លោក Charles Michel ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានអំពាវនាវឲ្យមានការពិចារណាកាន់តែឆាប់ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងមន្រ្តីរដ្ឋាភិបាលប្រទេសបេឡារុស បន្ទាប់ពីមានការឃុំឃាំងមេដឹកនាំគណបក្សប្រឆាំងជាច្រើននាក់មក។
លោក Michel បានសរសេរនៅលើ Twitter កាលពីថ្ងៃពុធថា៖ «ការធ្វើទុក្ខបុកម្នេញខាងនយោបាយក្នុងប្រទេសបេឡារុស ដូចជាការឃុំឃាំងផ្អែកលើហេតុផលនយោបាយ និងការនិរទេសដោយបង្ខំជាដើម ត្រូវតែបញ្ឈប់។ អាជ្ញាធរបេឡារុសត្រូវតែដោះលែងអ្នកទោសនយោបាយ ហើយអនុញ្ញាតឲ្យពលរដ្ឋអនុវត្តសិទ្ធិនៃការបញ្ចេញមតិ និងការជួបជុំរបស់ពួកគេ»។
កាលពីថ្ងៃពុធ អាជ្ញាធរបេឡារុសបានឃុំឃាំងលោកមេធាវី Maxim Znak ដែលជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំ ២ នាក់ដែលនៅមានសេរីភាពរបស់ក្រុមប្រឹក្សាគណបក្សប្រឆាំង ស្របពេលដែលការតវ៉ាប្រឆាំងលោកប្រធានាធិបតី Alexander Lukashenko នៅតែបន្តធ្វើ នៅក្រោយការបោះឆ្នោតដែលមានការតវ៉ា។
លោក Maxim Znak ត្រូវបានមនុស្សពាក់របាំងមុខដែលមិនស្គាល់អត្តសញ្ញាណនាំចេញពីការិយាល័យរបស់ក្រុមប្រឹក្សាសម្របសម្រួលនៃគណបក្សប្រឆាំង។ នេះបើតាមការបញ្ជាក់របស់លោក Gleb German ដែលជាសហការីរបស់លោក។
លោកស្រី Svetlana Alexievich ដែលជាជ័យលាភីណូបែលអក្សរសាស្រ្តឆ្នាំ ២០១៥ ឥឡូវនេះ ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិតែម្នាក់គត់ដែលនៅមានសេរីភាពនៅក្នុងប្រទេសបេឡារុស ទោះបីជាបន្ទាប់ពីមានមនុស្សមិនស្គាល់អត្តសញ្ញាណបានព្យាយាមចូលក្នុងអាគារ apartment របស់លោកស្រីកាលពីថ្ងៃពុធម្សិលមិញក៏ដោយ៕