ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​និង​​កាសែត​អន្តរជាតិ​​ផ្តល់​ព័ត៌មាន​ផ្សេង​គ្នា​អំពី​ការ​ត្រៀម​​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«EBA»

រូបឯកសារ​៖ លោក George Edgar ​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ នៅ​ក្នុង​ពិធី​ប្រកាស​ផ្លូវការ​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

ភ្នាក់​ងារ​ព័ត៌មាន​អន្តរជាតិ​ធំ​មួយ​ឈ្មោះ​ ​Bloomberg​ ​ថា​ សហភាព​អឺរ៉ុប​ត្រៀម​​ព្យួរ​កិច្ចអនុគ្រោះ​ពន្ធ​លើ​ការ​​នាំ​ទំនិញ​របស់​កម្ពុជា​ចូល​ទីផ្សារ​សហគមន៍​ដ៏​ធំ​បំផុត​​​មួយ​នេះ​ ដោយ​សារ​តែ​បញ្ហា​សិទ្ធិ​មនុស្ស​ដ៏​ចម្រូង​ចម្រាស។ ​ប៉ុន្តែ​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​មិន​ទាន់​មាន​​ដំណឹង​ជាក់​លាក់​ណា​មួយ​​ទាក់​ទិន​​ការ​​​ផ្តើម​ដកប្រព័ន្ធ​អនុគ្រោះពន្ធ​​ ដែល​ផ្តល់​ឲ្យកម្ពុជា​តាំង​​ពី​ឆ្នាំ​២០០២​មក​នោះ​ទេ។

គ្រា​មានសេចក្តី​រាយការណ៍​ពី​ភ្នាក់​ងារ​ព័ត៌មាន​អន្តរជាតិ​មួយ​ថា​ ​សហភាព​អឺរ៉ុបជិត​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា​ដោយ​សារ​តែ​ការរំលោភបំពាន​សិទ្ធិ​មនុស្ស​ដែល​គេ​ចោទ​ថា​ ​បាន​កើត​មាន​ឡើងនៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ ប្រ​ធាន​បេសកកម្ម​ការ​ទូត​សហភាព​អឺរ៉ុប​នៅ​ប្រ​ទេស​កម្ពុជា​បាន​បញ្ជាក់ប្រាប់​វីអូអេឲ្យដឹង​នៅថ្ងៃ​ពុធ​នេះ​ថា​ ​ការ​កំណត់​ពេល​វេលា​សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជ​កម្មមក​លើ​កម្ពុជា​នេះនៅ​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ។​

សេចក្តី​រាយការណ៍​របស់​ភ្នាក់​ងារ​ព័ត៌មាន​ ​Bloomberg​ ​ដែល​ជា​បណ្តាញ​ព័ត៌មាន​ពាណិជ្ជ​កម្ម​នាំមុខ​គេ​មួយ​ក្នុង​វិស័យ​សារ​ព័ត៌មាន​ បាន​រាយ​ការណ៍ឲ្យដឹង​កាលពី​ថ្ងៃទី​២២​ ខែ​មករា​ថា​ គណៈ​កម្មការ​អឺរ៉ុប​ក្នុង​ទីក្រុង​ ប៊្រុចសែល​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប ផ្តល់​ភ្លើង​ខៀវ​ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី​២៩​ខែ​មករា​ ​ដើម្បី​ព្យួរ​គោល​នយោបាយ​មួយ​ ​ដែល​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា​នាំយករាល់​ទំនិញ​ទាំង​អស់​ដោយ​មិន​ជាប់​ពន្ធគយ​ ទៅលក់ក្នុង​ទីផ្សារ​នៅអឺរ៉ុប​ និងមិន​កំណត់ចំនួន​កូតា​ទៅ​ក្នុង​សហគមន៍​នេះ។ ភ្នាក់​ងារ​ព័ត៌មាន Bloomberg ​បាន​យោង​ទៅ​តាម​មន្ត្រី​ពីររូប​ដែល​ស្និទ្ធ​នឹង​បញ្ហា​នេះ​ ហើយ​ដែល​សុំមិន​បញ្ចេញ​អត្ត​សញ្ញាណ។​

យ៉ាងណាក្តី​ ​លោក George Edgar​ ​ឯកអគ្គរដ្ឋ​ទូត​របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ មិន​អាច​ផ្តល់​ការ​អធិប្បាយ​ភ្លាមៗអំពី​ពេល​វេលា​ដែល​អាច​កំណត់សម្រាប់​ការ​ចាប់​ផ្តើម​ដក​ជា​ផ្លូវ​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​ ​EBA​នេះ​ពី​ប្រទេស​កម្ពុជា​នោះ​ទេ។​

លោក​បាន​បញ្ជាក់​ឲ្យ ​VOA​ដឹង​តាម​សារអេឡិច​ត្រូនិក​ ឬ​ Email ​នៅថ្ងៃ​ពុធនេះ​ថា​មិនមាន​ការ​កំណត់​ពេល​ជាក់​លាក់​សម្រាប់​ការ​ដកកម្ពុជា​ចេញ​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​នេះ​នៅ​ឡើយ​ទេ។​

លោក​បានសរសរ​ជា​ភាសា​អង់​គ្លេស​ ដែល​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសារ​ខ្មែរ​ក្នុង​ន័យ​ដើមថា៖​

«រហូត​មក​ដល់​ពេល​នេះ នីតិវិធី​ផ្លូវ​ការ​សម្រាប់​កម្ពុជា​ មិន​ទាន់​ចាប់​ផ្តើម​នៅ​ឡើយ​ទេ។​

ប្រ​សិន​បើ​នីតិវិធី​ផ្លូវ​ការ​នេះ​ចាប់​ផ្តើម​នោះ​ វា​នឹង​មានពេល​១២​ខែ មុន​មាន​ការ​សម្រេច​ចិត្ត​ដោយគណៈ​កម្មការ​សភាព​អឺរ៉ុប​ថា តើនឹង​ដក​ ឬមិន​ដក​ការ​អនុ​គ្រោះ​ពន្ធ​ ​ទាំង​អស់​ ឬ​ក៏​ផ្នែក​ណាមួយ​នោះ។ ​រាល់​ការ​សម្រេចព្យួរ​ការ​អនុគ្រោះ​នេះ​នឹង​ត្រូវ​គេតាម​ពិនិត្យ​៦​ខែ​បន្ថែម​ទៀត»។

លោក ​ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​ បាន​ប្រាប់​ ​VOA​ ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ​បើ​មើល​ទៅ​លើ​ប្រាក់​ចំណូល​ពលរដ្ឋ​ខ្មែរ​ដែល​បាន​កើន​ឡើង​នោះ គឺ​កម្ពុជា​មិន​អាច​ទទួល​បាន​ការ​គាំទ្រ​ខាង​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ តាម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ នេះ​ បាន​ទាំង​ស្រុង​តទៅ​ទៀត​ទេ។

«លក្ខខណ្ឌ​សំខាន់​បំផុត​ហ្នឹង​គឺ​ការ​ចំណូល​របស់​ប្រជាពលរដ្ឋ​ហ្នឹង​ វា​ផុត​ពី​ខ្សែ​បន្ទាត់​ក្រហម​របស់​គេ​អាហ្នឹង។​ គេ​ទៅ​បាន​ គេ​នឹង​ចាប់​ផ្តើមពិភាក្សា​ ហើយ​ពិនិត្យ​មើល​សារ​ជា​ថ្មី។ ​អានេះ​សារៈសំខាន់។ ​អាហ្នឹង​មិនមែន​ជា​រឿង​នយោបាយ​ ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ហ្នឹង​ទេ​»។

យ៉ាង​ណា​ក្តី​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ​រូប​នេះបាន​បន្ថែម​ថា​ ​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​មាន​អធិបតេយ្យ​ភាព​មួយ​ នៅ​បន្ត​តវ៉ា​ជាមួយ​សហភាព​អឺរ៉ុប​ ពាក់​ព័ន្ធ​នឹង​ចំណែក​នៃ​កញ្ចប់​អនុគ្រោះ​ពន្ធ EBA​ ដែល​សហ​ភាព​អឺរ៉ុប​នឹងបន្ត​ផ្តល់​ឲ្យ​កម្ពុជា​ ឬ​ក៏​កាត់​ចំណែក​ណា​មួយ​នៃ​កញ្ចប់​នេះ​ពី​កម្ពុជា។​

