សហគមន៍​អន្តរជាតិ​ចង់​ឲ្យ​កម្ពុជា​ដោះស្រាយ​ការ​គាំង​ដំណើរ​ក្រោយ​ការ​បោះឆ្នោត

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ចាប់​ដៃ​ជាមួយ​លោក កឹម សុខា ក្នុង​អំឡុង​ជំនួប​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​ក្នុង​ពេល​កន្លង​មក។

សហគមន៍​អន្តរជាតិ​បាន​បន្ត​ដាក់​សម្ពាធជា​បន្ត​បន្ទាប់​កាល​ពី​ចុង​សប្តាហ៍​មុន​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះ​ស្រាយការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រ​តីនៃ​បញ្ហា​បោះ​ឆ្នោត​និង​អំពើ​ហិង្សា​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា។

សម្ពាធ​នេះ​កើត​ឡើង​ស្រប​ពេល​ដែល​មិន​មាន​ការ​ចរចា​ណា​មួយ​ចាប់​ផ្តើម​ឡើង​វិញ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ សភា​អឺរ៉ុបដែល​តំណាង​ឲ្យ​ប្រទេស​ចំនួន​២៨​បាន​អំពាវនាវ​ក្នុង​សេចក្តី​សម្រេច​មួយ​ក្រោយ​ពី​កិច្ច​ប្រជុំ​ពេញ​អង្គ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ទទួល​យក «​ការ​ស៊ើប​អង្កេត​មួយ​ឯករាជ្យ​ដោយ​មាន​ការ​ចូល​រួម​ពី​អន្តរជាតិ» ដើម្បី​ដោះ​ស្រាយ​ការចោទ​ប្រកាន់​អំពី​ការ​បន្លំ​សន្លឹក​ឆ្នោតក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣។

នៅ​ក្នុង​សេចក្តី​សម្រេច​នោះ​សភា​អឺរ៉ុប​បានលើក​ពី​កង្វល់​របស់​ខ្លួន​ចំពោះ​ស្ថានភាពអ្នក​ការពារ​សិទ្ធិ​និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ការ​ចាប់ខ្លួនបាតករ​ចំនួន​២៣​នាក់។
សភា​អឺរ៉ុប​អះអាង​ថា​ការចាប់ខ្លួន​ពួកគេ «ដោយ​អយុត្តិធម៌» ហើយ​ស្នើ​សុំ​ឲ្យ​ដោះ​លែង​ពួក​គេ​ជា​បន្ទាន់។

ដំណោះ​ស្រាយ​របស់​សភា​អឺរ៉ុប​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពីសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សេចក្ដី​ព្រាងថវិកា​ថ្មី ​និង​សម្រេច​ផ្អាក​ជំនួយ​មួយ​ចំនួន​ដល់​កម្ពុជា ដើម្បីដាក់​កំហិត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេតដោយឯករាជ្យ​លើ​ការ​ចោទ​ប្រកាន់​អំពី​ការ​បោះឆ្នោត​ជាតិ។ ជំនួយ​នោះ​ដែល​ផ្តោត​លើ​ជំនួយ​ដោយ​ផ្ទាល់​សម្រាប់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។

លោក​យឹម សុវណ្ណ តំណាងរាស្រ្ត​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិចាត់ទុក​ថា សេចក្តីសម្រេច​ខាង​លើ​ជា​សារ​មួយ​រំលឹក​ដល់​គណបក្ស​កាន់​អំណាច។

«ពិភព​លោក​បាន​លើក​ឡើង​ក្នុង​សម្លេង​តែមួយ​ ការពារ​យុត្តិ​ធម៌​ជូន​ប្រជាពលរដ្ឋ​ខ្មែរ។​ជា​ពិសេស​យុត្តិ​ធម៌​ជូន​ម្ចាស់​ឆ្នោត។​គឺជា​ការបញ្ជូន​សារ​ទៅ​រដ្ឋា​ភិបាល​ ទៅ​គណ​បក្ស​ប្រជាជន​កម្ពុជាថា​រដ្ឋាភិបាល​ គណបក្ស​ប្រជាជនមិន​អាច​ធ្វើ​អ្វី​បាន​តាម​អំពើ​ចិត្ត​បាន​ទេ​ មិន​អាច​ធ្វើ​អ្វី​ផ្ទុយ​ពី​ឆន្ទៈ​នយោបាយ​របស់​ពិភព​លោក​បាន​ទេ»។

