សន្និសីទកំពូលមួយតាមអនឡាញរវាងមេដឹកនាំចិននិងអឺរ៉ុប កាលពីពាក់កណ្តាលខែកញ្ញា បាននាំឱ្យក្រុមអ្នកមានឥទ្ធិពលខ្លះក្នុងទ្វីបអឺរ៉ុបពិចារណាជាថ្មី អំពីទំនាក់ទំនងរបស់ទ្វីបពួកគេជាមួយរដ្ឋាភិបាលក្រុងប៉េកាំងហើយ ជាពិសេសថា តើការពិចារណាអំពីសេដ្ឋកិច្ចបានត្រូវគូសបញ្ជាក់ខ្លាំងពេក ដោយមានប្រៀបជាងសិទ្ធិមនុស្ស ឬយ៉ាងណា។
ការប្រជុំគ្នាតាមការភ្ជាប់វីដេអូ កាលពីថ្ងៃចន្ទ ទី១៤ ខែកញ្ញា ដឹកនាំដោយប្រធានាធិបតីចិនលោក Xi Jinping និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ដែលជាប្រធានបច្ចុប្បន្ននៃសហភាពអឺរ៉ុប បានបញ្ចប់ជាមួយការប្តេជ្ញាមិនជាក់ច្បាស់មួយចំនួន ដើម្បី«ពង្រឹងការទុកចិត្តគ្នាទៅវិញទៅមកស្វះស្វែងរកអត្ថប្រយោជន៍ទៅវិញទៅមកផ្អែកលើមូលដ្ឋានឈ្នះ-ឈ្នះ និងប្រព្រឹត្តតាមគោលការណ៍ពហុភាគី» នេះបើតាមទីភ្នាក់ងារព័ត៌មានចិន Xinhua។
ក៏ប៉ុន្តែក្រុមអ្នកនយោបាយ និងទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់បានសួរសំណួរពិបាកៗ អំពីការទាក់ទងរបស់អឺរ៉ុបជាមួយប្រទេសចិន តាំងពីមុនចាប់ផ្តើមធ្វើកិច្ចចរចានេះម៉្លេះ។ ការចរចាគ្នានេះបានត្រូវគ្រោងមុនការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ថាធ្វើជាមហាសមោសរនៅក្នុងក្រុង Leipzig នៃប្រទេសអាល្លឺម៉ង់។ សន្និសីទកំពូលនៃក៏មានការចូលរួមពីលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការសហភាពអឺរ៉ុប។
លោក Norbert Röttgen ជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាល្លឺម៉ង់។ លោកបានសួរនៅក្នុង tweet មួយតែប៉ុន្មានម៉ោង មុនការប្រជុំសន្និសីទកំពូលនេះថា៖
«តើយើងមានគោលជំហរបែបណាចំពោះ #ប្រទេសចិន? តើប្រទេសចិនគ្រាន់តែជាផ្សារធំធេងមួយឬមួយតើក្នុងឋានៈយើងជាសហភាពអឺរ៉ុបចង់បំពេញមុខនាទីមួយក្នុងការចាត់ចែងរបៀបរៀបរយពិភពលោកឬទេ?»
គេហទំព័ររបស់បណ្តាញផ្សាយអន្តរជាតិរបស់អាល្លឺម៉ង់ Deutsche Welle បានបោះពុម្ធផ្សាយអត្ថបទព័ត៌មានវិភាគមួយមានចំណងជើងថា៖ «តើប្រទេសអាល្លឺម៉ង់ជិតស្និទ្ធខ្លាំងពេកជាមួយប្រទេសចិនឬទេ?»
