មន្ត្រីសហភាពអឺរ៉ុបបានថ្លែងថា ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជាចូលជាធរមាននៅថ្ងៃពុធទី១២ ខែសីហា នេះ បន្ទាប់ពីគ្មានសមាជិកសហភាពអឺរ៉ុបណាម្នាក់ជំទាស់នឹងការសម្រេចរបស់គណៈកម្មការអឺរ៉ុប ហើយរដ្ឋាភិបាលកម្ពុជា មិនបានកែលម្អស្ថានការណ៍សិទ្ធិមនុស្ស និងសិទ្ធិពលកម្មទេ។
ប៉ុន្តែបើទោះបីជាទណ្ឌកម្មចូលជាធរមាន ក៏សហភាពអឺរ៉ុប នៅតែចង់ឃើញការកែលម្អស្ថានការណ៍នៅកម្ពុជាឲ្យបានប្រសើរឡើងវិញ។
អ្នកស្រី គីងហ្កា ម៉ាលីនណូវស្កា (Kinga MALINOWSKA) មន្ត្រីព័ត៌មានខាងផ្នែកពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់វីអូអេតាមសារអេឡិកត្រូនិកកាលពីសប្តាហ៍មុនថា៖
«គណៈកម្មការ និងសេវាសកម្មភាពការបរទេសនៃសហភាពអឺរ៉ុបនឹងបន្តធ្វើការជាមួយនឹងអាជ្ញាធរកម្ពុជាដើម្បីតាមដានយ៉ាងដិតដល់លើស្ថានភាពសិទ្ធិមនុស្សនិងពលកម្មនៅក្នុងប្រទេសកម្ពុជា។ យើងនៅបន្តបញ្ជាក់ជាថ្មីនូវគោលជំហររបស់យើងដែលអំពាវនាវឲ្យអាជ្ញាធកម្ពុជាចាត់វិធានការជាក់លាក់ដើម្បីដោះស្រាយការព្រួយបារម្ភរបស់សហភាពអឺរ៉ុបដូចដែលបានបង្ហាញជូនក្នុងច្បាប់ប្រតិភូកម្មអំណាច»។
សហភាពអឺរ៉ុប គឺជាទីផ្សារដ៏ធំជាងគេបំផុតសម្រាប់ប្រទេសកម្ពុជាដោយទទួលទិញទំនិញគ្រប់មុខក្នុងទឹកប្រាក់ជាង៦,៣ ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ដោយក្នុងនោះទំនិញចំនួនជាង៦,១ពាន់លានដុល្លារមិនត្រូវបង់ពន្ធទេដោយស្ថិតនៅក្រោម កិច្ចព្រមពៀង«គ្រប់មុខទំនិញលើកលែងសព្វាវុធ» (EBA) ដែលកម្ពុជាទទួលបានតាំងពីឆ្នាំ២០០១។ តាមរយៈកិច្ចព្រមព្រៀងនេះកម្ពុជាចំណេញប្រាក់ពន្ធយ៉ាងហោចណាស់ជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗ។
ចាប់ពីពេលទណ្ឌកម្មនេះចូលជាធរមាន គឺទំនិញកម្ពុជាដែលនាំចូលសហភាពអឺរ៉ុបចម្បងគឺផលិតផលសម្លៀកបំពាក់និងស្បែកជើងចំនួន២០ភាគរយដែលមានទំហំទឹកប្រាក់សរុបជាង១ពាន់លានដុល្លារនឹងត្រូវបង់ពន្ធធម្មតាដោយគ្មានការអនុគ្រោះឡើយ។
ប៉ុន្តែមន្ត្រីគណបក្សកាន់អំណាចហាក់ទទួលយកទណ្ឌកម្មនេះដោយអះអាងពីជំហរដដែលៗថាកម្ពុជាមិនអាចលះបង់អធិបតេយ្យភាពជាតិដោយសារតែសម្ពាធពីបរទេសឡើយ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេថា៖
«ខ្ញុំយល់ថារាជរដ្ឋាភិបាលកម្ពុជាមិនអាចយកអធិបតេយ្យភាពទៅដូរនឹង EBA របស់សហភាពអឺរ៉ុបបានទេពីព្រោះលោកបានបញ្ជាក់តាំងពីដើមទីមកហើយ។ ដូច្នេះវាអត់មានសញ្ញាណាមួយដែលបញ្ជាក់ថានឹងរកចំណុចរួមបានឬមួយក៏រាជរដ្ឋាភិបាលបន្ទោរបន្ទន់ឥរិយាបទចំពោះការដាក់លក្ខខណ្ឌរបស់សហភាពអឺរ៉ុបទេ»។
