មេដឹកនាំ​នានា​ក្នុង​សហភាព​អឺរ៉ុប​បើក​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប

លោក Michel Barnier ប្រធាន​ក្រុម​ចរចា​លើ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ទៅ​ដល់​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧។

មេដឹកនាំ​នានា​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប បាន​បើក​កិច្ច​ប្រជុំ​រយៈពេល ២ ថ្ងៃ នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ចាប់​តាំង​ពី​បញ្ហា​ការ​ចាកចេញ​ដែល​គ្រោង​ទុក​របស់​ចក្រភព​អង់គ្លេស​ពី​សហភា​អឺរ៉ុប រហូត​ដល់​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កើន​ឡើង​ម្ដង​ទៀត។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោកស្រី Theresa May ត្រូវ​គេ​រំពឹង​ថា នឹង​ថ្លែង​សុន្ទរកថា​អំពី​ការ​ធានា​ជា​ថ្មី​អំពី​អនាគត​របស់​ប្រជាពលរដ្ឋ​ចំនួន ៣ លាន​នាក់ នៃ​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​សហភាព​អឺរ៉ុប ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង​ចក្រភព​អង់គ្លេស។

បន្ថែម​ទៅ​នឹង​ប្រជាពលរដ្ឋ​ចក្រភព​អង់គ្លេស​ចំនួន​ជាង ១ លាន​នាក់ ដែល​រស់នៅ​ក្នុង​បណ្ដា​ប្រទេស​នានា​ក្នុង​សហភាព​អឺរ៉ុប បញ្ហា​នេះ​គឺ​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ ដែល​ភាគី​ទាំង​ពីរ​ត្រូវតែ​ឯកភាព​ជា​ផ្នែក​មួយ​នៃ​ការ​ចរចា ដែល​បាន​ចាប់ផ្ដើម​កាល​ពី​ដើម​សប្ដាហ៍​នេះ។

បន្ទាប់ពី​លោកស្រី Theresa May បញ្ចប់​ការ​ថ្លែង​របស់​លោកស្រី​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ មេដឹកនាំ​ផ្សេង​ទៀត​នឹង​ជួប​ពិភាក្សា​គ្នា​ដោយ​គ្មាន​វត្តមាន​លោកស្រី ដើម្បី​ពិភាក្សា​អំពី​ដំណើរការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ដែល​បាន​កើត​ឡើង​បន្ទាប់ពី​ការ​ធ្វើ​ប្រជាមតិ​មួយ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​កាល​ពី​ឆ្នាំ​មុន និង​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ខែ​មិនា ឆ្នាំ ២០១៩ ខាង​មុខ​នេះ។

កិច្ច​ប្រជុំ​របស់​សហភាព​អឺរ៉ុប​នេះ ក៏​នឹង​ផ្ដោត​លើ​បញ្ហា​ចំណាក​ស្រុក ការ​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី និង​កិច្ច​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម​ផ្សេងៗ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត៕