នៅពេលដែលនៅក្នុងសហរដ្ឋអាមេរិក គេមានការមូលមតិគ្នាច្រើនជាងមុនថា គោលនយោបាយ«ទាក់ទង» ជាមួយប្រទេសចិនមិនបានទទួលជោគជ័យដោយភាគច្រើនក៏ដោយ ក៏នៅក្នុងប្រទេសអាល្លឺម៉ង់វិញនៅមានការជជែកដេញដោលគ្នាខ្លាំងអំពីសំណួរនេះ។
ការអំពាវនាវឱ្យមានការពិចារណាជាថ្មីហើយ ក្នុងករណីខ្លះក៏សុំឱ្យមានការសើរើផ្លាស់ប្តូរទាំងស្រុងនូវស្ថានភាពគោលនយោបាយបច្ចុប្បន្នហាក់ដូចជាមានកាន់តែខ្លាំងជាងមុនផងដែរ។
លោក Reinhard Buetikofer ជាសមាជិកសភានៃគណបក្សបៃតងរបស់ប្រទេសអាល្លឺម៉ង់ និងជាប្រធានគណៈប្រតិភូសហភាពអឺរ៉ុប សម្រាប់ទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន។ លោកបាននិយាយក្នុងសេចក្តីសម្ភាសន៍មួយតាមទូរស័ព្ទថា៖ «យ៉ាងហោចណាស់មានសមាជិកសភាអាល្លឺម៉ង់ច្រើននាក់ ដែលគាំទ្រខ្លាំងដល់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិមនុស្សក្នុងប្រទេសចិន ដូចដែលលោកអ្នកឃើញមានក្នុងសភាស.រ.អ.ដែរ»។
អ្នកស្រី Gyde Jensen ដែលតំណាងតំបន់ខាងជើងបំផុតនៃប្រទេសអាល្លឺម៉ង់ ជាសមាជិកាសភាម្នាក់ដែលទ្រទ្រង់ខ្លាំងដល់សិទ្ធិមនុស្ស។ ដោយត្រូវគេចាត់ទុកថាជាអ្នកនយោបាយម្នាក់កំពុងល្បីឈ្មោះអ្នកស្រី Gyde Jensen អាយុ៣១ឆ្នាំ ជាប្រធាននៃគណៈកម្មាធិការសិទ្ធិមនុស្សនៃសភាអាល្លឺម៉ង់។
អ្នកស្រីបានបង្ហោះដោយមោទនភាពនូវរូបថតរបស់អ្នកស្រីជាមួយសកម្មជនហុងកុងម្នាក់ តាមគណនី Twitter អ្នកស្រីហើយអ្នកស្រីមានជំនឿថា ប្រទេសអាល្លឺម៉ង់គួរកុំឱ្យក្រុមហ៊ុន Huawei ចូលក្នុងផែនការ 5G របស់ខ្លួន។
សមាជិកល្បីឈ្មោះក្នុងចំណោមមជ្ឈដា្ឋនអ្នកសិក្សាស្រាវជ្រាវក៏បានគាំទ្រដល់បុព្វហេតុនេះដែរ។
លោក Andreas Fulda ជាអ្នកវិទ្យាសាស្ត្រសង្គមនិងនយោបាយអាល្លឺម៉ង់ បានធ្វើញត្តិមួយកាលពីខែឧសភា អំពាវនាវឱ្យមានការពិនិត្យសើរើជាថ្មីអំពីការទាក់ទងជាមួយចិន។
លោកបាននិយាយថា៖ «រដ្ឋាភិបាលអាល្លឺម៉ង់កាលពីពេលមុនៗ និងក្នុងពេលបច្ចុប្បន្ននេះបានផ្តល់អាទិភាពដល់ពាណិជ្ជកម្មជាមួយប្រទេសចិនលើអត្ថប្រយោជន៍ជាតិឯទៀតៗ នៃប្រទេសអាល្លឺម៉ង់ ជាឧទាហរណ៍ ដូចជាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សជាដើម»។
លោក Andreas Fulda បានថ្លែងនៅក្នុងសេចក្តីសម្ភាសន៍មួយតាមអ៊ីមែលថា ជាយូរយាមកហើយការឧបត្ថម្ភផ្ចុងផ្តើមពាណិជ្ជកម្មក្រៅប្រទេស ស្ថិតក្នុងអាទិភាពចម្បងមួយនៃគោលនយោបាយរបស់អាល្លឺម៉ង់ចំពោះប្រទេសចិន។ សំឡេងរបស់សាជីវកម្មបានត្រូវបំពងខ្លាំងនៅក្នុងទំនាក់ទំនងសាធារណៈ «ដោយផ្តល់សារៈសំខាន់ខ្លាំងដល់ផ្សារចិនជាច្រើនទសវត្សរ៍មកហើយ» ដើម្បីបង្ហាញថា ពាណិជ្ជកម្មនិងវិនិយោគ «ជាមួយប្រទេសចិនកាន់អំណាចផ្តាច់ការ» ជាការធ្វើត្រូវ។
