គណៈកម្មការអឺរ៉ុប ដែលជាផ្នែកនីតិប្រតិបត្តិរបស់សហភាពអឺរ៉ុប បានស្នើកាលពីថ្ងៃចន្ទម្សិលមិញឲ្យប្រទេសជាសមាជិករបស់ខ្លួនទាំង ២៧ អនុញ្ញាតឲ្យអ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញរួចហើយចូលទៅក្នុងប្រទេសរបស់ខ្លួនបាន និងបានបញ្ជាក់ថា វ៉ាក់សាំងនោះ គឺចង់សំដៅដល់វ៉ាក់សាំងណាដែលទទួលស្គាល់ដោយសហភាពអឺរ៉ុបតែប៉ុណ្ណោះ។
ការធ្វើដំណើរទៅកាន់សហភាពអឺរ៉ុបនៅពេលបច្ចុប្បន្ននេះ មានការកម្រិតបំផុត លើកលែងតែប្រទេសមួយចំនួនតូចដែលមានអត្រាឆ្លងជំងឺកូវីដ១៩ ទាប ដូចជាប្រទេសអូស្ត្រាលី នូវែលសេឡង់ និងកូរ៉េខាងត្បូងជាដើម។
នៅឯសន្និសីទកាសែតក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបលោក Adalbert Jahnz បាននិយាយថា សំណើនេះស្នើប្រទេសជាសមាជិកឲ្យផ្ដល់ការអនុញ្ញាតធ្វើដំណើរចូលក្នុងប្រទេសរបស់ពួកគេដល់អ្នកទេសចរណាដែលអាចបង្ហាញថា បានចាក់វ៉ាក់សាំងកូវីដ១៩ បានពេញលេញបានច្រើនជាង ១៤ ថ្ងៃ មុនពេលធ្វើដំណើរ។
នៅក្រោមសំណើនេះ ប្រទេសនានានៅក្នុងសហភាពអឺរ៉ុបនឹងយល់ព្រមទទួលស្គាល់លិខិតបញ្ជាក់អំពីការចាក់វ៉ាក់សាំងដែលចេញដោយប្រទេសផ្សេង ក្រៅពីប្រទេសជាសមាជិកសហភាពអឺរ៉ុប ប្រសិនបើលិខិតនោះមានទិន្នន័យពាក់ព័ន្ធពេញលេញនិងអាចផ្ទៀងផ្ទាត់បាន។
ប្រទេសជាសមាជិកសហភាពអឺរ៉ុបនីមួយៗក៏មានជម្រើសទទួលយកអ្នកធ្វើដំណើរណាដែលបានចាក់វ៉ាក់សាំងដែលអង្គការសុខភាពពិភពលោក (WHO) អនុញ្ញាតឲ្យប្រើក្នុងគ្រាបន្ទាន់ផងដែរ។
សំណើនេះទំនងជាព័ត៌មានស្វាគមន៍មួយសម្រាប់ប្រទេសនានានៅទ្វីបអឺរ៉ុប ដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ជាពិសេសប្រទេសនៅអឺរ៉ុបខាងត្បូង ស្របពេលដែលរដូវក្តៅជិតចូលមកដល់៕