លោក​ផៃ​ ស៊ីផាន រដ្ឋ​លេខា​ធិការ​និង​ជា​អ្នក​នាំពាក្យ​ទីស្តី​ការគណ​រដ្ឋមន្ត្រី​អះអាង​ថា ​នេះ​គ្រាន់​តែជា​ការ​ចង់​បាន​ពី​សហគមន៍​អន្តរជាតិ​តែ​ប៉ុណ្ណោះ។ ហើយ​វា​មិន​មែន​ជា​ការ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​ឬ​គណបក្ស​កាន់​អំណាច​នោះទេ។

«អ្វី​ដែល​លើក​ឡើង​ជា​សម្ពាធ​ខ្ញុំ​មើល​មិន​ឃើញ​ដូច្នេះ​ទេ។ គ្រាន់​តែ​ជា​ឆន្ទៈ​មួយ​ដែល​យើង​ធ្វើ​ការ​ជា​មួយ​គ្នា​ហើយ​គាត់​យល់​ច្រឡំ​ពី​អ្វី​ដែល​ជាការពិត​នៃ​ការ​វិវត្ត​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ។ ហើយ​ការ​វិវាទ​នេះ​បាន​បញ្ចប់​រួច​ទៅ​ហើយ​ដោយ​យើង​បាន​ដោះ​ស្រាយ​តាម​និតិវិធី។ ហើយ​អ្វី​ដែល​គេ​ចង់​បាន​ជា​រឿង​មួយ​ទៀត​ហើយ​យើង​ត្រូវ​ពន្យល់​គេ​បន្ថែម»។

យោង​តាម​លទ្ធ​ផល​បោះ​ឆ្នោត​ដែល​ប្រកាស​ដោយ​គណកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ឈ្នះ​បាន​៦៨​អសនៈ​និងគណ​បក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ​ឈ្នះ​បាន៥៥​អសនៈ​ក្នុងចំណោម១២៣​អាសនៈ​នៃរដ្ឋសភា។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ច្រាន​ចោល​លទ្ធផល​បោះឆ្នោត​នេះ​ដោយ​សំអាង​ថា​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្លួន​បាត់​បង់​សន្លឹក​ឆ្នោត​ដែល​ខ្លួន​គួរ​តែឈ្នះលើ​គណបក្ស​ប្រជាជន។ ហើយ​ក្រោយ​ពី​តវ៉ា​មិន​បានសម្រេច​គណបក្ស​ជំទាស់​បាន​ដឹក​នាំ​បាតុកម្ម​ជា​បន្ត​បន្ទាប់​ដើម្បី​ទាម​ទារ​ឲ្យ​ការដោះស្រាយ​ភាព​មិន​ប្រក្រតី​និង​ឲ្យ​មាន​ការបោះ​ឆ្នោត​ឡើង​វិញ​បន្ទាប់​ពី​ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​មិន​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រាង​ដែល​អាច​ទទួល​យក​បាន​ទាំង​សងខាង។

រហូត​មក​ទល់​ពេល​នេះ​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ដែល​ជា​ម្ចាស់​ជំនួយ​សំខាន់​របស់​កម្ពុជា​មិន​ទាន់បាន​ប្រកាស​ជំហរ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នូវ​លទ្ធ​ផល​នៃការ​បោះ​ឆ្នោត​នៅ​កម្ពុជាកាល​ពី​ជាង​ប្រាំ​ខែមុន​នៅ​ឡើយ។

លោក​បណ្ឌិត​ ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិក​ដែល​ជាអង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​នៅ​កម្ពុជាយល់​ថា​ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​នៅ​កម្ពុជា។

«ខ្ញុំ​គិត​ថា ​ប្រសិន​បើ​ពល​រដ្ឋ​ចង់​ឲ្យ​មា​ន​ការ​ស៊ើប​អង្កេត​អ្វី​មួយគួរ​តែ​ត្រូវ​អនុវត្តន៍​ហើយ​ការ​លើក​ឡើង​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ក៏​ជា​ចំណុច​មួយ​ដើម្បី​ជំរុញ​ឲ្យ​ខ្មែរ​និង​ខ្មែរ​ផ្សះផ្សា​ដោយ​ភាព​ប្រាកដ​និយម»។

នៅ​ក្នុង​ពេល​នេះ​ពុំ​មានការ​ចរចា​ណា​មួយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។ ការ​ចរចា​បាន​ជាប់​គាំង​ចាប់​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៣​មក​ម្ល៉េះ៕