សភា​សហភាព​អឺរ៉ុប​បោះឆ្នោត​សម្រេច​ព្យួរ​ការ​​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​កម្ពុជា

រូបឯកសារ៖ ទិដ្ឋភាពនៃសភាអឺរ៉ុបនៅទីក្រុង ប៊្រុចសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។

សភា​សហភាព​អឺរ៉ុប​បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​មួយ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ដោយ​នៅ​ក្នុង​សេចក្តី​សម្រេចចិត្ត​នោះ​ ​សភា​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ព្រឹត្តិ​ការណ៍​នយោបាយ​ ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​កំពុង​រង​ឥទ្ធិពល​ពី​ប្រទេស​ចិន​នេះ​ ​កែ​លម្អ​ជា​បន្ទាន់​នូវ​ស្ថាន​ការណ៍​អាក្រក់ៗ​កន្លង​មក​ ​ឲ្យទៅ​រកភាព​ដើម​វិញ​ ​ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ពាណិជ្ជកម្ម​បន្ត​ទៀត។​ ​នេះ​បើ​យោង​តាម​សចក្តី​សម្រេច​ចិត្ត​របស់​សភា​សហភាព​អឺរ៉ុប​ដែល​បាន​ចេញផ្សាយ​លើ​គេហ​ទំព័រ​របស់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ។​

ការ​អនុម័ត​លើ​សេចក្តី​សម្រេច​ចិត្ត​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នៅ​សភា​សហភាព​អឺរ៉ុប​ធ្វើ​ឡើង​ភ្លាមៗ​ ​ដោយ​មិនបង្អែបង្អង់​យូរ​ ​បន្ទាប់​ពី​ក្រុម​តំណាង​រាស្រ្ត​សហ​រដ្ឋ​អាមេរិក​ធ្វើ​ការ​ពិភាក្សា​រក​វិធាន​ការ​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ទីក្រុង​ភ្នំពេញ​ ក្រោម​បញ្ជា​របស់​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ភា្ញក់​រឭក​ ​ហើយ​កែ​ប្រែ​ស្ថាន​ការណ៍​នយោបាយ​ឱ្យ​ប្រសើរ​ឡើង​វិញ​ ​ក្រោយ​ការ​បង្រ្កាប​លើ​អង្គការ​សង្គម​ស៊ីវិល​ ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ​ការ​បង្ក្រាប​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​លើ​បណ្តាញ​សារព័ត៌មាន​ឯក​រាជ្យ​ក្នុង​ប្រទេស និង​ចុង​ក្រោយ​នេះ​គឺ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​សំឡេង​ប្រជា​ពល​រដ្ឋ​គាំទ្រ​ជាង​៤០​ភាគរយ​ ​នា​ពេល​បោះឆ្នោត​កន្លង​មក។​

សភា​សហភាព​អឺរ៉ុប​ កាលពី​ថ្ងៃទី​១៤​ ​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ បាន​បោះឆ្នោតទទួល​យក​ការ​ពិចារណា​លើ​ការ​ព្យួរទុក​កម្មវិធី​អនុគ្រោះ​ពាណិជ្ជកម្ម​ ​ដែល​មាន​ឈ្មោះ​ថា​ Everything but Arms ​មាន​ន័យ​ថា ​«អនុគ្រោះ​ពន្ធលើ​ទំនិញ​ទាំងអស់​លើក​លែង​តែ​អាវុធ»​ ហៅ​កាត់​ថា​ EBA ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រព្រឹត្ត​អាក្រក់​ឡើង​វិញ​នៃ​របប​ផ្តាច់​ការ​នៅ​កម្ពុជា។​

ជំហាន​របស់​សហភាព​អឺរ៉ុប​បែប​នេះ​អាច​បង្កផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​បាន​លក់​ទំនិញ​នាំចេញ​ប្រហែល​ពាក់​កណ្តាល​ទៅ​សហគមន៍​អឺរ៉ុប​ ​ហើយ​ភាគច្រើន​ជា​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​ ជាផ្នែកមួយ​នៃ​ឧស្សហកម្ម​ដែល​បាន​ផ្តល់​ការ​ងារ​ដល់​ពលរដ្ឋ​ប្រមាណ​៧០០០០០​នាក់​នៅ​ប្រទេស​កម្ពុជា។​

សេចក្តី​សម្រេច​ចិត្ត​ ដែល​និយាយ​ពីកម្ម​វិធី​អនុគ្រោះ​ពាណិជ្ជកម្ម​នេះ​បាន​ឲ្យ​ដឹង​ក្នុងន័យ​ដើម​ថា៖​

«ប្រសិន​បើ​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​សកម្មភាព​ដោយ​បំពាន​លើ​កាតព្វកិច្ច​ទាំងឡាយ​របស់​ខ្លួន​នៅ​ក្រោម​បទ​បញ្ញត្តិ​របស់​កម្មវិធី​ EBA ​នេះ​ ការ​អនុគ្រោះ​ពន្ធ​ដែល​កម្ពុជា​កំពុង​ទទួល​បាន​នា​ពេល​បច្ចុប្បន្ន​ត្រូវ​តែ​ដកចេញ​វិញ​ជា​បណ្តោះ​អាសន្ន»។​

តំណាងរាស្ត្រ​សភា​សហភាព​អឺរ៉ុប​ លោក​ Charles Tannock ​បាន​ប្រាប់​អង្គសភា​ថា​ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ឃុំ​ខ្លួន​លោក​ កឹម សុខា​ មេដឹកនាំ​គណបក្ស​ជំទាស់នេះ​ គឺ​ជាការ​វាយ​បំបែក​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យបែក​ខ្ចាត់​ខ្ចាយ​ និង​ជា​ជំហាន​ដដែលៗ​របស់​ជន​ផ្តាច់​ការទូទៅ។​

លោក​បាន​ថ្លែង​ក្នុងសភា​សហភាព​អឺរ៉ុប​តាម​ន័យ​ដើម​ថា៖​

«ប្រជាជន​កម្ពុជា​ ​ក្រោយពី​របប​ខ្មែរ​ក្រហម​នា​សតវត្សរ៍​ចុង​ក្រោយ​នេះ​ សម​នឹង​ទទួល​បាន​លទ្ធិ​ប្រជា​ធិបតេយ្យ។​ ​ពួកគេ​សម​នឹង​ទទួល​បាន​អ្វីដែល​ធ្វើឲ្យ​ពួក​គេ​បាន​ប្រសើរ​ឡើង»។

ក្រោយការ​រំលាយ​គណបក្ស​ប្រឆាំង​ ​មាន​ប្រតិកម្ម​ធ្ងន់ៗ​ជា​បន្តបន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​ និង​សហ​ភាព​អឺរ៉ុប​ ​ដោយ​បាន​ប្រកាស​កាត់​ផ្តាច់​ជំនួយ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​ទៅ​មុខ​ទៀត​ ខណៈ​ដែល​រដ្ឋាភិបាល​រដ្ឋធានី​វ៉ាស៊ីនតោនបាន​ដាក់​មន្ត្រី​កម្ពុជា​រាប់សិប​នាក់​ឲ្យ​ស្ថិត​ក្នុង​បញ្ជី​បិទ​ទិដ្ឋាការ។

ក្នុង​ការ​ប្រជុំ​ពេញអង្គ​ធ្វើ​ឡើង​នៅ​សភា​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ តំណាង​រាស្ត្រ​សហ​ភាព​អឺរ៉ុប​បាន​បោះឆ្នោត​អនុម័ត​លើ​ការ​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​រៀប​ចំ​បញ្ជី​ឈ្មោះ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ ដើម្បី​ឲ្យបុគ្គល​ទាំង​នោះ​ប្រឈម​នឹង​ការ​រឹតបន្តឹង​លើ​ទិដ្ឋាការ​ និង​ការ​បង្កក​ទុក​ទ្រព្យសម្បត្តិ​តាម​ដែល​អាច​ធ្វើទៅ​បាន។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ក៏​ប៉ុន្តែ​នៅថ្ងៃ​សុក្រ​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​បាន​ចំអក​ដល់​សហ​រដ្ឋ​អាមេរិក​ ​សហភាព​អឺរ៉ុប​ និង​ក្រុម​គណបក្ស​ប្រឆាំង​ថា​ ​អាមេរិក​ និង​អឺរ៉ុប​មិន​អាច​គាប​សង្កត់​រដ្ឋាភិបាល​លោក​ឲ្យ​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​បាន​ឡើយ។ ​លោក​ថែម​ទាំង​បាន​ថ្លែង​ទាត់​ចោល​នូវ​ផែនការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ និង​ការទូត​នានា​មក​លើ​ក្រុម​មេ​ដឹកនាំ​ និង​ក្រុមមន្ត្រី​កម្ពុជា​ទៀត​ផង។​