«ប្រទេស​កម្ពុជា​នៅ​តែ​មាន​សិទ្ធិ​ និង​អធិបតេយ្យ​ភាព​របស់​ផងខ្លួន​ ក្នុង​ការ​តវ៉ា​ថា ​តើ​អាការអនុ​គ្រោះ​ពន្ធ​ហ្នឹង។​ តើ​ដកទាំង​អស់?​ ឬ​ដក​នៅ​ក្នុង​ភាគ​ណា​មួយ​ នៃ​ពន្ធ​នេះ​ឯង?​ អានេះ​ជា​សារៈសំខាន់»។​

ផ្ទុយ​ពី​ការ​អធិប្បាយ​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ​ ក្រុម​អ្នក​តំណាង​វិស័យ​ឯកជនចំនួន​៣៩​ស្ថាប័ន ទើបតែ​បាន​បញ្ជូន​លិខិត​មួយ​ជូន​មន្ត្រី​ជាន់​ខ្ពស់​ទទួលបន្ទុកពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ ដោយ​ក្រុម​អ្នក​តំណាង​ទាំងនោះ​បាន​លើក​ឡើង​ពី​«ការ​ខូច​ខាត​ខាង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​មក​លើ​ប្រទេស​កម្ពុជា»​ ​ ​ប្រសិន​បើ​សហ​ភាព​អឺរ៉ុប​ នៅ​នាទីចុង​ក្រោយ ​សម្រេច​ផ្អាក​មិន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ប្រព័ន្ធ​អនុ​គ្រោ​ះពន្ធ​ EBA​នេះ។​

ក្រុម​អ្នកតំណាង​វិស័យ​ឯកជន​ទាំង​៣៩ ក្នុង​នោះ​មាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ដឹក​នាំ​ដោយ​លោក​ គិត​ ម៉េង​ ​ប្រធាន​ក្រុមហ៊ុន Royal Group ​បាន​ស្នើ​ឲ្យ​សហភាព​អឺរ៉ុបកុំ​ធ្វើ​សេចក្តីសម្រេច​ណាមួយ​នាំ​ឲ្យ​កម្ពុជា​បាត់​បង់​ការ​គាំទ្រ​ខាង​ពាណិជ្ជ​កម្ម​របស់​ខ្លួន។​

ពួក​គេ​បាន​សរសេរ​ក្នុង​លិខិតចុះ​ថ្ងៃទី​២១​ខែ​មករា​ឆ្នាំ​២០១៩​ និង​បាន​ផ្ញើ​ជូនអ្នក​ស្រី​ Cecilia Malmstrom​ ​រដ្ឋ​មន្ត្រី​ពាណិជ្ជ​កម្ម​របស់​សហ​ភាព​អឺរ៉ុប​ ដោយ​បាន​ស្នើ​ឡើង​ថា​«ជំនួស​មក​វិញ​ យើង​សុំ​ឲ្យ​គណៈ​កម្មការ​អឺរ៉ុប​ពិនិត្យ​ស្ថាន​ភាព​បច្ចុប្បន្ន​តាម​រយៈ​បរិការណ៍​នៃ​ប្រវត្តិ​សាស្ត្រ​ដ៏​លំបាក​របស់​ប្រទេស​កម្ពុជា»។

លិខិត​របស់​ក្រុម​តំណាង​វិស័យ​ឯក​ជន​ចំនួន​៣៩​ស្ថាប័ន​នោះ​បាន​ធ្វើ​ឡើង​ ក្នុង​ថ្ងៃ​ដែល​អ្នកស្រី​ ​Cecilia Malmstrom​ ​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ ប្រាក់ សុខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បទេស​កម្ពុជា​ នៅ​ក្រៅ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​និង​សហភាព​អឺរ៉ុប ​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ ប៊្រុចសែល​ ​ប្រទេស​ បែលហ្ស៊ិក​កាល​ពី​ថ្ងៃ​ទី​២១​ ​ខែ​មករា​ឆ្នាំ​២០១៩។