ការដាក់ទណ្ឌកម្មនេះដោយសារក្រុមប្រឹក្សាអឺរ៉ុបបានរកឃើញថា រដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋដែលក្នុងនោះមានការរំលោភយ៉ាងធ្ងន់ធ្ងរនិងជាប្រព័ន្ធលើគណបក្សប្រឆាំង សារព័ត៌មាននិងអង្គការសង្គមស៊ីវិល។
គណៈកម្មការសហភាពអឺរ៉ុបបានចាប់ផ្តើមនីតិវិធីពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀង«គ្រប់មុខទំនិញលើកលែងសព្វាវុធ» បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនលោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិនៅខែកញ្ញាឆ្នាំ២០១៧ហើយតុលាការកំពូលបានរំលាយគណបក្សប្រឆាំងដ៏ធំនេះដែលបានបង្ខំឲ្យមន្ត្រីគណបក្សជាច្រើនរត់ភៀសខ្លួនចេញក្រៅប្រទេសដើម្បីជៀសវាងការធ្វើទុក្ខបុកម្នេញ។
Your browser doesn’t support HTML5
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនីរទេសខ្លួននៅប្រទេសបារាំងបានបញ្ជាក់ប្រាប់វីអូអេថា រដ្ឋាភិបាលកម្ពុជាមិនបានធ្វើសកម្មភាពអ្វីដើម្បីកែលម្អស្ថានការណ៍ទេហើយបណ្តែតបណ្តោយឲ្យទណ្ឌកម្មនេះចូលជាធរមានដែលនឹងមានផលប៉ះពាល់ដល់កម្មករនិងក្រុមគ្រួសាររបស់ពួកគេ។
លោក សម រង្ស៊ី បានរិះគន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឆ្លើយតប សូម្បីតែជានិម្មិតរូបចំពោះកង្វល់របស់សហភាពអឺរ៉ុបទេ ហើយលោកចោទថា ការប្រើពាក្យ«អធិបតេយ្យភាព» គឺគ្រាន់តែជាខែលបិទបាំងការបន្តរក្សាអំណាចប៉ុណ្ណោះ។
«អីចឹងហើយបានយើងឃើញថា លោក ហ៊ុន សែន គាត់អត់ខ្វល់ទេ។ គាត់អត់ខ្វល់រឿង EBA ។ គាត់អត់ខ្វល់រឿងកម្មករបាត់បង់ការងារ។ គាត់អត់ខ្វល់រឿងពលរដ្ឋក្រីក្រវេទនា។ គាត់អត់ខ្វល់ទេ។ គាត់ធ្វើយ៉ាងម៉េចឲ្យតែរក្សាអំណាចរបស់គាត់។ បើគាត់ធ្វើតាមអឺរ៉ុប នោះប្រជាជនធូរស្រាលហើយ គាត់មានសង្ឃឹមអាចមានជីវភាពរស់នៅធូរស្រាលឡើងវិញ ប៉ុន្តែបើគាត់ធ្វើតាមអឺរ៉ុប គឺគាត់អាចបាត់បង់អំណាច»។
អង្គការសិទ្ធិមនុស្សនានាវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅបន្តរងការគាបសង្កត់ក្នុងនោះមានការបន្តបង្រ្កាបលើអ្នកមានទស្សនៈនយោបាយផ្ទុយ ការបំបិទការបញ្ចេញមតិដែលធ្វើឲ្យបរិយាកាសនៃការបញ្ចេញមតិនេះមានការរឹតត្បិត ការអនុវត្តក្រមព្រហ្មទណ្ឌតាមទំនើងចិត្ត ពោល គឺបទបរិហារកេរ្តិ៍ បទរួមគំនិតក្បត់ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទក្លែងបន្លំព័ត៌មាន។ ការប្រើប្រាស់ក្រមព្រហ្មទណ្ឌនេះ កើតឡើងចំពោះក្រុមគណបក្សសង្រ្គោះជាតិ ដែលគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ីកាលពីថ្ងៃទី៩ វិច្ឆិកាឆ្នាំមុន។