ថ្លែង​នៅ​ក្នុង​ពិធីជួប​ជុំ​ក្រុម​កីឡាករ ​កីឡាការិនីនៅ​រាជធានី​ភ្នំពេញ​ លោក​ ​ហ៊ុន សែនលើក​ឡើង​ថា​ ​ប្រទេស​ធំៗ​មិន​អាច​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​មក​បង្ខំ​ឲ្យ​ប្រទេស​តូចតាច​ធ្វើ​អ្វី​តាម​ខ្លួន​ចង់​បាន​នោះ​ឡើយ​ ព្រោះ​ប្រទេស​តូចៗ​មាន​សិទ្ធិការពារ​ឯករាជ្យ​ភាព​របស់​ខ្លួន។​ លោក​ថា​ វិស័យ​ឯក​ជន​ក្រៅ​ប្រទេស ក៏​នឹង​មិនធ្វើតាម​ការស្នើ​របស់​រដ្ឋាភិបាល​ផង​ខ្លួន​ឲ្យ​ឈប់​ទិញ​ទំនិញ​ពី​កម្ពុជា​ផង​ដែរ។​

«វិធានការ​ទណ្ឌកម្ម​ តាម​សំណូមពរ​របស់​អ្នក​ មិនមែន​អ្នកណា​ក៏​ចេះ​តែ​ធ្វើ​ទេ។​ កុងត្រា​ កិច្ច​សន្យា​នៃ​ការ​បញ្ជា​ទិញ​ទំនិញ​ពីស្រុក​ខ្មែរ​ គេបាន​ចុះ​ហត្ថលេខា​រួច​ហើយ។​ សួរ​ថា​ តើ​វិស័យ​ឯក​ជន​ គេព្រម​ធ្វើ​តាម​ទេ?​ ត្រូវសង​គេងាប់​នៅ​ទីនេះ​ ត្រូវ​សងគេ​ងាប់​នៅ​នេះ»។​

ទាក់​ទិន​នឹង​ការ​បោះឆ្នោត​របស់​សភា​សហ​ភាព​អឺរ៉ុប​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក ​ហ៊ុន​ សែន​ ​បាន​ថ្លែង​ដល់​របាយ​ការណ៍​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​ សភា​សហ​ភាព​អឺរ៉ុប​បាន​ចេញ​សម្រេច​ចិត្ត​ស្រដៀងៗ​គ្នា​នេះ​ ប្រាំដង​មក​ហើយ​ ​គិតចាប់​តាំង​ពី​ឆ្នាំ​២០១៤​ តែ​មិន​ដែល​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​របស់​ប្រទេស​អឺរ៉ុប​ចំនួន​២៨​ប្រទេស​ ដែល​ត្រូវ​ការ​សំឡេង​ជា​ឯក​ច្ឆន្ទ​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​កិច្ច​ការ​ណាមួយ​ដែល​ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​បរទេស។​

«សភា​អឺរ៉ុប​តាំង​ចិត្ត ​សូម្បី​តែ​អា​ភ្នំពេញ​ប៉ុស្តិ៍​ហ្នឹង​ វាក៏ចុះ​ផ្សាយ​ព្រឹ​កនេះ​ តាំង​ពីឆ្នាំ​២០១៤​មក​ដល់​ឥឡូវនេះ​ វាចេញ​សេចក្តី​សម្រេច​ដល់​ប្រាំ​ដង​ លើ​បញ្ហា​ខ្មែរ​ ប៉ុន្តែ​សួរ​ថា​ រដ្ឋាភិបាល​អឺរ៉ុប​ វា​អនុវត្ត​ទេ?​ ហើយ​ម្យ៉ាង​ទៀត​អឺរ៉ុប​វាត្រូវ​មាន​ Consensus ​[មតិរួម]​ របស់​វា»។​

