មេដឹកនាំនៃបណ្ដាប្រទេសនៅក្នុងសហភាពអឺរ៉ុបនានាបានរិះគន់ប្រទេសតួកគី ខណៈពេលដែលជម្លោះពាក់ព័ន្ធនឹងការប្រឹងប្រែងរបស់រដ្ឋាភិបាលតួកគីក្នុងការរៀបចំការជួបជុំនៅក្នុងបណ្ដាប្រទេសក្នុងទ្វីបអឺរ៉ុបនានាមានការកើនឡើង ចាប់តាំងពីប្រធានាធិបតីតួកគីលោក Racep Tayyip Erdogan បានចោទប្រកាន់ប្រទេសអាល្លឺម៉ង់ និងប្រទេសហូឡង់ថាប្រកាន់យកលទ្ធិ Nazi និងលទ្ធិហ្វាស៊ីស ដោយសារតែប្រទេសទាំងពីរនេះបានរារាំងការជួបជុំរបស់តួកគីនៅក្នុងប្រទេសរបស់ខ្លួន។
លោក Erdogan បានព្រមានរដ្ឋាភិបាលហូឡង់ កាលពីថ្ងៃអាទិត្យម្សិលមិញថា ហូឡង់នឹងទទួលលទ្ធផលមិនល្អ ដោយសារតែបានបដិសេធមិនអនុញ្ញាតរដ្ឋមន្ត្រីការបរទេសតួកគីចូលក្នុងទឹកដីរបស់ខ្លួន និងបានបណ្ដេញរដ្ឋមន្ត្រីមួយរូបផ្សេងទៀត ក្នុងគោលបំណងដើម្បីរារាំងអ្នកទាំងនោះមិនឲ្យរៀបចំការជួបជុំជាមួយនឹងជនអន្តោប្រវេសន៍តួកគីនៅក្នុងប្រទេសទាំងនោះ។
រដ្ឋាភិបាលក្រុងអង់ការ៉ាចង់ជំរុញឲ្យមានការគាំទ្រក្នុងចំណោមជនជាតិតួកគីរាប់លាននាក់ ដែលរស់នៅ និងធ្វើការនៅក្នុងបណ្ដាប្រទេសផ្សេងៗក្នុងទ្វីបអឺរ៉ុប ចំពោះការធ្វើប្រជាមតិរដ្ឋធម្មនុញ្ញមួយដែលជួយឲ្យលោក Erdogan កាន់តែមានអំណាចបន្ថែមទៀត ដោយហេតុថាការធ្វើប្រជាមតិនេះអាចឲ្យលោកនៅកាន់អំណាចរបស់ដល់ឆ្នាំ ២០១៩ ឯណោះ។
នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte បានហៅការលើកឡើងរបស់លោក Erdogan ថាជាអ្វីដែលមិនអាចទទួលយកបាន និងបានហៅការសម្ដីរបស់លោក Erdogan ពាក់ព័ន្ធនឹងពាក្យ Nazi នោះ ថា ជាការលើកឡើងដោយឆ្កួតលីលា។
រដ្ឋមន្ត្រីអាល្លឺម៉ង់ក៏បាននិយាយប្រឆាំងជាមួយនឹងប្រទេសតួកគីផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសអាល្លឺម៉ង់លោក Thomas de Maiziere បាននិយាយថា លោកប្រឆាំងនឹងការជួបជុំបែបនយោបាយណាមួយនៅក្នុងប្រទេសអាល្លឺម៉ង់។ លោកបានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអាល្លឺម៉ង់ថា តួកគីគ្មានសិទ្ធិមកធ្វើយុទ្ធនាការនយោបាយណាមួយនៅក្នុងប្រទេសអាល្លឺម៉ង់នោះទេ៕