សហភាពអឺរ៉ុបនៅថ្ងៃពុធនេះបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបន្តប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយស្នើឲ្យរដ្ឋាភិបាលកម្ពុជាកាត់បន្ថយនូវបែបបទការិយាធិបតេយ្យក្នុងការបង្កើតសហគមន៍អភិរក្សព្រៃឈើនៅតាមសហគមន៍ ដែលជាយន្តការដ៏មានប្រយោជន៍មួយក្នុងការការពារព្រៃឈើសហគមន៍។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទស្តីពី«យុទ្ធនាការការទូតសហភាពអឺរ៉ុបស្តីពីការប្រែប្រួលអាកាសធាតុ» លោក ហ្សង់ហ្វ្រង់ស័រ កូតាំង (Jean-François Cautain) ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា ការចងក្រងជាសហគមន៍ថែរក្សាព្រៃឈើនៅតាមសហគមន៍ជាចលករមួយ ដែលអាចជួយឲ្យពលរដ្ឋកម្ពុជាធ្វើការការពារព្រៃសហគមន៍ ដែលនៅសេសសល់លើផ្ទៃដីប្រមាណជា២លានហិកតា។
លោកមានប្រសាសន៍ថា៖ «ជាមួយនឹងចំណុចនេះផងដែរ អ្វីដែលចាំបាច់ជាងគេគឺរាជរដ្ឋាភិបាលកម្ពុជាគួរតែជួយសម្របសម្រួលនៅក្នុងនីតិវិធីនៃការបង្កើតជាសមាគម ឬមួយក៏សហគមន៍ព្រៃឈើនៅតាមសហគមន៍នីមួយៗក៏ដូចជាផ្តល់នូវការអនុញ្ញាតនៅក្នុងការបង្កើតសហគមន៍បែបនោះ ដើម្បីជាការជួយការពារធនធានព្រៃឈើ»។
នៅមុនពេលដែលលោកឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជារូបនេះស្នើឲ្យរដ្ឋាភិបាលកម្ពុជាកាត់បន្ថយភាពស្មុគស្មាញនៃការបង្កើតសហគមន៍ព្រៃឈើនៅតាមសហគមន៍នានាក្នុងប្រទេសកម្ពុជានោះ លោកអះអាងថា កម្ពុជាកំពុងប្រឈមរួចទៅហើយនូវភាពហួតហែងក្នុងរដូវវស្សា ដែលជាក្តីបារម្ភរបស់ពលរដ្ឋកម្ពុជា នៅគ្រាដែលពួកគេបន្តពឹងផ្អែកជាចម្បងលើវិស័យកសិកម្ម។
«ដូចដែលយើងឃើញស្រាប់ហើយទាក់ទងជាមួយនឹងអាកាសធាតុនៅក្នុងទីក្រុងភ្នំពេញរបស់យើងកន្លងមកនេះ គឺអត់មានភ្លៀងទេ ក្តៅមែនទែន យើងសង្ឃឹមថា គួរតែមានភ្លៀងពីរបីសប្តាហ៍មុនជាដើមនោះ។ ការរាំងស្ងួតពន្យារយូរអង្វែងបែបនេះ គឺជៀសមិនផុតទេពីការផ្តល់នូវឥទ្ធិពលអវិជ្ជមានដល់ការធ្វើស្រែចម្ការរបស់ប្រជាជនកម្ពុជា»។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានប្រាប់វីអូអេថា សហគមន៍ព្រៃឈើចំនួន៤៥៧សហគមន៍ត្រូវបានបង្កើតរួចស្រេចទៅហើយ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងសហគមន៍ទាំងនោះ គឺមិនមានការទទួលស្គាល់ជាផ្លូវការពីរដ្ឋាភិបាល ដោយលោកបញ្ជាក់ថា មានតែមួយភាគបីប៉ុណ្ណោះនៃសហគមន៍ទាំងអស់នោះត្រូវបានទទួលជាផ្លូវការ។
«យើងឃើញសហគមន៍ទាំងអស់ហ្នឹងបង្កើតហើយ ប៉ុន្តែអ្វីដែលជាបញ្ហាស្មុគស្មាញគឺការពន្យារពេលក្នុងការចុះបញ្ជីសហគមន៍ ហើយនឹងការទទួលស្គាល់សហគមន៍ ដើម្បីឲ្យមានសិទ្ធិស្របច្បាប់ក្នុងការចូលរួមថែរក្សាការពារហើយប្រើប្រាស់ធនធានរបស់គាត់។ អញ្ចឹងអ្វីដែលអង្គការសង្គមស៊ីវិលស្នើសុំគឺឲ្យពន្លឿនក្នុងការទទួលស្គាល់ ហើយចុះបញ្ជីសហគមន៍ ដែលគាត់មិនទាន់បានចុះនោះ ឲ្យបានលឿនហើយទីពីរផ្តល់ថិវកាគ្រប់គ្រាន់ដល់សហគមន៍ទាំងអស់ហ្នឹងដើម្បីឲ្យគាត់អាចយកទៅប្រើប្រាស់ក្នុងការអនុវត្តទាក់ទងកម្មវិធីសហគមន៍គាត់ហ្នឹងឲ្យមានប្រសិទ្ធភាពក្នុងការចូលរួមថែរក្សាគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិរបស់គាត់»។
វីអូអេពុំអាចទាក់ទងលោក ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលព្រៃឈើបានទេ ដោយទូរស័ព្ទរបស់លោករោទ៍ តែគ្មានអ្នកទទួល។ វីអូអេក៏ពុំអាចសុំការអធិប្បាយបានដែរពីអ្នកនាំពាក្យក្រសួងកសិកម្ម គឺលោកឡោ រស្មី ដោយជំនួយការរបស់លោកប្រាប់វីអូអេថា លោកជាប់ប្រជុំជាមួយលោករដ្ឋមន្រ្តីក្រសួងកសិកម្ម។
របាយការណ៍ ដែលចេញផ្សាយដោយសាកលវិទ្យាល័យ Maryland នៃរដ្ឋ Maryland របស់សហរដ្ឋអាមេរិកកាលពីខែមករាឆ្នាំនេះ បានបញ្ជាក់ឲ្យដឹងតាមទិន្នន័យដែលទទួលបានពីប្រព័ន្ធផ្កាយវិទ្យាសាស្ត្រថា ព្រៃឈើប្រទេសកម្ពុជាបានបាត់បង់ប្រមាណ៧,១ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់តាំងពីឆ្នាំ២០០០រហូតដល់ឆ្នាំ២០១២។
របាយការណ៍នេះបានឱ្យដឹងទៀតថា ភាគច្រើននៃការកាប់បំផ្លាញព្រៃឈើបានរីករាលដាលលើអង្កត់ទ្រូងនៃផ្ទៃប្រទេសទាំងមូល ចាប់តាំងពីខេត្តព្រះវិហារភាគខាងជើង ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងចូលដល់ខេត្តក្រចេះភាគខាងកើត។ ហើយភស្តុតាងមួយថ្មីទៀតពីការកាប់បំផ្លាញព្រៃឈើគឺបានកើតមានឡើងនៅភាគខាងលិចជាប់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងលាតសន្ធឹងដល់ខេត្តស្ទឹងត្រែង និងខេត្តរតនគីរីភាគឦសាននៃប្រទេសកម្ពុជា៕