សម្រាប់​ការ​គំរាម​បង្កក​ទ្រព្យ​សម្បត្តិ​ដែល​ជា​ការ​ស្នើ​របស់​សភា​សហ​ភាព​អឺរ៉ុបនោះ​ លោក​ ​ហ៊ុន សែន​ ដែល​តាម​របាយ​ការណ៍​របស់​អង្គការ​ Global Witness ​បាន​រក​ឃើញ​ថា​ ក្រុម​គ្រួសារ​លោក​មាន​ទ្រព្យ​សម្បតិ្ត​ស្មើ​នឹង​ទឹកប្រាក់​ជាង​២០០លាន​ដុល្លារនោះ​ ​បាន​អះអាង​ថា​ ​លោក​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បង្កក​ទ្រព្យសម្បត្តិ​នេះ​មក​លើ​រូប​លោក​ផ្ទាល់​ ​និង​ក្រុមម​ន្ត្រី​របស់​លោក។​ លោក​បាន​បញ្ជាក់​ថា​ ​លោក​គ្មាន​លុយ​ផ្ញើនៅ​បរទេស​ទេ​ ​ហើយ​ទ្រព្យ​សម្បត្តិ​ដែល​លោក​មានគឺ​សាលារៀន​ វត្ត​អារាម​ ស្រះ​ទឹក​ និង​ប្រឡាយ​ទឹក​ជាច្រើន​នៅ​ក្នុង​ប្រទេស។​

លោក ​ហ៊ុន សែន​ ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​

«សូមផ្តាំទៅ​ ខ្ញុំ​លើក​ទឹកចិត្ត​ឲ្យ​អឺរ៉ុប​ និង​អាមេរិក​បង្កក​ទ្រព្យ​សម្បតិ្ត​របស់​មេដឹកនាំ​កម្ពុជា។​ ខ្ញុំ​លើក​ទឹក​ចិត្ត​ថែម​ មិន​ចាំបាច់​គំរាម​ទេ ធ្វើ​ទៅ! ​អ្នកឯង​ពូកែ​ អ្នក​ឯង​ធ្វើ​ទៅ​ អ្នកឯង​ធ្វើ​ទៅ»។​

រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ​George ​Edgar​ ថ្លែង​នៅ​ក្នុង​សុន្ទរ​កថា​មួយ​នៅ​ទីក្រុង​ភ្នំពេញ ​កាល​ពី​ល្ងាច​ថ្ងៃទី០៨ ​ខែធ្នូ ​ឆ្នាំ២០១៧។ ​(អូន ​ឆេងប៉រ/VOA)

លោក​ ​George Edgar​ ​ឯក​អគ្គរដ្ឋទូត​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​បាន​បញ្ជាក់​ប្រាប់​ ​VOA ​តាម​សារ​អេឡិច​ត្រូនិក​ ឬ​ Email នៅថ្ងៃ​សុក្រនេះ​ថា​ គណៈ​កម្មការ​សហភាព​អឺរ៉ុប​ និង​គណៈ​កម្មការ​សេវា​កិច្ចការ​បរទេស​របស់​អឺរ៉ុប​ ​នឹង​ធ្វើ​ការ​ពិចារណា​ល្អិតល្អន់​ទៅលើ​អនុសាសន៍​ទាំងឡាយ​ ដែល​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​សម្រេច​របស់​សភា​សហភាព​អឺរ៉ុប​ តែ​លោក​មិន​អាច​ធ្វើ​ការ​អធិប្បាយ​បន្ថែម​បាន​ទេ​ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សហភាពអឺរ៉ុប​ដែល​នឹង​ត្រូវ​ធ្វើ​បន្ថែម​ក្រោយ​លទ្ធផល​នៃ​ការប្រជុំ​សភា។​

ក្រុម​មេដឹកនាំ​សហជីព​នៅប្រទេស​កម្ពុជា​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​វិធានការ​ជា​បន្តបន្ទាប់​របស់​សហ​រដ្ឋ​អាមេរិក និង​សហភាពអឺរ៉ុប​ ដោយ​សារ​តែ​សហគមន៍​អន្តជាតិ​ទាំងពីរនេះ​ជាទីផ្សារ​ធំបំផុត​សម្រាប់​ទំនិញ​កាត់​ដេរ​របស់​កម្ពុជា។