ក្រោយ​ជំនួប​នោះ​ អ្នកស្រី​ ​Cecilia Malmstrom ​បាន​សរសេរ​លើ​គណនី​ ​Twitter​ ​របស់​អ្នក​ស្រី​ថា​ សហភាព​អឺរ៉ុប​បន្ត​រក្សា​ច្រក​សន្ទនា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។​

អ្នកស្រី​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ថ្ងៃ​នេះ​ ​យើង​បាន​ជួប​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​ ​លោក​ប្រាក់​ សុខុន។​ យើង​បាន​ពិភាក្សា​កិច្ច​ព្រម​ព្រៀង​ EBA ​និង​លទ្ធភាព​នៃ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ។​ ​យើង​បាន​រំឭកឡើង​វិញ​នូវ​ការ​បារម្ភ​របស់​ពួក​យើង​អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ។​ ​សហភាព​អឺរ៉ុប​បន្ត​រក្សា​ទុក​គន្លង​សន្ទនា​ឲ្យ​នៅ​ចំហ​ដដែល»។​

លោក​ប្រាក់ សុខុន​ក៏​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ក្នុង​ន័យ​ដើម​ថា៖​

«ថ្ងៃ​នេះ​ ​ខ្ញុំ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ស្រី​ Cecilia Malmstrom​ ស្នង​ការ​ពាណិជ្ជ​កម្ម​សហភាព​អឺរ៉ុប​នៅ​ក្រៅ​កិច្ច​ប្រជុំ​លើក​ទី​២២​នៃ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន-សហភាព​អឺរ៉ុប​ នៅ​ទីក្រុង​ប៊្រុចសែល»។

លោកប្រាក់ សុខុន​ ​មិន​បាន​និយាយ​ឲ្យចំ​ប្រធាន​បទ​ការ​ពិភាក្សា​ដែល​ផ្តោត​លើ​កិច្ចព្រម​ព្រៀង​ ​EBA ​ដូច​អ្នកស្រី ​Cecilia Malmstrom​ នោះ​ទេ។​ ​ប្រមុខ​កិច្ច​ការ​បរ​ទេស​កម្ពុជា​រូប​នេះ​ក៏មិន​បាន​ផ្តល់​ការ​អធិប្បាយ​ណាមួយ​អំពី​កិច្ច​ព្រម​ព្រៀង​នេះ​ដែរ។​

ក្នុង​ការ​ឆ្លើយឆ្លង​តាម​សារ​អេឡិចត្រូនិកឬ ​Email​ ​លោកGeorge Edgar​ ​បាន​បញ្ជាក់​ឲ្យដឹង​ជាថ្មីទៀត​ថា៖​

«សហភាពអឺរ៉ុបបាន​សង្កត់​ធ្ងន់​ថា​ ខ្លួន​នឹង​រក្សា​ទុក​ប្រព័ន្ធ​សន្ទនា​ជាមួយ​កម្ពុជា​ឲ្យ​នៅ​ចំហដដែល ហើយ​បើ​សិន​កម្ពុជា​ចាត់​វិធានការ​កែ​សម្រួល​ជា​បន្ទាន់ស្ថាន​ការណ៍​ ដែល​នាំដល់​ការ​ផ្តួចផ្តើម​នៃ​នីតិវិធី​ដកហូត​នេះ​ នោះ​សហភាព​អឺរ៉ុប​នឹង​ពិចារណាឡើង​វិញ​ចំពោះ​លក្ខខណ្ឌ​នានា»។​

សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​ដំណើរ​ការ​ពិនិត្យ​មើល​លទ្ធភាព​ដក​ឋានៈ​អនុ​គ្រោះ​ពន្ធ​ EBA​នេះ​ ​តាំងពីខែ​តុលា​មក​ ​ដោយ​សារតែការដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ក្រោយពី​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែនបាន​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​នយោបាយ​អតីត​គណបក្ស​ប្រឆាំង​ បង្ក្រាប​លើ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ ​និង​អង្គការ​សង្គម​ស៊ីវិល​នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​២០១៨។

សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​ជាង​គេ​បំផុត​របស់​កម្ពុជា​ ហើយការ​អនុ​គ្រោះ​ពន្ធ​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ជិត​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