សហគម​ន៍​អឺរ៉ុប​រិះ​គន់​អំពើ​និទណ្ឌភាព​និង​អំពើ​អយុត្តិធម៌​នៅ​កម្ពុជា

សាលាឧទ្ធរណ៍-មហាអយ្យការនៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

ឯក​អគ្គរដ្ឋ​ទូត​សហគមន៍​អឺរ៉ុប​លោកJean-François Cautain បាន​រិះ​គន់​អំពើ​និទណ្ឌភាព​នៅ​ប្រទេស​កម្ពុជា​និង​ភាព​លំអៀង​ក្នុ​ងប្រពន្ធ័​យុត្តិ​ធម៌ស្រប​ពេលដែល​ប្រទេស​កម្ពុជាប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។

លោកJean-François Cautain ​បាន​ថ្លែង​ដូច្នេះ​កាល​ពី​ថ្ងៃ​ពុធ​ទី​១០ធ្នូ នៅ​ក្នុ​ងសន្និសិទ​កាសែត​មួយ​ក្នុ​ង​ទី​ក្រុង​ភ្នំពេញ។

មន្ត្រី​ជាន់​ខ្ពស់​សហគមន៍​អឺរ៉ុប​ដដែល​បាន​លើក​ករណីពីរ​មក​ធ្វើ​ការ​ប្រៀបធៀបគ្នា។​នោះ​គឺ​ឃាតករ​ដែល​បាញ់​សម្លាប់​កម្មករ​ និង​បាតុករ​ក្នុង​ការ​តវ៉ា​ក្រោយ​ពី​ការ​បោះឆ្នោតកាល​ពី​ដើម​ឆ្នាំ​២០១៤​មិនត្រូវ​បានវែកមុខ ប៉ុន្តែ​បែរជា​អាជ្ញាធរ​ចាប់​ក្រុម​អ្នក​តវ៉ា​ដោយសារ​បញ្ហាដីធ្លី​យក​មក​កាត់ទោស​យ៉ាង​ឆាប់​រហ័ស​ដោយ​គ្រាន់​តែ​ចោទ​ពួកគេ​ថា​បាន​បិទ​ផ្លូវ​សាធារណៈ។

លោកJean-François Cautain លើកឡើង​ថា​យុត្តិធម៌​ក្នុង​ករណី​ពីរនេះមាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ។

«​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​នាំ​ខ្លួន​ឡើង​តុលាការ​និង​ត្រូវ​បានផ្តន្ទាទោស។​ដោយ​ឡែក​ករណី​ស៊ើប​អង្កេត​នៃ​សំណុំ​រឿង​នៃ​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​បាញ់​និង​សម្លាប់​ក្នុ​ងការ​ធ្វើ​បាតុកម្ម​កាល​ពី​ខែ​មករា យុត្តិធម៌​យឺត​ណាស់។ ខ្ញុំ​គិតថា​មាន​ភាព​បញ្ច្រាស​គ្នា​យ៉ាង​ច្បាស់‍»។

មាន​សកម្មជន​ដីធ្លី​សរុប​ជាង​ដប់​នាក់​ត្រូវ​បានចាប់​ខ្លួន​និង​កាត់​ទោសឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​មួយ​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពីរលាន​រៀល ឬ​ស្មើ​នឹង​ប្រមាណ​៥០០​ដុល្លារ​អាមេរិក​ក្នុងម្នាក់ៗកាល​ពីខែមុន។​ប្រជា​ពលរដ្ឋ​ជាប់ចោទ​ទាំង​នេះ​គឺជា​អ្នក​តវ៉ា​យ៉ាងស្វិតស្វាញ​ប្រឆាំង​នឹង​ការរំលោភលើ​ដី​កម្ម​សិទ្ធិ​របស់​ពួក​គេ​និង​ដើម្បី​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ការ​រស់​នៅរបស់​ពួក​គេ​ឲ្យ​បានសមរម្យ។

ភាគ​ច្រើន​នៃ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​មក​ពី​សហគមន៍​បឹង​កក់​ដ៏ល្បី​ល្បាញ មក​ពី​សហគមន៍​បុរី​កីឡា​និង​ថ្មគោល។​ការ​ចាប់​ខ្លួន​ធ្វើ​ឡើង​ក្រោយ​ពី​ពួកគេ​ធ្វើ​ការតវ៉ា​ដោយ​ប៉ុនប៉ង​បិទ​មហាវិថីព្រះមុន្នីវង្ស​និង​ក្រោយ​ពី​ពួក​គេ​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការចាប់​ខ្លួនសកម្មជនដីធ្លី​នៅ​បឹង​កក់។

លោកJean-François Cautain ​បានលើក​ពី​កង្វល់​របស់​សហគមន៍​អឺរ៉ុប​ទៅ​កាន់​រដ្ឋា​ភិបាល​ខ្មែរ​ចំពោះ​ការ​ចាប់​ខ្លួន​ទាំង​នេះ​ផងដែរ។

«​ខ្ញុំ​គិត​ដូច​ដែល​លោក​ស ខេង ត្រូវ​ស្រង់​សម្តី​ដោយ​ប្រពន្ធ័​ផ្សព្វផ្សាយ​អញ្ចឹង​ថាការ​ផ្តន្ទា​ទោស​ប្រជា​ពល​រដ្ឋ​ដែល​បាន​បិទ​ផ្លូវធ្ងន់​ធ្ងរ​ពេក។»

លោក​ធន់ សារ៉ាយ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកក៏​បាន​លើក​ករណី​បាញ់​សម្លាប់​បាតុករ​កាល​ពី​ដើម​ឆ្នាំ​និង​ការ​ដាក់​ទោស​សកម្មជន​ដី​ធ្លី​ចុង​ក្រោយ​នេះ​ដែរ។

លោក​ធន់ សារ៉ាយ ចាត់ទុក​ថា​នេះ​គឺ​ជា​អំពើ​និទណ្ឌ​ភាព​និង​ជា​អំពើ​អយុត្តិធម៌​សង្គម​មួយ​ដែល​បាន​រាល​ដាល។​លោក​បាន​ផ្តល់​ឧទាហរណ៍​មួយ​ចំនួន​ដែល​យុត្តិធម៌​មិន​មាន​ភាព​ស្មើ​គ្នា។

«ឥឡូវ​ចាប់​តែ​អ្នក​ធ្វើ​បាតុកម្ម​ ប៉ុន្តែ​អ្នក​បាញ់​សម្លាប់​គេ​អត់បាន​រក។​នេះ​ជា​បញ្ហា​អយុត្តិធម៌ ភាព​មិន​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់។ខ្ញុំ​សង្កេតឃើញ​មិន​មែន​មាន​តែ​ប៉ុណ្ណឹង​ទេ។​ដូចជា​អ្នក​មាន​អំណាច​ធំ​ដូច​ជា​លោក​ខាំ ភឿន អតីត​ចៅហ្វាយ​ខេត្ត​រតន​គីរី​គ្រាន់​តែ​បាន​កាត់​ទោស​ប៉ុន្តែ​ចាប់​មនុស្ស​មិន​បាន។​ដូច​ជា​ករណី​នៅ​ខេត្ត​ស្វាយ​រៀង​ជាដើម។ប្រជារាស្ដ្រក្រី​ក្រ​ គ្មាន​អំណាច​ប្តឹង​ដើម្បី​ការ​ពារ​ដីធ្លី​គ្មាន​អ្នក​ណា​ដោះ​ស្រាយ​ទេ។​ប៉ុន្តែ​បើ​ក្រុម​ហ៊ុន​ទៅ​ឈូសឆាយ​ដាំ​ដោយ​បំពាន(លើ​ដី​ប្រជាជន)​ហើយ​គ្នា (ប្រជាជន)​គ្រាន់​តែ​កាច់​កៅស៊ូបន្តិច​ដល់​ក្រុម​ហ៊ុន​ប្តឹង​គាត់​វិញ​គាត់​ជាប់​គុក។​យើង​សង្កេត​ឃើញ​មាន​ច្រើន​នៅ​គ្រប់​កន្លែង‍»។

លោក​ផៃ​ ស៊ី​ផាន ​រដ្ឋ​លេខា​ធិការនិង​ជា​អ្នក​នាំ​ពាក្យទី​ស្តី​ការ​គណ​រដ្ឋ​មន្ត្រី​លើក​ឡើង​ថា​គេមិន​អាចយក​ករណី​និមួយៗ​មក​បក​ស្រាយ​នោះ​ទេ។ ហើយ​លោក​បន្ថែម​ថា​សំណុំរឿង​ឃាតកម្ម​លើ​បាតុករ​កាល​ពី​ដើម​ឆ្នាំ​នៅ​តែ​បន្ត​នៅ​ឡើយ។

«ករណី​នោះ​មិន​ទាន់​បិទ​ទេ។ហើយ​ករណី​ឃាត់​ខ្លួន​អ្នក​ធ្វើ​បាតុកម្ម ឬ​ សកម្ម​ភាព​ដទៃ​ទៀត​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់​ជា​ករណី​ដាច់​ដោយ​ឡែក។​អង្គហេតុ​និង​អង្គ​ច្បាប់នៅ​ក្នុ​ងសាច់​រឿង​ពីរ​នេះ​ខុស​គ្នា‍»។

បន្ថែម​ពី​នោះ​លោក​ផៃ ស៊ីផាន អះអាងថា​រដ្ឋា​ភិបាល​នៅ​បន្ត​ពង្រឹង​ប្រពន្ធ័​យុត្តិធម៌​បន្ថែម​ទៀត​នៅ​ឡើយ៕