លោក​ អាត់ ធន់​ ប្រធាន​សភាព​ការ​ងារ​កម្ពុជា​ បាន​ប្រាប់​ VOA កាល​ពីថ្ងៃ​ព្រហស្បតិ៍​យ៉ាង​ដូច្នេះថា៖

«នៅ​អឺរ៉ុប​វា​មាន​របាំង​ពីរ​បី​ពាក់​ព័ន្ធ​អ្នក​ពាណិជ្ជកម្ម​ ពាក់​ព័ន្ធ​សភា​ និង​រដ្ឋាភិបាល​អឺរ៉ុប​ហ្នឹង​ ហើយ​ឥឡូវ​ហ្នឹង​គឺ​ថា​ បើសិន​ជា​សភា​បាន​សម្រេច​ហើយ​ បាន​ន័យ​ថា​ នៅ​តែ​របាំង​រដ្ឋាភិបាល​អឺរ៉ុប​មួយ​ទៀត​ទេ​ ព្រោះ​ស្ថាប័ន​រដ្ឋាភិបាល​អឺរ៉ុប​សម្រេច​មាន​ន័យ​ថា​ រឿង​ហ្នឹង​មែន​ហើយ។​ អីចឹង​បើសិន​ជា​អីចឹង​មែន​ គឺ​យើង​មាន​ការ​បារម្ភ​ ព្រោះ​យើង​ដឹង​ហើយ​ថា​ ទំនិញ​ភាគច្រើន​នាំចូល​អឺរ៉ុប​ ហើយ​កម្មករ​យើង​បាន​ការ​ធ្វើ​ភាគច្រើន​ ក៏នៅ​ពីអឺរ៉ុប​ហ្នឹង​ដែរ»។​

លោក​ ប៉ាវ​ ស៊ីណា​ ប្រធាន​សហ​ភាព​ចលនា​កម្មករ​កម្ពុជា​ហៅកាត់ថា​ (CCW) ​យល់​ថា​ រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​កន្លងមក​គឺមាន​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ ដែល​មាន​តែ​អ្នក​នយោបាយ​ទេ​ ដែលអាច​បញ្ចប់​រឿងនេះ​បាន ហើយ​ឈាន​ដល់ការបញ្ចប់​នូវ​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើត​មាន​ចំពោះ​ក្រុម​កម្មករ។​

«អីចឹង​អ្នកនយោបាយ​ទាំង​អស់​ត្រូវ​តែ​ទទួល​ខុសត្រូវ​ ទាំងបក្ស​កាន់​អំណាច​ក៏ដោយ​ ទាំង​បក្ស​ប្រឆាំង​ក៏ដោយ​ ព្រោះ​អីគាត់​ បក្ស​ទាំង​ពីរ ​គាត់ហ្នឹង​ជា​អ្នក​ គេ​ហៅថា​ ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ។​ ដូច្នេះ​ទាំងអស់​ហ្នឹង​ គាត់​ទាំងអស់​គ្នា​ហ្នឹង​ជាអ្នក​ទទួល​ខុសត្រូវ​ ពីព្រោះ​ថា​ ក្នុង​នាម​យើង​ជា​ពលរដ្ឋ យើង​អត់មាន​លទ្ធភាព​អី​ទៅ​ ទៅធ្វើ​ឲ្យ​មាន​បញ្ហា​ទាំង​អស់​ហ្នឹង​ទេ។​ វា​អត់​មាន​ទេ»។​

សហ​រដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​បាន​ស្រូប​យក​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ ខណៈដែល​ប្រទេស​ចិន​មាន​ការ​រីករាយ​នឹង​ពាណិជ្ជកម្ម​លើស​ពី​តម្រូវការ​របស់​ខ្លួន​នៅ​ក្នុង​អាណាចក្រ​ដ៏​តូច​មួយ​នេះ។

​ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ វិនិយោគ​របស់​ប្រទេស​ចិន​មក​កម្ពុជា​បាន​កើន​ឡើង​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​មុន​ ជា​ចំនួន​ដែល​លើសលុប​យ៉ាង​សម្បើម​លើ​ប្រជា​ជាតិ​ណាៗ​ទាំងអស់​ ខណៈ​ដែល​ចិន​បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ​ជា​ជំនួយ​ និង​ជាប្រាក់​កម្ចី​ ​ហើយ​ជាង​៦០ភាគរយ​នៃ​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជាគឺ​ជា​របស់​ជន​ជាតិ​ចិន។​

