ពួកមេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមដល់ការបញ្ជូនអាវុធទៅឱ្យកងកម្លាំង Kurde ដែលប្រយុទ្ធប្រឆាំងនឹងពួកអិស្លាមជ្រុលនិយមនាប៉ែកខាងជើងនៃប្រទេសអ៊ីរ៉ាក់។
នៅក្នុងការប្រជុំគ្រាមានអាសន្នមួយក្នុងក្រុងប្រ៊ុចសែលកាលពីថ្ងៃសុក្រ ពួករដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុបមិនបានយល់ស្របគ្នាថារដ្ឋជាសមាជិកទាំងអស់ត្រូវបញ្ជូនអាវុធទេ ក៏ប៉ុន្តែបានស្វាគមន៍ដល់សេចក្តីសម្រេចចិត្តដោយប្រទេសនីមួយៗក្នុងការបញ្ជូនអាវុធ។
ប្រទេសបារាំងបានប្រគល់អាវុធទៅឱ្យពួក Kurdes រួចស្រេចហើយ។ លោក Philip Hammond រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេសបាននិយាយថារដ្ឋាភិបាលក្រុងឡុងដុងក៏ទំនងជានឹងបញ្ជូនអាវុធដែរ។ ចំណែកឯលោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Frank-Walter Steinmeier និយាយថាប្រទេសអាល្លឺម៉ង់នឹងធ្វើ«អ្វីដែលត្រឹមត្រូវតាមច្បាប់និងសមរម្យខាងនយោបាយតាមតែអាចធ្វើទៅបាន»៕