សហភាពអឺរ៉ុប បន្តទាមទារឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិនយោបាយទាំងស្រុងដល់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបន្ទាប់ពីតុលាការបានដោះលែងលោកចេញពីការឃុំឃាំងក្នុងលំនៅដ្ឋានដោយមានលក្ខខណ្ឌមិនឱ្យធ្វើសកម្មភាពនយោបាយ។
លោកស្រី ម៉ាចា កូស៊ីចាន់ស៊ីក (Maja Kocijancic) អ្នកនាំពាក្យសម្រាប់នាយកដ្ឋានគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខរបស់សហភាពអឺរ៉ុបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃច័ន្ទនេះថា៖
«សហភាពអឺរ៉ុបសូមបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃសកម្មភាពបន្ទាន់ដែលអាជ្ញាធរកម្ពុជាត្រូវធ្វើគឺ បើកលំហរនយោបាយនៅក្នុងប្រទេសនេះ បង្កើតលក្ខខណ្ឌចាំបាច់ឱ្យមានគណបក្សប្រឆាំងតាមលទ្ធិប្រជាធិបតេយ្យដែលគួរឱ្យទុកចិត្តបាននិងបង្កើតដំណើរការផ្សះផ្សារជាតិតាមរយៈការចរចាពិតប្រាកដនិងមានការចូលរួមគ្រប់ភាគីទាំងអស់។ ជាពិសេស យើងរំពឹងថាលោកកឹម សុខា នឹងត្រូវបានដោះលែងទាំងស្រុងហើយសិទ្ធិនយោបាយរបស់លោកត្រូវបានស្តារឡើងវិញដើម្បីឱ្យលោកដើរតួនាទីពេញលេញក្នុងឆាកនយោបាយ»។
តុលាការរាជធានីភ្នំពេញបានផ្តល់សេរីភាពដល់លោកកឹមសុខាមួយជំហានកាលពីថ្ងៃអាទិត្យដោយដោះលែងលោកឱ្យនៅក្រៅឃុំឃាំងក្នុងលំនៅដ្ឋានប៉ុន្តែហាមឃាត់មិនឱ្យចាកចេញពីប្រទេសនិងធ្វើសកម្មភាពនយោបាយ។
សហភាពអឺរ៉ុបបានចាត់ទុកថានេះគ្រាន់តែជា «ជំហានទីមួយឆ្ពោះទៅគោលដៅត្រឹមត្រូវ»ហើយក៏បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាប្រគល់សិទ្ធិនយោបាយដល់មន្ត្រីទាំងអស់របស់អតីតគណបក្សប្រឆាំងនេះក៏ដូចជាការដោះលែងអ្នកទោសនយោបាយដែលកំពុងជាប់ឃុំឃាំង។
សហភាពអឺរ៉ុបគ្រោងនឹងប្រកាសពីការដាក់ឬមិនដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជានៅសប្តាហ៍នេះតាមរយៈការព្យួរប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» (EBA) ដោយសារតែការធ្លាក់ចុះខាងផ្នែកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។
គណបក្សសង្គ្រោះជាតិត្រូវតុលាការរំលាយកាលពីជាង២ឆ្នាំមុនហើយបានហាមឃាត់មន្ត្រីគណបក្សចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយដែលនាំឱ្យពួកគេខ្លះបានរត់ភៀសខ្លួនចេញពីប្រទេស។ រហូតមកដល់ពេលនេះមានអតីតសកម្មជននិងមន្ត្រីគណបក្សប្រឆាំងចំនួន៥០នាក់ត្រូវបានតុលាការឃុំឃំាងពីបទចូលរួមសកម្មភាពផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ ជាពិសេសក្រោយពីលោកសម រង្ស៊ីប្រធានស្តីទីគណបក្សបានប្រកាសពីគម្រោងវិលមកប្រទេសកម្ពុជានៅថ្ងៃទី៩ខែវិច្ឆិកា៕