ប្រធានសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃចន្ទនេះថា អ្នកស្រីនឹងជំរុញឱ្យមានការប្រកួតប្រជែងដោយ «ស្មើភាព» ជាមួយនឹងប្រទេសចិននៅក្នុងការពិភាក្សាជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping ដែលកំពុងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នកស្រី Von der Leyen បានបញ្ជាក់នៅក្នុងកំណត់សម្គាល់របស់អ្នកស្រីដែលបានចេញផ្សាយក្នុងពេលប៉ុន្មានម៉ោងមុនពេលអ្នកស្រីជួបប្រជុំដោយផ្ទាល់នៅក្នុងទីក្រុងប៉ារីសជាមួយនឹងលោក Xi និងប្រធានាធិបតីបារាំងលោក Emmanuel Macron។
គណៈកម្មាការអឺរ៉ុបរបស់អ្នកស្រី Von der Leyen ដែលជាអាជ្ញាធររបស់សហភាពអឺរុបធ្វើការលើបញ្ហាពាណិជ្ជកម្ម បានបើកការស៊ើបអង្កេតជាច្រើនអំពីការប្រកួតប្រជែងដែលសំដៅលើប្រទេសចិននៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
រដ្ឋាភិបាលចិនបានមានប្រតិកម្មដោយកំហឹងចំពោះការស៊ើបអង្កេតថ្មីលើលទ្ធភាពដែលគេសង្ស័យថាមិនមានលក្ខណៈសមធម៌ក្នុងការចូលទៅកាន់ទីផ្សារគ្រឿងបរិក្ខារពេទ្យរបស់ប្រទេសចិន ដោយហៅការស៊ើបអង្កេតនេះថាជាសញ្ញានៃ «ការការពារទំនិញក្នុងស្រុក» របស់សហភាពអឺរ៉ុប។
រដ្ឋាភិបាលចិនក៏ខឹងផងដែរចំពោះការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបលើក្រុមហ៊ុនផ្គត់ផ្គង់ទួប៊ីនខ្យល់របស់ចិនសម្រាប់ទីផ្សារអឺរ៉ុប។ ការស៊ើបអង្កេតផ្សេងទៀតរបស់សហភាពអឺរ៉ុបបានផ្ដោតលើការផ្ដល់ថវិកាឧបត្ថម្ភរបស់រដ្ឋាភិបាលចិនលើបន្ទះថាមពលព្រះអាទិត្យ រថយន្តអគ្គិសនី និងរថភ្លើង៕
ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក —