គណៈកម្មការអឺរ៉ុប នឹងផ្តួចផ្តើមផែនការនៅថ្ងៃសុក្រនេះដើម្បីហាមឃាត់ក្រុមហ៊ុន អឺរ៉ុបមិនធ្វើទៅតាមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ជាចំណាត់ការមួយដើម្បីជួយធ្វើឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅដដែលហើយនឹងការពារផលប្រយោជន៍របស់ក្រុមហ៊ុនអឺរ៉ុប។
លោកJean Claude Juncker ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយបន្ទាប់ពីជំនួបរបស់មេដឹកនាំសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ក្នុងទីក្រុង Sofia នៃប្រទេសប៊ុលហ្គារីថា «យើងមានកាត្វកិច្ចការពារក្រុមហ៊ុនអឺរ៉ុប។ យើងឥឡូវនេះ ចាំបាច់ចាត់វិធានការហើយនិងជាអ្វីដែលយើងកំពុងចាប់ផ្តើមដំណើរការ»។
លោកJuncker បាននិយាយទៀតថា គណៈកម្មការរបស់លោកនឹងចាប់ផ្តើមដំ ណើរការធ្វើសកម្មភាពដែលហៅថា ឋានៈភាពនៃការរាំងខ្ទប់ ដែលហាមឃាត់ក្រុមហ៊ុនរបស់សហភាពអឺរ៉ុបមិនឲ្យគោរពការដាក់ទណ្ឌកម្មនិងការសម្រេចរបស់តុលាការដែលអនុវត្តការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
លោក Juncker ក៏និយាយដែរថា គណៈកម្មការរបស់លោកនឹងបន្តធ្វើកិច្ចសហ ប្រតិបត្តិការជាមួយប្រទេសអ៊ីរ៉ង់និងធនាគារវិនិយោគទុនអឺរ៉ុបដែលនឹងអនុញ្ញាតឲ្យមានការសម្របសម្រួលការវិនិយោគទុនរបស់ក្រុមហ៊ុនអឺរ៉ុបនៅប្រទេសក្នុងតំបន់ឈូងសមុទ្រពែកនោះ។
ចំណាត់ការរបស់គណៈកម្មការនោះជាការឆ្លើយតបទៅនឹងការសម្រេចរបស់ប្រធានាធិបតីដូណាល់ ត្រាំដើម្បីដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ហើយនឹងចំណាត់ការដើម្បីធ្វើឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់វិញ៕