អត្ថបទ​បញ្ចេញ​មតិ​របស់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​គ្រប់​គ្រង​ដោយ​រដ្ឋ​អំណាច​ចិន ឈ្មោះថា​ Global Time ចេញ​ផ្សាយ​កាលពី​សប្តាហ៍មុន​ ដោយ​បាន​រិះគន់​បស្ចិម​ប្រទេស​ធ្ងន់ៗ​ថា​ «ធ្វើ​ពុតត្បុត​និយាយ​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ»​ នៅពេល​ដែល​ហេតុផល​ពិត​ប្រាកដរបស់​ពួក​គេ​ នៅ​ពីក្រោយ​រឿងនេះ​គឺ​ដើម្បី​ការ​ពារ​លុយ​រាប់​ពាន់​លាន​ដុល្លារ​ដែល​ពួក​បាន​វិនិយោគ​នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​ដែល​កំពុង​អនុវត្ត​នៅ​កម្ពុជា។​

នៅ​ពេល​ដែល​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ប្រទេស​លោក​ខាងលិច​អំពី​វិនិយោគទុន​របស់​ចិន​នៅ​កម្ពុជា​ ដែល​ស្មើ​នឹង​អាណានិគម​និយម​បែប​ថ្មីនោះ​ ​អត្ថបទ​ដដែល​នោះ​បាន​លើក​ឡើង​ក្តែងៗ​ថា​ «វត្ថុ​បំណង​ចុងក្រោយ​ដែល​ប្រទេស​កម្ពុជា​ចង់​បាន​នោះ​គឺ​បដិវត្តន៍​ដែល​វឹកវរ»។

ការ​បង្ក្រាប​របស់​លោក​ ហ៊ុន សែន ដែល​មាន​លក្ខណៈ​ពន្យារ​ពេល​ទៅ​លើ​អ្នក​ជំទាស់​នឹង​លោក​នោះ​ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែកលើ​ហេតុផល​នៃ​ការ​ចោទ​ប្រកាន់​ថា​ អ្នក​ជំទាស់​ទាំងអស់​នោះ​បាន​ឃុប​ឃិត​ជា​មួយ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ដើម្បី​ផ្តួល​រំលំ​លោកតាម​បដិវត្តន៍​ពណ៌។ ​លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​ផ្តល់​នូវ​ភស្តុតាង​ដែល​គួរឲ្យ​ជឿ​បាន​ដើម្បី​គាំទ្រ​លើ​សេចក្តី​ពណ៌នា​អំពីការ​ឃុប​ឃិត​គ្នា​នេះ​ទេ​ ហើយ​ក្រុម​អ្នក​សង្កេត​ការណ៍​បាន​និយាយ​ថា​ របប​របស់​លោក​បាន​វាយ​កម្ទេច​ចោល​ក្រុម​ប្រឆាំង ​នៅ​មុនការ​បោះ​ឆ្នោត​នាពេល​ខាង​មុខនេះ​ ដោយ​សារ​របប​របស់​លោក​មាន​ការភ័យ​ខ្លាច​ដោយ​សារគណបក្ស​សង្គ្រោះ​ជាតិមានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លាតាម​សន្លឹកឆ្នោត​នៃ​ការ​បោះឆ្នោត​ពីរ​ដង​កន្លងមក​នេះ​ ពោល​គឺ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣​ និង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧។​

យ៉ាង​ណាក៏ដោយ​ មិនមែន​មានតែសហ​រដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ទេដែល​បាន​ដាក់​គំនាប​សេដ្ឋ​កិច្ច​ និង​ការទូត​លើ​រដ្ឋាភិបាល​កម្ពុជា​នោះ។​ ​ ប្រទេស​ស៊ុយអែត​ក៏​បាន​ប្រកាស​ព្យួររាល់​ជំនួយ​រវាង​រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​ ​លើក​លែង​តែជំនួយ​សម្រាប់​ការ​អប់រំ​ និង​ការ​សិក្សា​ស្រាវជ្រាវ​តែ​ប៉ុណ្ណោះ៕​

(រាយ​ការណ៍​បន្ថែម​ដោយលោក​ David Boyle)