សហភាព​អឺរ៉ុប​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម

ទង់ជាតិ​របស់​សហភាព​អឺរ៉ុប និង​វៀតណាម​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប-វៀតណាម កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅ​ក្នុង​ក្រុង​ហាណូយ។

សហភាព​អឺរ៉ុប​បាន​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​នឹង​ប្រទេស​វៀតណាម ដែល​នេះ​គឺ​ជា​អ្វី​ដែល​ផ្ទុយ​ពី​ការ​គិត​របស់​ក្រុម​អ្នក​រិះគន់​ដែល​ថា ការ​ផ្ដាច់​ខ្លួន​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប និង​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​វៀតណាម​អាច​ធ្វើ​ឲ្យ​យឺតយ៉ាវ​ដល់​ការ​បោះ​ឆ្នោត​អនុម័ត​នេះ។

សមាជិក​នៃ​សភា​សហភាព​អឺរ៉ុប​កាល​ពី​សប្ដាហ៍​មុន បាន​បោះ​ឆ្នោត​ក្នុង​សំឡេង ៤០១ ទល់​នឹង ១៩២ ដើម្បី​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ។ កិច្ច​ព្រមព្រៀង​នេះ​នឹង​កាត់​បន្ថយ​ពន្ធ​គយ​នាំ​ចូល​ស្ទើរតែ​ទាំង​អស់​រវាង​សហភាព​អឺរ៉ុប និង​ប្រទេស​វៀតណាម។

សហភាព​អឺរ៉ុប​កំពុង​ស្វែងរក​ទិសដៅ​សេដ្ឋកិច្ច​ថ្មី នៅ​ចំ​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ជាមួយ​នឹង​ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​របស់​ខ្លួន​ដូចជា​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​អាច​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម និង​ការណ៍​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ងាក​ពី​ការ​ផ្ដោត​លើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​មក​យក​ពន្ធ​គយ​បន្ថែម​លើ​ទំនិញ​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ខែ​នេះ​ជា​ដើម។

ការ​បោះ​ឆ្នោត​អនុម័ត​របស់​សហភាព​អឺរ៉ុប​នេះ​គឺ​ជា​ដំណឹង​ល្អ​សម្រាប់​ប្រទេស​វៀតណាម ដែល​មាន​ការ​ព្រួយ​បារម្ភ​ថា សេដ្ឋកិច្ច​របស់​ខ្លួន​អាច​រង​ការ​ប៉ះពាល់​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ អាមេរិក និង​ចិន និង​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ថ្មី ឬ COVID-19។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប និង​វៀតណាម​នេះ​គឺ​ជា​កិច្ច​ព្រមព្រៀង​ទី​ពីរ​របស់​សហភាព​អឺរ៉ុប​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ បន្ទាប់ពី​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​ប្រទេស​សិង្ហបុរី។

ការ​កាត់​បន្ថយ​ពន្ធ​គយ​ត្រូវ​គេ​រំពឹង​ថា​នឹង​បង្កើន​ការ​នាំ​ចេញ​របស់​វៀតណាម​នូវ​គ្រឿង​សមុទ្រ វាយនភណ្ឌ និង​ផលិតផល​ធ្វើ​ពី​ឈើ​ទៅ​កាន់​សហភាព​អឺរ៉ុប និង​បង្កើន​ការ​នាំ​ចេញ​របស់​សហភាព​អឺរ៉ុប​នូវ​ភេសជ្ជៈ គ្រឿង​ម៉ាស៊ីន និង​ថ្នាំ​ពេទ្យ​ទៅ​កាន់​ប្រទេស​វៀតណាម៕