ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​គឺ​មាន​លក្ខណៈ «គួរឲ្យ​ព្រួយ​បារម្ភ​ខ្លាំង» និង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គិតគូរ​ឡើង​វិញ​អំពី​ចំណាត់ការ​របស់​ខ្លួន។

ប្រសិន​បើ​តុលាការ​កំពូល​រក​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​កំហុស​រំលោភ​លើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ គណបក្ស​នេះ​មិន​ត្រឹមតែ​ត្រូវ​បាន​រំលាយ​ចោល​នោះ​ទេ ប៉ុន្តែ​មេដឹកនាំ​របស់​គណបក្ស​នេះ​ក៏​នឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ចូលរួម​នៅ​ក្នុង​នយោបាយ​យ៉ាង​តិច​រយៈពេល ៥ ឆ្នាំ ផង​ដែរ៕