លោក Donald Tusk ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបនិយាយថា ប្រទេសចិន រុស្ស៊ីនិងរដ្ឋបាលថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ស្ថិតក្នុងចំណោមការគំរាមកំហែងដ៏ខ្លាំងដែលសហភាពអឺរ៉ុបកំពុងប្រឈម។
កំណត់សម្គាល់របស់លោកបានកើតមានឡើងនៅក្នុងលិខិតមួយច្បាប់ផ្ញើទៅជូនប្រមុខមេដឹកនាំសហភាពអឺរ៉ុប២៧រូបមុនពេលសន្និសីទកំពូលនៅថ្ងៃសុក្រនៅក្នុងទីក្រុងម៉ាល់ត៍។
លោក Tusk ប្រធានសហភាពអឺរ៉ុបបានមានប្រសាសន៍ថា «ការផ្លាស់ប្តូរនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានដាក់សហភាពអឺរ៉ុបនៅក្នុងស្ថានភាពដ៏ពិបាកមួយ ដោយរដ្ឋបាលថ្មីរបស់អាមេរិកហាក់ដូចធ្វើឲ្យមានការចោទសួរអំពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិករយៈពេល៧០ឆ្នាំចុងក្រោយនេះ»។
លោកប្រធានាធិបតីត្រាំបាននិយាយទទូចពីគោលនយោបាយដែលគិតគូរប្រទេសអាមេរិកមុនគេ ហើយបានចោទសួរថាតើសមាជិករបស់អង្គការអូតង់រួមវិភាគទានចំណែកត្រឹមត្រូវរបស់ខ្លួនដល់អង្គការនោះដែរឬទេ។
លោក Tusk បានលាតត្រដាងការការពារប្រទេសរបស់សហភាពអឺរ៉ុប ដោយលោកនិយាយថា សហភាពអឺរ៉ុបមិនដែលបានប្រឈមភាពគ្រោះថ្នាក់កាន់តែខ្លាំងឡើងទេហើយថា សហភាពអឺរ៉ុបត្រូវតែក្លាហាន រ៉ឹងប៉ឹង និងមានការសាមគ្គីភាពខាងនយោបាយ។
លោក Tusk មានប្រសាសន៍បន្តទៀតថា សហភាពអឺរ៉ុប ត្រូវតែងើបឈរឡើងដើម្បីសេចក្តីថ្លៃថ្នូរនៅក្នុងការចរចាជាមួយសហរដ្ឋអាមេរិក រុស្ស៊ី ចិន ឬប្រទេសតួកគី ហើយមិនត្រូវចុះចាញ់មនោសញ្ចេតនាខាងប្រជានិយម និងការស្អប់ជនបរទេសដែលប្រឆាំងនឹងសមាហរណកម្មអឺរ៉ុបនោះទេ។
ដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ អំពាវនាវឲ្យមានការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មឡើងវិញដែលជាការល្អសម្រាប់សហរដ្ឋអាមេរិកនោះ លោក Tusk បានគាំទ្រសហភាពអឺរ៉ុបដើម្បីការពារពលរដ្ឋ និងពាណិជ្ជកម្មរបស់ខ្លួននិងចងចាំថា ពាណិជ្ជកម្មសេរីមានន័យថា ពាណិជ្ជកម្មត្រឹមត្រូវ៕