ចំណែកឯប្រទេសចិនវិញចូលចិត្តរំឭកប្រជារាស្ត្រអឺរ៉ុប អំពីអត្ថប្រយោជន៍សេដ្ឋកិច្ចនៃការទាក់ទងគ្នានេះ។ នៅមុនការប្រជុំគ្នាកាលពីថ្ងៃចន្ទ ទី១៤ ខែកញ្ញា រដ្ឋាភិបាលប៉េកាំង បានប្រកាសថា ឧស្សាហកម្មរថយន្តអាល្លឺម៉ង់ បានចំណេញច្រើនក្នុងប្រទេសចិន នៅពេលធុរកិច្ចនៅកន្លែងឯទៀតៗបានចុះថមថយ ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា។
អត្ថបទមួយបោះពុម្ពផ្សាយ កាលពីថ្ងៃទី៩ ខែកញ្ញា នៅក្នុងសារព័ត៌មាន Global Times ដែលជាសាខាមួយនៃបណ្តាញផ្សាយព័ត៌មានរបស់រដ្ឋចិន បានសរសេរថា៖ «មហាក្រុមហ៊ុនរថយន្តអាល្លឺម៉ង់បានបង្កើនការលក់ផលិតកម្មខ្លួនក្នុងប្រទេសចិន ដោយក្រុមហ៊ុន Mercedes-Benz មានកំណើនការលក់ឡាន ២១,៦ ភាគរយ ក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ប្រៀបធៀបជាមួយរយៈពេលដូចគ្នា កាលពីឆ្នាំទៅមិញ។ ចំណែកឯការលក់រថយន្តរបស់ក្រុមហ៊ុននេះក្នុងអឺរ៉ុប បានចុះថយ ៣១,៥ ភាគរយក្នុងពាក់កណ្តាលទីមួយនៃឆ្នាំនេះ»។
ចំណែកឯប្រទេសអាល្លឺម៉ង់វិញ បានប្រកាសថា ប្រទេសចិនជាទីដៅនៃការដឹកជញ្ជូនទំនិញខ្លួនទៅលក់ច្រើនជាងកន្លែងឯទៀតៗ ក្នុងត្រីមាសទីពីរនៃឆ្នាំនេះទៅទៀត។
ពលរដ្ឋចិនដែលបញ្ចេញមតិតាមអនឡាញខ្លះ និយាយថា រដ្ឋាភិបាលក្រុងប៉េកាំងបានបង្កើនការទិញទំនិញពីប្រទេសអាល្លឺម៉ង់ ជាវិធានការយុទ្ធសាស្ត្រមួយ ដើម្បីរក្សាមិត្តភាពជាមួយរដ្ឋាភិបាលក្រុងប៊ែរឡាំង។ ពលរដ្ឋចិនម្នាក់បានសរសេរថា បើមិនដូច្នេះទេ ប្រទេសជាតិទាំងអស់នៅអឺរ៉ុប «នឹងធ្វើតាមប្រធានព្រឹទ្ធសភា Czech» ដែលកាលពីពេលថ្មីៗនេះ បានដឹកនាំគណៈប្រតិភូមួយទៅកាន់កោះតៃវ៉ាន់។
លោក Milos Vystrcil ប្រធានព្រឹទ្ធសភា Czech បានដឹកនាំគណៈប្រតិភូ Czech មួយមានសមាជិក ៨៩ នាក់ ទៅកាន់ក្រុងតៃប៉ិកោះតៃវ៉ាន់ក្នុងដំណើរទស្សនកិច្ចមួយ ដែលបានត្រូវព៌ណនាថាជាការផ្តល់កិត្តិយសជូនស្មារតីលោក Vaclav Havel ប្រធានាធិបតី Czech ទីមួយ ជាប់ឆ្នោតតាមរយៈលទ្ធិប្រជាធិបតេយ្យ នៅក្រោយការបែកបាក់ប្លុកសូវៀត កាលពី ៣០ ឆ្នាំមុននេះ។
លោក Milos Vystrcil បានមានប្រសាសន៍មុនអញ្ជើញទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់នេះថា «ទស្សនៈរបស់ខ្ញុំគឺថា ប្រសិនបើយើងផ្តោតការយកចិត្តទុកដាក់តែលើប្រាក់កាស យើងនឹងខាតបង់ទាំងសេចក្តីថ្លៃថ្នូររបស់យើង និងទាំងលុយកាក់ផងដែរ»។
ប្រែសម្រួលដោយ ឈឹម សុមេធ