លោក Josep Borrell ប្រធានផ្នែកគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប បាននិយាយថា រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានយល់ស្របគ្នានៅក្នុងការបន្តនិងបង្កើនការគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន និងពិចារណាអំពីកញ្ចប់ទណ្ឌកម្មថ្មីមួយដើម្បីដាក់លើបុគ្គលមួយចំនួនរបស់ប្រទេសរុស្ស៊ីនិងលើវិស័យខ្លះនៃសេដ្ឋកិច្ចរបស់រុស្ស៊ី។
លោក Borrell បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតកាលពីយប់ថ្ងៃពុធនៅក្រោយការប្រជុំថ្នាក់រដ្ឋមន្ត្រីពិសេសមួយនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិកថា សេចក្តីលម្អិតនៃកញ្ចប់ទណ្ឌកម្មថ្មីនេះនឹងត្រូវកំណត់ដោយក្រុមអ្នកតំណាងនៃសហភាពអឺរ៉ុប ប៉ុន្តែលោកប្រាកដក្នុងចិត្តថានឹងមានការគាំទ្រជាឯកច្ឆន្ទ។
លោកបាននិយាយថា វាជាការសំខាន់សម្រាប់រដ្ឋមន្ត្រីការបរទេសទាំងនេះនៅក្នុងការជួបប្រជុំគ្នានិងបញ្ជូន «សារដ៏មានឥទ្ធិពល» មួយ នៅចំថ្ងៃដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រកាសអំពីការកេណ្ឌទ័ពមួយផ្នែកបន្ថែមទៀតក្នុងចំណោមក្រុមទាហានបម្រុងរបស់ប្រទេសរុស្ស៊ី និងថា លោក Putin «កំពុងព្យាយាមបំផ្លាញប្រទេសអ៊ុយក្រែន»។
លោក Borell បានលើកឡើងបន្តថា បន្ថែមពីលើ «ទុក្ខវេទនាខ្លាំងក្លាដែលបង្កឡើងដោយសារភាពគឃ្លើនរបស់រុស្ស៊ីលើប្រជាពលរដ្ឋអ៊ុយក្រែន រដ្ឋាភិបាលរុស្ស៊ីបានជ្រើសរើសពង្រីកផលវិបាកនៃសង្គ្រាមនេះទៅលើប្រជាពលរដ្ឋរបស់ខ្លួន»។
លោកបានបញ្ជាក់បន្ថែមថា ការលើកឡើងរបស់លោក Putin ដែលមានគោលបំណងសំដៅដល់ឆន្ទៈរបស់រដ្ឋាភិបាលរុស្ស៊ីនៅក្នុងការប្រើអាវុធនុយក្លេអ៊ែរប្រសិនបើចាំបាច់ដើម្បីការពារខ្លួននោះ គឺជា «ការប៉ុនប៉ងគ្មានការទទួលខុសត្រូវនិងក្នុងបំណងអាក្រក់ដើម្បីបំផ្លាញការគាំទ្រគ្មានងាករេរបស់យើងចំពោះប្រទេសអ៊ុយក្រែន»។
លោក Borrell បានថ្លែងដូច្នេះថា៖ «ការគំរាមកំហែងទាំងនេះធ្វើឱ្យមានគ្រោះថ្នាក់ក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមកចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ប៉ុន្តែ ការគំរាមកំហែងទាំងនេះមិនធ្វើឱ្យរង្គោះរង្គើដល់ការប្ដេជ្ញាចិត្តរបស់យើង ការតាំងចិត្តរបស់យើង សាមគ្គីភាពរបស់យើងនៅក្នុងការឈរជាមួយប្រទេសអ៊ុយក្រែន និងការគាំទ្រដ៏ទូលំទូលាយរបស់យើងចំពោះសមត្ថភាពរបស់អ៊ុយក្រែននៅក្នុងការការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់ខ្លួននោះទេ មិនថាត្រូវចំណាយពេលយូរប៉ុណ្ណានោះឡើយ»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។