តាំងពីដើមឆ្នាំ២០២០មក មានអ្នកគាំទ្រនិងអតីតមន្ត្រីមូលដ្ឋាននៃគណបក្សសង្គ្រោះជាតិនិងសកម្មជនសិទ្ធិកម្មករចំនួន២១នាក់ត្រូវបានចាប់ដាក់ពន្ធនាគារដោយសារតែការបញ្ចេញមតិពីរឿងសង្គមនិងចែករំលែកព័ត៌មានតាមបណ្តាញហ្វេសប៊ុក។ ក្នុងនោះមានលោករ៉ុង ឈុនប្រធានសហភាពសហជីពកម្ពុជានិងលោកស៊ុន ធន់អតីតក្រុមប្រឹក្សាខេត្តកំពង់ធំជាដើម។ ដោយឡែកសកម្មជន១៧នាក់ទៀតត្រូវគេលួចវាយប្រហារឲ្យរងរបួស។ នេះបើតាមការបញ្ជាក់របស់គណបក្ស។
រីឯសកម្មជនការពារសិទ្ធិមនុស្សនិងអ្នកសារព័ត៌មានក៏រងការគំរាមកំហែងនិងជាប់ពន្ធនាគារជាបន្តបន្ទាប់។
ប្រធានគណបក្សសង្គ្រោះជាតិគឺ លោក កឹម សុខា ទទួលបានសេរីភាពខ្លះៗផុតពីការឃុំខ្លួននៅក្នុងលំនៅដ្ឋាន ដោយអាចធ្វើដំណើរក្នុងប្រទេស ហើយលោកបានឆ្លើយនឹងអ្នកសារព័ត៌មានម្តងម្កាលពាក់ព័ន្ធនឹងសវនាការកាត់ក្តីលោកពីបទឃុបឃិតនឹងរដ្ឋបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល។ ប៉ុន្តែអ្នកនយោបាយជើងចាស់វ័យ៦៧ឆ្នាំដែលគេទទួលស្គាល់ថាសម្បូរវោហាសាស្ត្រ ដែលមានលក្ខណៈសាមញ្ញធ្វើឲ្យពលរដ្ឋងាយស្តាប់យល់ មិនអាចធ្វើសកម្មភាពធំដុំអ្វីបាននៅឡើយទេ។ សូម្បីតែលោកទៅសួរសុខទុក្ខពលរដ្ឋនៅតាមបណ្តាខេត្ត ក៏ត្រូវបានតុលាការព្រមានថា លោកបានធ្វើខុសនឹងបទបញ្ជាដោះលែងឲ្យនៅក្រៅឃុំដែរ។
ក្នុងពេលជាមួយគ្នានេះវិបត្តិសុខភាពដែលបង្កឡើងដោយជំងឺកូវីដ១៩ បានធ្វើឲ្យការគោរពសិទ្ធិមនុស្សកាន់តែធ្លាក់ចុះ។ ពីខែមករាដល់ខែមិថុនា អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនពលរដ្ឋ១៥នាក់ ដែលបានពិភាក្សាពីវីរុសនិងចែកចាយអត្ថបទតាមបណ្តាញសង្គម។ ពលរដ្ឋចំនួន៨០នាក់ទៀត ត្រូវបានដោះលែងឲ្យនៅក្រៅឃុំហើយអាចត្រូវចាប់ខ្លួនវិញពេលណាក៏បាន។ នេះបើតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch។
សូម្បីតែអ្នកការពារសិទ្ធិមនុស្ស ក៏បានរងការគំរាមកំហែង។ លោក អំ សំអាត អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូ ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បំភិតបំភ័យកាលពីចុងខែមីនា បន្ទាប់ពីលោកបានធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការចាប់ខ្លួនពលរដ្ឋដែលបញ្ចេញមតិពាក់ព័ន្ធនឹងជំងឺរាតត្បាតនេះ។ ការណ៍នេះ នាំឲ្យអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិចំនួនបួននាក់ បានសម្តែងក្តីព្រួយបារម្ភដល់រដ្ឋាភិបាលកម្ពុជា។
