EU ​ពន្យល់​បន្ថែម​ពី​នីតិវិធី​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA​ ពី​កម្ពុជា

រូបឯកសារ៖ លោកស្រី​ Cecilia Malmstrom រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ថ្លែង​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ ​ក្រោយ​ពី​សរហដ្ឋអាមេរិក​ប្រកាស​យក​ពន្ធគយ​លើ​ដែកថែប​និង​អាលុយមីញ៉ូម នៅ​ឯ​ទីស្នាក់ការ​សហភាព​អឺរ៉ុប​ក្នុង​រដ្ឋធានី ព្រុចសែល កាល​ពី​ថ្ងៃ ​សុក្រ ទី១ ខែ មិថុនា ឆ្នាំ ២០១៨។ (AP Photo/Virginia Mayo)

ប្រទេស​កម្ពុជា​មាន​ពេល​ចំនួន​៦ខែ​ដើម្បី​សហការ​និង​កែប្រែ​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ មុននឹង​សហភាព​អឺរ៉ុប​សរសេរ​របាយការណ៍​ចុងក្រោយ​ដើម្បី​សម្រេច​ព្យួរ​ឋានៈ​ពន្ធ​អនុគ្រោះ​«រាល់មុខ​ទំនិញ​លើកលែង​តែ​អាវុធ‍»​ (EBA)។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ សហភាព​អឺរ៉ុប​បាន​ជូន​ដំណឹង​ជា​ផ្លូវការ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ពី​ការ​សម្រេច​ចិត្តថា​នឹង​ចាប់ផ្តើម​ដំណើរការ​នីតិ​វិធី​នៃ​ការ​ដកហូត​នេះ​ដែល​ជា​លទ្ធផល​គឺ​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប​ដែល​ជា​ទីផ្សារ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ ដោយសារ​តែ​ការរំលោភ​សិទ្ធិមនុស្ស។

តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​បន្ថែម​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃអាទិត្យនេះ​ថា៖

«ការ​ចាប់ផ្តើម​នៃ​ការ​រៀបចំ​ដំណើរការ​ដក​ហូត​នេះ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ​នៃ​ការវិវត្តន៍​នានា​ក្នុង​ប្រទេស​កម្ពុជា​ពាក់ព័ន្ធនឹង​ការ​គោរពសិទ្ធិ​មនុស្ស​និង​សេរីភាព​ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​នានា(របស់​អង្គការ​សហប្រជាជាតិ)‍»។

បើ​តាម​នីតិវិធី​គឺ​ក្រោយ​ពេល​ដែល​សេចក្តីសម្រេច​របស់​គណៈកម្មការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប​បាន​ធ្វើ​ឡើងគឺ​ដំណើរការ​នៃ​ការ​ដក​ឋានៈអនុគ្រោះពន្ធ​នឹង​ចាប់ផ្តើម​ដោយ​មាន​ការ​តាម​ដាន​រយៈ​ពេល​៦ខែដំបូងសិន។ នៅ​ក្នុង​អំឡុងពេល​នេះ​គណៈកម្មការ​ទុក​ពេល​ឱ្យ​ប្រទេស​កម្ពុជា​សហការ​និង​ប្រមូល​រាល់​ព័ត៌មាន​ចាំបាច់។ បន្ទាប់​ពី​នេះ ​គឺ​នឹង​មាន​រយៈ​ពេល​៦ខែ​ទៀត​ដើម្បី​សរសេរ​របាយការណ៍ស្តី​ពី​ការ​រក​ឃើញ​នានា​ដើម្បី​បញ្ចប់​ដំណើរការ​ដែល​គណៈកម្មការ​នឹង​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ជាថ្មី​ថា​ត្រូវ​ដក​ឋានៈ​អនុគ្រោះពន្ធ​ EBA ឬ​យ៉ាងណា។ នេះ​បើ​តាម​ការ​ពន្យល់​របស់​សហភាព​អឺរ៉ុប។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​តាម​ទំព័រ​ហ្វេសប៊ុក​តប​នឹង​សំណួរ​វីអូអេ​ថា​ នឹង​មាន​«កិច្ច​ប្រជុំ​ជាច្រើន​ទៀត​ជាមួយ​នឹង​ដៃគូ​សន្ទនា។ សូម​រំពឹង​លទ្ធផល​ដែល​នឹង​មាន​ផល​ប្រយោជន៍​ដល់​ភាគី​ទាំង​សង​ខាង‍»។

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​បន្ថែម​ពី​ការ​បើក​ច្រក​ចរចា​ឱ្យ​ភាគី​កម្ពុជា៖

«សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា​យើង​នឹង​រក្សា​ច្រក​ចរចា​ជាមួយ​កម្ពុជា​នៅ​បើក​ចំហ​ហើយ​បើ​សិន​ជា​កម្ពុជា​ចាត់​វិធានការ​រហ័ស​ដើម្បី​កែប្រែ​ស្ថានការណ៍​ដែល​បាន​បណ្តាល​ឱ្យ​មាន​ដំណើរ​ការ​នៃ​ការ​ដក​ឋានៈ​នេះ​ គឺ​សហភាព​អឺរ៉ុប​នឹង​ពិចារណា​ឡើង​វិញ​ពី​ស្ថានការណ៍​នេះ‍»។

ប្រទេស​កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជាតិ​កាល​ពី​ខែ​ កក្កដា ​ដោយ​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម បើ​ទោះ​បី​ជា​មាន​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ក៏​ដោយ ​ហើយ​លទ្ធផល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ឈ្នះ​ឆ្នោត​យក​អាសនៈ​សភា​ជាតិ​ទាំង​អស់​១២៥​ដូច​ការ​រំពឹងទុក។

​ក្រុម​សិទ្ធិ​មនុស្ស​និង​សភា​របស់​សហភាព​អឺរ៉ុប​បាន​ស្នើ​ឱ្យ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដោយសារ​តែ​ការ​រំលោភសិទ្ធិ​មនុស្ស​ផ្សេងទៀត​ផង​ដែរ​ ដែល​មាន​ដូច​ជា​ការ​រំលោភ​ដីធ្លី​និង​សិទ្ធិ​កម្មករ។

លោកស្រី​ Cecilia Malmstrom រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ សុក្រ ​ថា៖

«គោលនយោបាយ​ពាណិជ្ជ​កម្ម​របស់​យើង​គឺ​ផ្តោត​លើ​គុណ​តម្លៃ​គឺ​មិន​មែន​គ្រាន់តែ​ជា​ពាក្យ​ពេចន៍​ធម្មតា​ទេ។ យើង​ត្រូវ​តែ​ចាត់​វិធានការ​នៅ​ពេល​ណា​ដែល​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ‍»។

កម្ពុជា​នាំ​ទំនិញ​ដែល​មាន​ទឹកប្រាក់​ជិត​៦ពាន់​លាន​ដុល្លារ​ចូល​ទីផ្សារ​សហគមន៍​អឺរ៉ុប​កាលពី​ឆ្នាំមុន​ដែល​ត្រូវ​ជា​៤០ភាគរយ​នៃ​ការនាំចេញ​ទាំងអស់។ ភាគច្រើន​នៃ​ទំនិញ​នេះ​គឺ​ផលិតផល​សម្លៀក​បំពាក់​ដែល​ផ្តល់​ការងារ​ដល់​កម្មករ​ចំនួន​៧០០.០០០នាក់៕ ​