សហភាព​អឺរ៉ុប​អនុម័ត​កិច្ច​ព្រមព្រៀង​ស្ដី​ពី​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប

អ្នកស្រី​នាយករដ្ឋ​មន្រ្តី​ Theresa May មកដល់​ក្នុង​ទីក្រុង​ប្រ៊ុចសែល​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អឺរ៉ុបកាលពី​ថ្ងៃអាទិត្យ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ ២០១៨។

សហភាព​អឺរ៉ុប​បាន​អនុម័ត​កិច្ច​ព្រមព្រៀង​ស្ដី​ពី​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប។

ប្រធាន​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប​លោក Donald Tusk បាន​សរសេរ​នៅ​លើ Twitter នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា នៅ​ឯ​កិច្ច​ប្រជុំ​មួយ​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​ចំនួន ២៧ របស់​សហភាព​អឺរ៉ុប «បាន​គាំទ្រ​កិច្ច​ព្រមព្រៀង​ចាកចេញ និង​សេចក្ដី​ថ្លែងការណ៍​នយោបាយ​អំពី​អនាគត​នៃ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស»។

កិច្ច​ព្រមព្រៀង​កម្រាស់​ជិត ៦ រយ​ទំព័រ​នេះ​ចែង​ពី​លក្ខខណ្ឌ​នៃ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប និង​កំណត់​នូវ​គម្រោង​មួយ​សម្រាប់​ទំនាក់ទំនង​នៅ​ពេល​អនាគត​រវាង​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស។

ឥឡូវ​នេះ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May ប្រឈម​នឹង​ការណ៍​ដែល​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​ពី​រដ្ឋសភា​របស់​អង់គ្លេស។

កិច្ច​ព្រមព្រៀង​នេះ​អាច​ចូល​ជា​ធរមាន​បាន ដរាប​ណា​រដ្ឋសភា​អង់គ្លេស​អនុម័ត​គាំទ្រ។ បើ​មិន​ដូច្នេះ​ទេ ចក្រភព​អង់គ្លេស​នឹង​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី ២៩ ខែ​មិនា ឆ្នាំ​ក្រោយ​នេះ ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​ដើម្បី​សម្រាល​បញ្ហា​រំខាន​ផ្នែក​សេដ្ឋកិច្ច​នោះ​ឡើយ។

នៅ​ក្នុង​លិខិត​ចំហ​មួយ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​កាសែត​នានា​របស់​អង់គ្លេស​នៅ​ថ្ងៃ​អាទិត្យ​នេះ លោកស្រី Theresa May បាន​អំពាវនាវ​ដោយ​ផ្ទាល់​ដល់​ពលរដ្ឋ​អង់គ្លេស​ឲ្យ​ជួយ​គាំទ្រ​ដល់​កិច្ច​ព្រមព្រៀង​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នេះ ទោះបីជា​គេ​នៅ​មិន​ទាន់​ច្បាស់​ថា​តើ​លោកស្រី​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស​អភិរក្ស​និយម​របស់​លោកស្រី​ផ្ទាល់​ដែរ​ឬ​ក៏​យ៉ាង​ណា​ក៏​ដោយ៕