អ្នកស្រី សុខ បូលីម៉ា ភរិយាលោក ឃឹម ភាណា អតីតចៅសង្កាត់ផ្សារដេប៉ូទី៣ និងក្រុមគ្រួសារអតីតមន្ត្រីគណបក្សសង្គ្រោះជាតិសរុប១៧នាក់ តែងតែចេញមកតវ៉ាជាប្រចាំជាច្រើនសប្តាហ៍មកហើយ ដោយបានដាក់ញត្តិទៅស្ថានទូតបរទេសនានាដែលមានដូចជាសហរដ្ឋអាមេរិក បារាំង អង់គ្លេស និងសហគមន៍អឺរ៉ុប ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ដោះលែងស្វាមី និងឪពុករបស់ពួកគេ។
អ្នកស្រី សុខ បូលីម៉ា បានបញ្ជាក់ប្រាប់វីអូអេថា៖
«ខ្ញុំសង្ឃឹមលើទូតមហាអំណាចធំៗ ទូតអាមេរិក អង់គ្លេស កន្លងមកដែលខ្ញុំបានដាក់ញត្តិជូនគាត់ទាំងអស់ សូមឲ្យគាត់ជួយធ្វើអន្តរាគមន៍ ដោះលែងស្វាមីខ្ញុំនិងអ្នកទាំង១៧ដោយអត់លក្ខខណ្ឌដោយគាត់គ្មានកំហុស។ នេះទី១ ហើយទី២ សុំឲ្យគាត់បើកសិទ្ធិនយោបាយឡើងវិញ ហើយសមាជិកគណបក្សសង្គ្រោះជាតិទាំងប៉ុន្មានត្រូវដោះលែងដោយអត់លក្ខខណ្ឌទាំងអស់»។
ការរឹតបន្តឹងមានសូម្បីតែលើការធ្វើបុណ្យខួបលោកបណ្ឌិតកែមឡីអតីតអ្នកវិភាគនយោបាយនិងកិច្ចការសង្គមដែលត្រូវឃាតករបាញ់សម្លាប់ក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរំខានដែរដោយគណបក្សកាន់អំណាចចោទថាអ្នករៀបចំពិធីប្រើជាលេសនយោបាយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា៖
«យើងយល់ថា នេះគឺជាចេតនាទុច្ចរិតខាងនយោបាយ។ ពេលមនុស្សរស់នៅមិនសូវមានអ្នកណារាប់អានទេ។ ដូចមិនសូវល្បីទេ ក៏ប៉ុន្តែពេលមនុស្សស្លាប់មកហើយឆ្លៀតយកសាកសពមកធ្វើចំណេញខាងនយោបាយរបស់ខ្លួន និងក្រុមបក្សពួកខ្លួនទៅវិញ។ នេះជារឿងមួយ។ គេធ្វើបុណ្យនៅទូទាំងប្រទេសមានអ្នកណាទៅហាមឃាត់ មានអ្នកណាទៅតាមឃ្លាំមើលអី ប៉ុន្តែមកពីចេតនាទុច្ចរិតមិនល្អ បង្កអរិភាពក៏ដូចជាបាតុភាពអសកម្មនៅក្នុងសង្គម គឺនេះជាកិច្ចការដែលសមត្ថកិច្ចគេមិនអនុញ្ញាតឲ្យបានទេ។ នេះមិនមែនជារឿងបិទសិទ្ធិសេរីភាពទេ»។
យ៉ាងណាក៏ដោយអ្នកវិភាគនានាមើលឃើញថា ការខាតបង់សេដ្ឋកិច្ចពីការកាត់ពន្ធអនុគ្រោះ EBA មិនជាការគំរាមកំហែងដល់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឡើយដោយសារតែតម្លៃខាតបង់ពិតប្រាកដ គឺតែក្នុងរង្វង់១០០លានដុល្លារក្នុងមួយឆ្នាំ។ ចំនួននេះ គឺតិចជាង១ភាគរយនៃផលិតផលសរុបរបស់កម្ពុជាហើយរដ្ឋាភិបាល ក៏បានស្វែងរកវិធីបន្ធូរបន្ថយនីតិវិធីពន្ធគយ និងកាត់បន្ថយការចំណាយនានាក្នុងនោះមានតម្លៃអគ្គិសនីជាដើម ដើម្បីជួយដល់រោងចក្រទាំងនោះ។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលកម្ពុជា បានងាកទៅរកប្រទេសកុម្មុយនីស្តចិនជួយគាំទ្រដោយសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ។
លោក សុខ ឥសាន បានបញ្ជាក់ថា៖
«យើងមិនសុខចិត្តស្លាប់ដោយសារសហគមន៍អឺរ៉ុបរករឿងយើងដោយសារការកាត់បន្ថយ២០ភាគរយនៃ EBA នោះទេ អ៊ីចឹងទេ ទីផ្សារអង្ករក៏ដូចជាកសិផលផ្សេងៗទៀត វាមានទីផ្សារច្រើនទៀតនៅលើពិភពលោក។ បើប្រទេសមួយ ឬ មួយចំនួនទៀតមិនត្រូវការផលិតផលពីកម្ពុជាទេ វាអាចមានប្រទេសជាច្រើនទៀតដែលត្រូវការ អ៊ីចឹងទេ ជានយោបាយរបស់រាជរដ្ឋាភិបាលលោក បានប្រកាសហើយថា នឹងខិតខំរកដៃគូថានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសនានាផ្សេងទៀតក្រៅពីសហភាពអឺរ៉ុប»។
ផលិតផលកសិកម្មដែលមានដូចជាត្រី អង្ករ ដំឡូងមី ស្វាយនិងចេក គឺជាសក្តានុពលសម្រាប់នាំទៅប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនានា។
លោក សម រង្ស៊ី ដែលជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ ចនិងហិរញ្ញវត្ថុកម្ពុជាមើលឃើញថា នេះជាការយល់ខុស៖
«លោក ហ៊ុន សែន គាត់យល់ខុសធំណាស់ គាត់នឹកស្មានថា ប្រទេសចិន អាចមកជំនួសសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ក្នុងវិស័យសេដ្ឋកិច្ចក្នុងវិស័យពាណិជ្ជកម្ម ប៉ុន្តែមិនមែនអ៊ីចឹងទេ ពីព្រោះប្រទេសចិនអត់មានទិញអ្វីដែលកម្ពុជាផលិតបានច្រើនជាងគេ គឺសម្លៀកបំពាក់ ស្បែកជើង អីវ៉ាន់ប្រើប្រាស់ពេលធ្វើដំណើរអីហ្នឹង គឺប្រទេសចិនអត់ទិញទេ។ ប្រទេសចិនជាអ្នកផលិតដូចគ្នា ហើយប្រទេសចិន គឺជាគូប្រកួតនៃប្រទេសកម្ពុជា ទៅដណ្តើមទីផ្សារនៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដូចគ្នា»។
យ៉ាងណាក៏ដោយការដាក់ទណ្ឌកម្មក្នុងទ្រង់ទ្រាយតូចនេះត្រូវបានគេមើលឃើញថា វាឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់សហភាពអឺរ៉ុប ដែលមិនចង់ធ្វើឲ្យខូចដល់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជាទេ។
អ្នកស្រី Kinga MALINOWSKA ក៏បានបន្ថែមប្រាប់វីអូអេថា ទ្វារនៅតែបើកចំហរសម្រាប់កម្ពុជា៖
«ក្នុងករណីដែលប្រទេសកម្ពុជាបង្ហាញការរីកចម្រើនដ៏សំខាន់លើផ្នែកសិទ្ធិពលរដ្ឋនិងនយោបាយ គឺគណៈកម្មការអាច នឹងពិនិត្យមើលឡើងវិញនូវការសម្រេចចិត្តនិងឋានៈអនុគ្រោះពន្ធក្រោមកិច្ចព្រមព្រៀងគ្រប់មុខទំនិញលើកលែងសព្វាវុធ»។
វិស័យកាត់ដេរនៅកម្ពុជាបានផ្តល់ការងារដល់ពលរដ្ឋជាង៧០ម៉ឺននាក់និងមានទំហំ១៦ភាគរយនៃផលិតផលសរុបហើយគ្របដណ្តប់លើ៨០ភាគរយនៃការនាំចេញទាំងអស់របស់កម្ពុជា៕